ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី កំពុងស្តារប្រឡាយទួលពង្រ២ ប្រវែងជាង៦គីឡូម៉ែត្រ ដើម្បីរំដោះទឹកចេញពីភូមិដ្ឋាន ពលរដ្ឋនៅក្នុងតំបន់ភាគខាងលិចឈៀងខាងត្បូងរាជធានី

172

 

ភ្នំពេញ៖ ដើម្បីរំដោះនូវការលិចលង់ដោយជំនន់ទឹកភ្លៀង នារដូវវស្សានេះ រដ្ឋបាលរាជធានីភ្នំពេញបាននិង កំពុងធ្វើសកម្មភាពស្តារប្រឡាយទួលពង្រ២ ដែលប្រឡាយនេះ មានសារៈសំខាន់ណាស់ ក្នុងការរំដោះទឹកចេញពីលំនៅដ្ឋាន ប្រជាពលរដ្ឋនៅក្នុងតំបន់ភាគខាងលិច ឈៀងខាងត្បូងរាជធានីភ្នំពេញ ការងារស្ដារប្រឡាយនេះ នៅតែធ្វើបន្តបើទៅះបីរាជធានីភ្នំពេញ បាននឹងកំពុងទប់ស្កាត់និងប្រឈមមុខ នឹងការរីករាលដាលនៃជម្ងឺកូវីដ-១៩ក៏ដោយ ។
លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការនិង ដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី០១ខែមិថុនានេះថា ៖អនុវត្តតាមការណែនាំរបស់ លោកឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននឹងកំពុងធ្វើសកម្មភាព ស្ដារប្រឡាយទួលពង្រ២ ដើម្បីបើកមុខទឹកហូរឱ្យបានលឿន ក្នុងការរំដោះទឹកចេញ ពីលំនៅដ្ឋានប្រជាពលរដ្ឋនៅរដូវវស្សានេះ ។
លោកដួង ចាន់សារ៉ាត់បានបញ្ជាក់ថា ៖ប្រឡាយនេះមានបណ្ដោយ៦១០០ម៉ែត្រ ចាប់ផ្តើមចេញ ពីផ្លូវជាតិលេខ៣ ឆ្លងកាត់សង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ ក្នុងខណ្ឌពោធិសែនជ័យនិង ឆ្លងទៅសង្កាត់ព្រៃស ទម្លាក់ទៅស្ពានព្រែកហា ដែលមានទទឹងទំហំ១០ម៉ែត្រទៅ១៥ម៉ែត្រ ដោយកន្លែង ។ ការដ្ឋាននេះបានដំណើរការ សកម្មភាពរបស់ខ្លួនកាលពីថ្ងៃទី៣១ខែឧសភា ម្សិលមិញ ហើយគម្រោងនេះនឹងបញ្ចប់ នៅក្នុងខែ សីហា ឆ្នាំ២០២១ខាងមុខនេះ។
លោកបានបញ្ជាក់បន្ថែមទៀតថា ៖ប្រឡាយនេះ មានសារៈសំខាន់ណាស់ ក្នុងការរំដោះទឹក កាត់បន្ថយបាននូវការលិចលង់ លំនៅដ្ឋានប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងមួយផ្នែកខ្លះនៃខណ្ឌដង្កោ ពោលគឺអាចរំដោះទឹកបាន នៅភាគខាងលិចឈៀង ខាងត្បូងរាជធានីភ្នំពេញ ខណៈដែលតំបន់ទាំងនេះបានទទួលរងនូវ ការលិចលង់ដោយ ទឹកជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ កាលពីឆ្នាំ២០២០ ដោយហេតុនេះហើយ ទើបលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អនុវត្តការងារនេះជាបន្ទាន់ ដើម្បីរំដោះទឹកបាននារដូវវស្សានេះ បើទោះបីរាជធានីភ្នំពេញបាន នឹងកំពុងប្រឈមមុខនឹង ការរីករាលដាលជម្ងឺកូវីដ-១៩ក៏ដោយ ពោលគឺដៃម្ខាងធ្វើការ អភិវឌ្ឍនិងដៃម្ខាងទៀត បង្ការនិងទប់ស្កាត់ជម្ងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង