ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា ទទួលចំណូលជាង១៦៦លានដុល្លារ ពីការនាំចេញអង្ករជាង២៣ម៉ឺនតោន ក្នុងរយៈ ពេល ៥ខែឆ្នាំ២០២១

76

ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា កម្ពុជា ទទួលចំណូលជាង១៦៦.៨១លានដុល្លារ ពីការនាំចេញអង្ករជាង២៣៣០៣១ តោន ទៅកាន់ទីផ្សារអន្តរជាតិចំនួន ៤៧ ប្រទេស ក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២១ នេះ។ នៅក្នុង សេចក្ដីជូនដំណឹងសហព័ន្ធស្រូវអង្ករ បានបញ្ជាក់បន្ថែមថា បរិមាណអង្ករសរុបជាង ១២ម៉ឺនតោន ឬជិត៥២% ត្រូវបាននាំទៅកាន់ប្រទេសចិនរួមទាំង ហុងកុង និងម៉ាកាវ ដែលគិតជាទឹកប្រាក់ចំនួន៧៧.៥២លានដុល្លារផងដែរ។ បន្ថែមពីនេះ សហព័ន្ធស្រូវអង្ករ បានបន្តថា៖ ចំពោះវិបត្តិជំងឺកូវីដ-១៩
ដែលប៉ះពាល់ដល់ចរន្តនៃលំហូរពាណិជ្ជកម្ម និងវិស័យផ្សេងដែលគាំទ្រ ដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិជាអាទ៍ កង្វះកុងតឺន័រ និងការឡើងថ្លៃដឹកជញ្ជូនផ្លូវឆ្ងាយតាមសមុទ្រ ជាពិសេសទៅសហគមន៍អឺរ៉ុប បានធ្វើឲ្យបរិមាណនៃការនាំអង្ករចេញ ជារួមបានធ្លាក់ ចុះជាង៣៤% ហើយទីផ្សារដែលប៉ះពាល់ធំជាងគេ គឺទីផ្សារសហគមន៍អ៊ឺរ៉ុបដែលធ្លាប់កាន់ចំណែកនៃការនាំចេញសរុបជាង៣៤% ប្រហែលគ្នាទៅនឹងទីផ្សារចិន ដែលមានចំនួន ៣៨% នៅក្នុងរយៈពេល៥ខែដូចគ្នា នៅក្នុងឆ្នាំ២០២០។
សូមបញ្ជាក់ថា៖ បើគិតជាបរិមាណគឺប្រមាណជាង១២ម៉ឺនតោននៅក្នុងរយៈពេល ៥ខែ នៃឆ្នាំ២០២០ មកត្រឹមជិត៦ម៉ឺនតោន ឬជាង ២៥% នៃការនាំចេញសរុបក្នុង៥ខែ ឆ្នាំ២០២១។ ក្រៅពីនេះការនាំចេញទៅប្រទេសផ្សេងៗដូចជាសហរដ្ឋអាមេរិក ក៏បានធ្លាក់ចុះពីជាង ២០០០តោន មកត្រឹមជាង ២០០តោនផងដែរ។ ប្រសិនបើក្រឡេកមក លើតម្លៃនៃការដឹកជញ្ជូន នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២០ តម្លៃសម្រាប់កុងតែន័រ ២០ហ្វីត ពីតំបន់អាស៊ីអាគ្នេយ៍ ទៅសហគមន៍អ៊ឺរ៉ុប មិនលើសពី១៥០០ដុល្លារសហរដ្ឋអាមេរិកនោះទេ តែនៅក្នុងត្រីមាសទី១ឆ្នាំ២០២១បានកើន ឡើងរហូតដល់ជិត៨០០០ដុល្លារ/TEU ក្នុងមួយកុងតែន័រ ២០ហ្វីត។ តម្លៃនៃការដឹក ជញ្ជូនទៅកាន់សហរដ្ឋអាមេរិក បានកើនពីជាង ២៥០០ ដុល្លារទៅ ១៤ ០០០ដុល្លារ/FEU ក្នុងមួយកុងតែន័រ ៤០ហ្វីត ហើយនឹងបន្តកើនឡើងនៅក្នុងខែមិថុនាខាងមុខនេះទៀត។
ជាក់ស្ដែង កម្ពុជាសម្រាប់ខែឧសភា ឆ្នាំ២០២១ នេះ បាននាំចេញអង្ករចំនួន៤០ ៥៣៦តោន ទទួលបានទឹកប្រាក់ ២៦.៧១លានដុល្លារសហរដ្ឋអាមេរិក ហើយទីផ្សារដែលធំជាងគេ គឺ ប្រទេសចិន ៤០%, ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន៣០%, ទីផ្សារក្នុងអាស៊ានជិត១២%, និង ទីផ្សារបណ្តាប្រទេសផ្សេងៗមានជិត ១៨%។ ដោយ ឡែក ចំពោះ ប្រភេទអង្ករនាំចេញ ក្នុងខែឧសភានេះមានដូចជា៖ អង្ករក្រអូបបាន នាំចេញ ៧៤%, ចំពោះអង្ករសគ្រាប់វែងវិញបាននាំចេញ ២១%, អង្ករចំហុយ ៣%, និងចុងក្រោយ ២% គឺអង្ករសរីរាង្គ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង