លោក ថោង ខុន និងមន្ដ្រីជាន់ខ្ពស់ចិន ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈការបំពាក់កៅអីបាន ៨០% ហើយ
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្ដរក្រសួងត្រួតពិនិត្យបច្ចេកទេស នៃការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ លោកបានដឹកនាំប្រតិភូមួយក្រុម ជួបប្រជុំជាមួយលោក វ៉ូ គួឈ័ន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំនៅកម្ពុជា ដើម្បីស្ដាប់សេចក្ដីរាយការណ៍អំពីវឌ្ឍនភាព នៃការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលគ្រោងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗ ស្របពេលការបំពាក់កៅអីសម្រេចបាន ៨០% ហើយ។
ក្នុងកិច្ចប្រជុំពិសេសនេះ លោក ថោង ខុន បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាក្រុមហ៊ុនសាងសង់ដែលធ្វើឲ្យវឌ្ឍនភាព នៃការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ក្លាយជានិមិត្តរូបនៃមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែងនេះ បានលេចចេញជារូបរាងឡើងជាស្ថាពរពេលនេះ។ ក្នុងនោះដែរ លោករដ្ឋមន្ដ្រីក៏បានរំឮកអំពីចំណងមិត្តភាពជោគវាសនាតែមួយដ៏រឹងមាំ រវាងកម្ពុជា និងចិន ដែលបានផ្ដល់នូវនិមិត្តរូបដ៏ឧដុង្គឧត្តម នៃសំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យនេះផងដែរ។
ជាមួយគ្នានោះ លោក វ៉ូ គួឈ័ន បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ និងការខ្វល់ខ្វាយរបស់ភាគីកម្ពុជា ពិសេសលោក ថោង ខុន ដែលបានយកចិត្តទុកដាក់ លើកទឹកចិត្ត និងតាមដានយ៉ាងជាប់លាប់ក្នុងដំណើរការសាងសង់នេះធ្វើឲ្យមិត្តភាព និងរបៀបវារៈ នៃនយោបាយប្រទេសទាំងពីរ តាមរយៈការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោនេះ កាន់តែមានភាពរឹងមាំបន្ថែមទៀត។ លើសពីនេះ លោកបានអរគុណចំពោះការផ្ដល់ភាពកក់ក្ដៅដល់កម្មករ វិស្វករជំនាញ ទាំងចិន និងកម្ពុជា ក្នុងការសាងសង់នេះ។
ដោយឡែកពាក់ព័ន្ធវឌ្ឍនភាពនៃការសាងសង់ ត្រូវបានក្រុមហ៊ុនសាងសង់ចិនបញ្ជាក់ក្នុងរបាយការណ៍ថា សំណង់កីឡដ្ឋានធំទាំងអស់ នៃពហុកីឡដ្ឋានជាតិមរតកតេជោបានរួចរាល់អស់ហើយ។ ចំណែកការបំពាក់កៅអីអង្គុយសរុប ៦ម៉ឺនកៅអី ក៏សម្រេចបាន ៨០% ដែរ ហើយនៅសល់ ២០% ទៀត នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗ។ រីឯស្មៅវិញបានលូតលាស់ល្អ និងមានគុណភាពខ្ពស់តាមការចង់បាន ពោលគឺជាទីលានបាល់ទាត់ស្មៅធម្មជាតិស្ដង់ដារអន្ដរជាតិ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបន្ថែមថា ចំពោះការងារសេសសល់ផ្សេងទៀតនៃការសាងសង់ ត្រូវបានភាគីទាំងពីរលើកមកជជែកក្នុងកិច្ចប្រជុំនេះ ពិសេសការសាងសង់ផ្ទាំងនិមិត្តរូបសំណង់នៃកីឡដ្ឋានធំ ដែលជាជំនួសឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ដូចជាការធ្វើស្លាកសញ្ញានៃការថ្លែងអំណរគុណ ស្លាកសញ្ញាចំណងមិត្តភាព ស្លាកសញ្ញា នៃប្រវត្តិ និងដំណើរការសាងសង់ ក៏ដូចជាស្លាកសញ្ញា និងជានិមិត្តរូបផ្សេងទៀតដែលភាគីទាំងពីរបានឯកភាពគ្នានឹងធ្វើក្នុងពេលឆាប់ៗ។
ចុងក្រោយលោក វ៉ូ គួឈ័ន ក៏បានសន្យាបន្ដជួយថែទាំ ក៏ដូចជាបណ្ដុះបណ្ដាលដល់កម្មករជំនាញ មន្ដ្រី និងបុគ្គលិកគ្រប់គ្រងពហុកីឡដ្ឋានជាតិបន្ដទៀត តាមការសំណូមពររបស់លោក ថោង ខុន ពោលគឺភាគីចិន បានឯកភាពទាំងស្រុងក្នុងការផ្ទេរចំណេះដឹង និងការជួយថែទាំ រហូតដល់កម្ពុជាម្ចាស់ការក្នុងការថែទាំពហុកីឡដ្ឋានជាតិនេះ ព្រោះនេះគឺជាការថែទាំមួយដ៏ធំ ត្រូវមានជំនាញក្នុងការថែទាំ ហើយលោករដ្ឋមន្ដ្រី ថោង ខុន ក៏បានថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងអបអរសាទរចំពោះសមិទ្ធផលនេះផងដែរ។
សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងចំណាយថវិកាសាងសង់ចន្លោះពី ១០០លាន ទៅ២០០លានដុល្លារអាមេរិក ដែលថវិកាមួយភាគធំ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។
ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់ព្រែកតាមាក់ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ពហុកីឡដ្ឋាននេះមានចម្ងាយ ១២គីឡូម៉ែត្រ ពីវត្តភ្នំ សាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា។ ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសាងសង់ឡើងដោយឈរលើទស្សនទានបៃតង «Green Sport» ដោយមានសំណង់អគារតែ ៣០ភាគរយប៉ុណ្ណោះ ហើយ ៧០ភាគរយជាតំបន់បៃតងមានដូចជាដើមឈើ ស្មៅ និងទឹក… ហើយក៏មានការកាត់បន្ថយប្រើប្រាស់ថាមពលអគ្គិសនី ដោយប្រើប្រាស់បច្ចេកទេសរចនាប្លង់ ដែលមានខ្យល់ចេញចូល និងពន្លឺព្រះអាទិត្យចេញចូលគ្រប់កន្លែង។
ពហុកីឡដ្ឋានធំនេះ ក៏មានសណ្ឋាគារចំនួន ៣៤បន្ទប់, ហាងលក់ទំនិញសម្លៀកបំពាក់កីឡា ឧបករណ៍ សម្ភារៈកីឡាគ្រប់ប្រភេទ និងផលិតផលផ្សេងៗ, មានបំពាក់កន្លែងកម្សាន្តរបស់កុមារ, មានសាលហាត់កីឡាមួយចំនួនក្រោមអគារធំ ហើយលក្ខណៈពិសេសនោះរបស់កីឡដ្ឋានធំនេះ គឺមានច្រកសុវត្ថិភាពច្រើន ដែលអាចរំដោះមនុស្ស ៦ម៉ឺននាក់ក្នុងរយៈតែ ៧នាទីប៉ុណ្ណោះ។
ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាពហុកីឡដ្ឋានជាតិ ដ៏ទំនើបមួយរបស់កម្ពុជា ដែលសាងសង់ឡើង ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣៕