ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូអញ្ជើញ ចូលរួមកិច្ចប្រជុំពិសេស រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង លើកទី៦

45

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានស្តីពី ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំពិសេស រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង លើកទី៦ ដែលនឹងប្រព្រឹត្តនៅ ថ្ងៃទី០៧ និងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងឆុងឈីង ប្រទេសចិន។

តបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាង យី ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ ប្រជាមានិតចិន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេស អាស៊ាន-ចិន និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង (MLC) លើកទី៦ ដែលនឹងប្រព្រឹត្តនៅ ថ្ងៃទី៧ និងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន។

កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន -ចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧ ខែមិថុនា គឺជា ផ្នែកមួយនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០នៃទំនាក់ទំនងសន្ទនាអាស៊ាន-ចិន។ នៅក្នុងជំនួបដើម្បី អបអរសាទរនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិន ត្រូវបានរំពឹងថានឹងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការជាក់លាក់នៅក្នុងវិស័យផ្សេងៗ ក៏ដូចជាធ្វើការពិភាក្សាអំពីការលើកកម្ពស់បន្ថែម ទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន ក្នុងបរិបទបច្ចុប្បន្ននៃជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាប្រឈម នានាដែលកំពុងកើតមានឡើង។ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិន ក៏នឹងផ្លាស់ប្ដូរយោបល់គា្នលើបញ្ចូ តំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍រួម ផងដែរ។

ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងលើកទី៦ នៅថ្ងៃទី៨ ខែមិថុនា រដ្ឋមន្ត្រី ការបរទេស MLC នឹងធ្វើការវាយតម្លៃទៅលើវឌ្ឍនភាពដែលសម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លងមកន កិច្ចសហប្រតិបត្តិការ កំណត់ទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការដែលកាន់តែទូលំទូលាយ ជាពិសេស ក្នុងកាលៈទេសៈនៃជំងឺរាតត្បាតកូវីដ-១៩ ហើយនិងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាព និងការគាំទ្រគ្នាទៅវិញទៅមករវាងបណ្ដាប្រទេសមេគង្គ និងប្រទេសចិន ស្ថិតក្រោមស្មារតីលើកកម្ពស់ ការអភិវឌ្ឍប្រកបដោយចីរភាព និងការតភ្ជាប់ផ្នែកសង្គម និងវប្បធម៌ នៅក្នុងតំបន់មេគង្គ-ឡានឆាង។

ស្របគ្នាជាមួយកិច្ចប្រជុំទាំងពីរខាងលើ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញ បំពេញទស្សនកិច្ចការងារនៅក្នុងប្រទេសចិន ដែលក្នុងឱកាសនោះ ឯកឧត្តម នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តមក្រុមប្រឹក្សារដ្ឋ វ៉ាង យី ហើយនៅចុងបញ្ចប់នៃជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ និង អញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២ មានដូចខាងក្រោម៖

១. អនុស្សារណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ ព័ត៌មាន និង បច្ចេកវិទ្យាទំនាក់ទំនង រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន ។

២. គម្រោងកម្មវិធីស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា និងក្រសួងវប្បធម៌ចិន ។

ក្នុងឱកាសនៃការស្នាក់នៅទីក្រុងឆុងឈីង ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គ្រោងនឹងមាន ជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសមួយចំនួនដោយផ្ទាល់ ដើម្បីពង្រឹងបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគី ៕

អត្ថបទដែលជាប់ទាក់ទង