ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខការពារជាតិកម្ពុជា ជួបជាមួយអនុព័ន្ធយោធាអាមេរិក

38

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យវរសេនីយ៍ឯក Marcus Ferrara អនុព័ន្ធយោធាអាមេរិកចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា និងវរសេនីយ៍ត្រី Aries Rebugio អនុព័ន្ធយោធាអាមេរិកស្តីទីថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងបង្ហាញមុខ នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅអគារមិត្តភាព ទីស្តីការគណរដ្ឋមន្ត្រី។

សម្តេចពិជ័យសេនា បានបញ្ជាក់ឱ្យដឹងថា ក្នុងជំនួបនោះ ភាគីទាំងពីរបានបង្ហាញអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការមួយចំនួនកន្លងមក។ សម្តេចបានសរសើរអាមេរិក ដែលជួយបណ្តុះបណ្តាលធនធានមនុស្សនៃកងទ័ពកម្ពុជា ព្រមទាំងបានស្នើសុំឲ្យអនុព័ន្ធយោធាអាមេរិក បន្តកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងអាមេរិក ដែលបានខកខានកន្លងមក ដោយសារវិបត្តិជំងឺកូវីដ-១៩។

ជំនួបរវាងប្រមុខការពារជាតិកម្ពុជា ជាមួយអនុព័ន្ធយោធាអាមេរិក បានធ្វើឡើងបន្ទាប់ពីកម្ពុជាយល់ព្រមតាមសំណើអាមេរិក ដែលនឹងអនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិក ចុះពិនិត្យមើលកំពង់ផែរាម នៅពេលខាងមុខនេះ ដើម្បីឱ្យអស់មន្ទិលសង្ស័យអំពីមូលដ្ឋានទ័ពចិន។

ទោះជាយ៉ាងនេះក្តី នៅក្នុងជំនួបខាងលើនេះ ភាគីទាំងពីរមិនបានកំណត់ពេលវេលាជាក់លាក់ ដែលនឹងចុះទៅកាន់តំបន់រាមនៅឡើយទេ។

ពាក់ព័ន្ធករណីកំពង់ផែរាមនេះ ត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ឱ្យដឹងថា កម្ពុជាគ្រាន់តែទទួលបាន ជំនួយពីចិនដែលជាមិត្តដែកថែប ក្នុងការជួយសាងសង់កំពង់ផែតំបន់រាម ឱ្យមានលក្ខណៈធំទូលាយ និងទំនើបជាងមុនប៉ុណ្ណោះ ហើយជំនួយនេះមិនមានលក្ខខណ្ឌដូចមហាអំណាចដទៃទេ។

សម្តេចបានបញ្ជាក់យ៉ាងច្បាស់ថា ពេលនេះកំពង់ផែរាមកំពុងស្ថិត នៅក្នុងដំណាក់កាលសាងសង់នៅឡើយ ហើយបន្ទាប់ពីសាងសង់រួច កម្ពុជាទេជាអ្នកប្រើប្រាស់នូវកំពង់ផែទំនើបនេះ ដោយមិនបានប្រគល់ឱ្យចិនផ្តាច់មុខ ដូចការចោទប្រកាន់របស់អាមេរិកនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង