រថយន្ដគិលានសង្រ្គោះចំនួន៣០គ្រឿង ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាល
ភ្នំពេញ៖ រថយន្តគិលានសង្គ្រោះចំនួន ៣០គ្រឿង ក្នុងចំណោម១០០គ្រឿង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ក្រោមគម្រោងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ជប៉ុន ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាលហើយ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ។
ពិធីប្រគល់ និងទទួលរថយន្ដគិលានសង្គ្រោះចំនួន៣០គ្រឿងបន្ថែមទៀត បានធ្វើឡើងក្រោមអធិបតីភាព រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រួមជាមួយលោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា។
លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ជប៉ុនជាប្រទេសមួយ ដែលបានផ្ដល់ជំនួយច្រើនជាងគេ ក្នុងចំណោមដៃគូទាំងអស់ ទាំងជំនួយបច្ចេកទេស ទាំងថវិកា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងធមធានមនុស្ស។
រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានគូសរម្លឹកថា ចាប់ពីការរាតត្បាតនៃជំងឺកូវីដ១៩ ជប៉ុនបាននឹងកំពុងផ្ដល់ជំនួយជាច្រើនរួមមាន៖
១៖ ជំនួយបឋមខែកុម្ភៈ ឆ្នាំ២០២០ រួមមាន៖ កញ្ចប់តេស្ដរហ័សចំនួន ១,០០០, សម្លៀកបំពាក់សុវត្ថិភាពសម្រាប់មន្ដ្រីសុខាភិបាល ចំនួន១ម៉ឺនកំផ្លេ, កញ្ចប់ឧបករណ៍ពិសោធន៍ចំនួន ១ពាន់កញ្ចប់ និងម៉ាស។
២៖ តាមរយៈកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយឥតសំណង ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សរុបថវិកា ចំនួន ២ពាន់លានយេន ប្រមាណជា ១៨.លានដុល្លារអាមេរិក ដែលអនុវត្ដដោយ Japan International Cooperation System (JICS) រួមមាន៖ រថយន្ដគិលានសង្គ្រោះចំនួន ១០០គ្រឿង, Ultrasound Scanner ចំនួន១គ្រឿង, Thermographic Camera ចំនួន ១០គ្រឿង, Portable X-Ray ចំនួន ១០គ្រឿង, Mobile Ultrasound Scanner ចំនួន២៥គ្រឿង, Oxyen Conentrator ចំនួន១០០គ្រឿង, ឧបករណ៍វ៉ាស់សម្ពាធឈាម ចំនួន ១០០គ្រឿង, ម៉ាស៊ីនភ្លើងចំនួន ១០០គ្រឿង, គ្រែសម្រាប់ផ្នែក ICU ចំនួន ១០០គ្រែ, ការពង្រីកផ្នែកសង្គ្រោះបន្ទាន់សម្រាប់ជំងឺកូវីដ១៩ រួមទាំងការបំពាក់ឧបករណ៍វេជ្ជសាស្ដ្រ ទៅក្នុងគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប។
៣៖ រដ្ឋាភិបាលជប៉ុន ផ្ដល់ជំនួយឥតសំណងជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈកម្មវិធីជំនួយបន្ទាន់នូវថវិកាចំនួន ៦.៣លានដុល្លារអាមេរិក ដែលនឹងអនុវត្ដដោយ UNOPS ដែលបាននឹងកំពុងរៀបចំគម្រោងអនុវត្ដ។
រដ្ឋមន្ដ្រីសុខាភិបាលបានរំលេចថា «ថ្ងៃនេះក្រសួងសុខាភិបាល បានទទួលរថយន្ដគិលានសង្រ្គោះចំនួន៣០គ្រឿង (សរុប៧០គ្រឿង) នៃរថយន្ដគិលានសង្រ្គោះទាំងអស់ចំនួន ១០០គ្រឿង ដែលភាគីជប៉ុនគ្រោង នឹងផ្ដល់ឱ្យហើយរថយន្ដគិលានសង្គ្រោះទាំង៣០គ្រឿង បានបែងចែកទៅអង្គភាពប្រតិបត្ដិនៅថ្នាក់កណ្ដាល និងមន្ទីរសុខាភិបាលដែលមានហានិភ័យខ្ពស់ នៃការរាតត្បាតជំងឺកូវីដ១៩។ ចំណែករថយន្ដគិលានសង្គ្រោះ ដែលនៅសល់៣០គ្រឿងទៀត នឹងមកដល់នៅពេលឆាប់ៗខាងមុខ ហើយក្រសួងនឹងបែងចែកទៅឱ្យអង្គភាពប្រតិបត្ដិ និងមន្ទីរសុខាភិបាលទៀត»។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាពិសេស លោក MIKAMI Masahiro ដែលតែងតែសម្របសម្រួលក្នុងការផ្ដល់ជំនួយជូនរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសវិស័យសុខាភិបាល ហើយសង្ឃឹមថា នឹងមានគម្រោងថ្មីៗជាបន្ដទៀត៕