រន្ទះបាញ់បណ្តាលឲ្យស្លាប់មនុស្ស០២នាក់ និង០២នាក់ទៀតរងរបួសស្រាល នៅស្រុកក្រគរ
ពោធិ៍សាត់៖ ករណីគ្រោះថ្នាក់ធម្មជាតិរន្ទះបាញ់ បណ្តាលឲ្យស្លាប់មនុស្ស២ នាក់ និង២ទៀតរងរបួសស្រាល
កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៤និង០០នាទីល្ងាច នៅចំណុចត្រពាំងឃ្លៃ ស្ថិតនៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរ បានឲ្យដឹងថា ជនរងគ្រោះទាំង៤នាក់ ៖ ១-ឈ្មោះ ឃា សាមឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ស្លាប់នៅកន្លែងកើតហេតុ)។ ២-ឈ្មោះ ពេច ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរខេត្តពោធិ៍សាត់ (ស្លាប់នៅកន្លែងកើតហេតុ)។ ៣-ឈ្មោះ ខន សុខឃីម ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (រងរបួសស្រាល) ត្រូវបានគេបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ។ ៤-ឈ្មោះ ប៉ាន កាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (រងរបួសស្រាល) ត្រូវបានគេបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ។
ប្រភពដដែលបានបន្តថា ករណីគ្រោះធម្មជាតិរន្ទះបាញ់ជនរងគ្រោះទាំង៤នាក់នេះ បណ្តាលមកពីពួកគេនាំគ្នា កំពុងធ្វើរោងចាំស្រែ នៅចំណុចកើតហេតុខាងលើ នៅខណ:ពេលមេឃស្រទំ មានភ្លៀងរលឹមស្រិចៗ មានផ្គរនិងរន្ទះបាញ់ បណ្តាលឲ្យស្លាប់មនុស្ស២នាក់ នៅកន្លែងកើតហេតុ និងរងរបួសស្រាល២នាក់។ ចំពោះសាកសពជនរងគ្រោះទាំង២នាក់ សមត្ថកិច្ចបានប្រគល់ ទៅឲ្យក្រុមគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណី៕