រដ្ឋបាលខេត្ដ អនុវត្ដវិធានការ អប់រំផ្សព្វផ្សាយ និងវិធានការរដ្ឋបាល គឺសម្រាប់សុវត្ថិភាព សុខមាលភាពប្រជាពលរដ្ឋ
ព្រះសីហនុ៖ ដើម្បីគ្រប់គ្រងកាត់ផ្ដាច់ប្រភព និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ថែរក្សាសុវត្ថិភាពសុខមាល ភាពជូនប្រជាពលរដ្ឋ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រះសីហនុ បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ចុះបង្រ្កាបការជួបជុំគ្នាលេងល្បែងស៉ីសង (បៀ) បីវង់ ដែលស្ថិតក្នុងតំបន់ ទំនប់រលក (តំបន់លឿង) សង្កាត់លេខ១ ក្រុង-ខេត្ដព្រះសីហនុ ដោយបានឃាត់ខ្លួនអ្នកលេងល្បែងទាំងនោះ បញ្ជូនមក ទីបញ្ជាការស្រាល ដើម្បីអនុវត្តតាមនីតិវិធី នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១។
អ្នកនាំពាក្យសាលាខេត្ដព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់ឱ្យដឹងថា កន្លងមកការឆ្លងជំងឺកូវីដ-១៩ នៅតំបន់ទំនប់រលក សង្កាត់លេខ១ ក្រុង-ខេត្ដព្រះសីហនុ មានការកើនឡើងគួរឱ្យកត់សម្គាល់ និងឈានទៅដល់ការបិទខ្ទប់តំបន់នេះទាំងស្រុង ដោយសារប្រជាពលរដ្ឋមួយចំនួន មិនចូលរួមអនុវត្តតាមគោលការណែនាំរបស់រដ្ឋបាលខេត្ត ក៏ដូចជាក្រសួងសុខាភិបាល ហើយនៅតែបន្តការជួបជុំគ្នាលេងល្បែងស៊ីសង ជួបជុំគ្នាហូបចុកគ្រឿងស្រវឹង មិនពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព ។ល។ វិធានការនេះ នឹងធ្វើឡើងជាបន្តបន្ទាប់ ដើម្បីឈានទៅកាត់ផ្តាច់ការចម្លងមេរោគកូវីដ-១៩ ឱ្យបានទាំងស្រុង។ ការអនុវត្ដ តាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល គឺត្រូវបានធ្វើឡើងទាំងបង្ខំទេ ដើម្បីគ្រប់គ្រងកាត់ផ្ដាច់ប្រភព ឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ឱ្យបានជោគជ័យ ថែរក្សាសុវត្ថិភាពសុខមាលភាពជូនប្រជាពលរដ្ឋ ឱ្យវិលមករកការរស់នៅ សុខសប្បាយធម្មតាវិញ ដើម្បីប្រកបរបរអាជីវកម្មចិញ្ចឹមជីវិតលើកកម្ពស់គ្រួសារ និងសង្គមជាតិឡើងវិញ។
លោក បន្ដថា “ជ័យជំនះល្អប្រពៃ គឺបានមកពីកិច្ចរួមសហការពីគ្រប់មជ្ឈដ្ឋាន” មានតែការចូលរួមទាំងអស់គ្នា ទើបយើង ទទួលបាន ជ័យជំនះសម្រាប់គ្រួសារយើង សហគមន៍យើង និងសង្គមជាតិយើង ដូច្នេះសូមរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ៣ការពារ និង៣កុំ និងវិធានការរបស់ក្រសួងសុខាភិបាល។ វិបតិ្ដជំងឺកូវីដ-១៩ បាននិងកំពុងយាយី ពិភពលោកធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ សង្គមជាតិ និងបានឆក់យកអាយុជីវិត មនុស្សជារៀងរាល់ថ្ងៃ ដូច្នេះដើម្បី ទទួលបានជោគជ័យក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឱ្យបានជោគជ័យសូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ត្រូវតែចូលរួមសហការទាំងអស់គ្នា ដើម្បីកម្ពុជារួចផុតពីជំងឺឆ្លងដ៏កាចសាហាវនេះពីសហគមនួ ក៍ដូចជាប្រទេសយើង។ បច្ចុប្បន្ននេះ សម្រាប់ព្រះរាជាណាចក្រកម្ពុជា វិបតិ្ដជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ មានអ្នកឆ្លង មេរោគកូវីដ-១៩ ចម្រុះជាតិសាសន៍ (អ្នកវិជ្ជមាន) សរុបចំនួន ៣៣.៦១៣នាក់ ក្នុងនោះមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ សរុបចំនួន ២៦.០៧៨នាក់ និងមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបចំនួន ២៥២នាក់។