ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានសាងសង់សម្រេច ៦០%ហើយ

114

 

ព្រះសីហនុ ៖ គិតត្រឹមខែឧសភា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានសាងសង់សម្រេច ៦០%ហើយ។ ក្រោយពេលសាងសង់រួចរាល់ គម្រោងនេះនឹងជាផ្នែកមួយដ៏សំខាន់ក្នុងការជួយលើកស្ទួយដល់សេដ្ឋកិច្ច ប្រទេសកម្ពុជា។ នេះបើតាមប្រភពពីផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ។

តាមរបាយការណ៍របស់​ក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវល្បឿនលឿននេះ ឱ្យដឹងថា ការស្ថាបនាផ្លូវ​ក្រាលបេតុងលើខ្សែផ្លូវទាំងមូល បាន​ចាប់ផ្តើម​ជាផ្លូវការ​ហើយ ខណៈស្ពាន​អាកាស​ផ្លាស់ប្តូរទិសទីមួយ នៃការិយាល័យគ្រប់គ្រងគម្រោងទី៣ នៃគម្រោងផ្លូវនេះ​បានបញ្ចប់ការដំឡើងរួចរាល់​ជាស្ថាពរ។ ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មាន​ប្រវែង​សរុប​ជាង ១៩០​គីឡូម៉ែត្រ ដោយ​តភ្ជាប់​ពី​ភូមិទី១ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ដល់ភូមិ​ទី១ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ពោលគឺ​ឆ្លងកាត់​រាជធានី​ភ្នំពេញ (ប្រវែង ៨,៣០គ.ម) ខេត្ត​កណ្តាល (ប្រវែង ៩,១០គ.ម) ខេត្ត​កំពង់ស្ពឺ (ប្រវែង ៨០,៨០គ.ម) ខេត្ត​កោះកុង (ប្រវែង ១,៩២គ.ម) និង​ខេត្ត​ព្រះសីហនុ (ប្រវែង ៨៩,៨៩គ.ម)។ ផ្លូវនេះ​មាន​ទទឹង​តួ​សរុប ២៤,៥​ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់ ១០​សង់ទីម៉ែត្រ ចែក​ជា ៤​គន្លង (២គន្លងទៅ ២គន្លង​មក) ហើយ​គន្លងនីមួយៗ​មានទទឹង ៣,៧៥​ម៉ែត្រ ដែល​អនុញ្ញាត​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ​អាច​បើកបរ​ក្នុង​ល្បឿន​រហូត​ដល់ ១០០គ.ម ទៅ ១២០គ.ម ក្នុង​មួយម៉ោង។

ជាប្រវត្តិសាស្រ្តលើកទី១របស់កម្ពុជា ដែលបាននិងកំពុងសាងសង់ផ្តើមស្ថាបនាល្បឿនលឿនភ្នំពេញ ភ្ជាប់ទៅកាន់ក្រុងព្រះសីហនុ ដែលជាផ្លូវដ៏សំខាន់ក្នុងការសម្រួលការដឹកជញ្ជូន និងសមាហរណកម្មផ្ទៃក្នុងកម្ពុជា។ តើអ្វីជាគោលដៅនៃការសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា យោងតាមឯកសាររបស់ក្រសួងសាធារណការ និងដឹក្ជញ្ជូនបានឲ្យដឹងថា គោលបំណងនៃគម្រោងសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជាគឺដើម្បី ទី១ សមាហរណកម្មក្នុងតំបន់ (ទាំងក្នុងអាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ) ក៏ដូចជាពិភពលោក​ទាំង​មូល​។
ជួយតភា្ជប់បណ្តាញដឹកជញ្ជូនក្នុងតំបន់ពីប្រទេសមួយទៅប្រទេសមួយទៀត ដើម្បីលើកកម្ពស់​សមត្ថ​ភាព​ដឹកជញ្ជូ​នកម្ពុជាឲ្យសមស្រប ទៅតាមការអភិវឌ្ឍបែបសាកលភាវូបនីយកម្ម។ ទី២ បង្កើនតុល្យភាពនៃការអភិវឌ្ឍដែនដី ដោយផ្សារភ្ជាប់រាជធានីភ្នំពេញជាមួយនឹងទីរួមខេត្តនានា និងជា​មា​គ៌ា​​ឆ្ពោះ​ទៅ​កាន់​​ពិភ​ពលោក ៖ បង្កើនសមត្ថភាពដឹកជញ្ជូននិងលើកកម្ពស់ប្រសិទ្ធភាព​ផ្នែក​ភស្តុ​ភា​រ​​នៅក្នុង​ប្រទេសពិសេស ​ពីភ្នំពេញ​ទៅ​បណ្តាខេត្តនានា ដើម្បីធ្វើឲ្យនៅតាមខេត្តមានភាពរីកចម្រើនបានឆាប់រហ័ស​។ ទី៣ ពង្រឹងនិងកែលម្អស្ថានភាពចរាចរណ៍នៅកម្ពុជាៈ ផ្លូវល្បឿនលឿនមានសមត្ថភាពខ្ពស់ ក្នុង​ការទទួល​បន្ទុ​ក​​យានយន្ត​ធ្ងន់ៗ បម្រើសេវាកម្មបានល្អនិងអាចទាក់ទាញយានយន្តនានា ដែលចរាចរតាមផ្លូវជាតិ។
កត្តានេះនឹងជួយសម្រាលការខូចខាត ហើយកាត់បន្ថយស្ថានភាពមមាញឹកនៅតាមផ្លូវជាតិទៀតផង។ គម្រោងផ្លូវល្បឿនលឿនអាទិភាពសម្រាប់កម្ពុជា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ(Phnom Penh-Sihanoukville Expressway)ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ជាខ្សែផ្លូវថ្មីទាំង​ស្រុង ដែលមានប្រវែងសរុបប្រហែល ១៩០,៦៣៣ គ.ម​​។​ ផ្លូវនេះត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ​២៤ម៉ែត្រ ក្រាល AC មានសួនច្បារខណ្ឌកណ្តាល ចេញ​ពី​ភ្នំពេញ​​​នៅចំណុច​ផ្លូវ​ខ្សែក្រវ៉ាត់ក្រុងទី៣ មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មក​ផ្លូវ​ជាតិ​លេខ​៤ ចំនួន ៧​កន្លែង មាន​ស្ពាន​វែង-មធ្យម ៥៦កន្លែង ប្រវែង ៤.៤១៧ម៉ែត្រ ស្ពានខ្លី​ ៣៣​កន្លែង ប្រវែង ៧៥០ម៉ែត្រ ស្ពាន​រំលង ៣២១កន្លែង កន្លែង​ឈប់សម្រាក ៣កន្លែង និងហេដ្ឋារ​ចនា​សម្ព័ន្ធសំណង់​សេវា​គាំទ្រ​ជាច្រើន​ទៀត​។ ការវិនិយោគលើ គម្រោងផ្លូវល្បឿនលឿននេះ ត្រូវអនុវត្តតាមទម្រង់សាងសង់-ប្រតិបត្តិ-ផ្ទេរ (BOT) ដោយប្រើប្រាស់រយៈពេល សាងសង់ចំនួន៤៨ខែ។ គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿនរាជធានី​ភ្នំពេញ -ខេត្ត​​ព្រះសីហនុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សម្បទានកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកលី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ ប្រជាមានិតចិន។

គម្រោង​នេះ​វិនិយោគ​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់ចិន (CRBC) តាមរយៈ​ក្រុមហ៊ុន​ខេមបូឌាន ភីភីអេសអេចវី អិចប្រេសវ៉េ (Cambodian PPSHV Expressway Co., Ltd ) ត្រួត​ពិនិត្យ និងផ្តល់​ការ​ប្រឹក្សា​បច្ចេកទេស​សាងសង់​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស Minconsult SDN BHD ដោយ​ប្រើប្រាស់​ថវិកា​វិនិយោគ​ប្រមាណ​ជិត ២ពាន់​លានដុល្លារ​អាមេរិក និង​ប្រើប្រាស់​ថវិកា​បដិភាគ​ ដែលជា​ហិរញ្ញប្បទាន​ឥតសំណង​ពិសេស​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រមាណ ១៥០លាន​ដុល្លារ​អាមេរិក ដែលត្រូវ​ប្រើ​រយៈពេល​សាងសង់​ចំនួន ៤៨​ខែ ដោយគិត​ចាប់ផ្តើមពី​ខែមីនា ឆ្នាំ​២០១៩ និង​បញ្ចប់​នៅខែ​មីនា ឆ្នាំ​២០២៣៕

អត្ថបទដែលជាប់ទាក់ទង