ផ្ទះបណ្តែតទឹក តាមដងទន្លេ បានចាប់ផ្តើមរុះរើជាបណ្តើរៗហើយ ខណៈថ្ងៃឱសានវាទកាន់តែជិតមកដល់
ភ្នំពេញ ៖ ម្ចាស់ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយ តាមដងទន្លេមួយចំនួនបានស្ម័គ្រចិត្តរុះរើជាបណ្តើរៗហើយ នៅថ្ងៃទី៧និងទី៨ មិថុនានេះ ខណៈដែលថ្ងៃឱសានវាទ នៃការអនុវត្តវិធានរដ្ឋបាល របស់រដ្ឋបាលរាជធានីភ្នំពេញ កាន់តែខិតជិតមកដល់ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសទុកពេលមួយសប្តាហ៍ ឱ្យម្ចាស់បែចិញ្ចឹមត្រី ម្ចាស់ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ នៅលើផ្ទៃទន្លេទាំងអស់ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ពីទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឬស្សីកែវ បានមានប្រសាសន៍ឱ្យដឹងថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ លោកបានដឹកនាំ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ដែលមានកម្លាំងចម្រុះ ចុះរដ្ឋបាលត្រួតពិនិត្យ បែត្រី និងផ្ទះបណ្តែតទឹក ក្នុងភូមិសាស្រ្តខណ្ឌប្ញស្សីកែវ ។ ក្នុងការចុះរដ្ឋបាលត្រួតពិនិត្យនោះឃើញថា ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេ បានស្ម័គ្រចិត្តរុះរើបាន៤ទៅ៥កន្លែងហើយ ហើយក្រៅពីនោះ ពួកគាត់ក៏បានសន្យាថា នឹងរុះរើជាបណ្តើរៗទៀត ។
លោកបានបន្តថា រដ្ឋបាលខណ្ឌ បានកំណត់យកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ជាថ្ងៃដែល អាជ្ញាធរប្រេីវិធានការរដ្ឋបាល ចុះទៅរុះរើ ដោយមិនទទួលការខុសត្រូវ រាល់ការខូចខាត និងប្រឈមមុខច្បាប់ថែមទៀត។
ចំណែក លោករស់ សុភ័ក្រ អភិបាលរងខណ្ឌច្បារអំពៅ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៨ មិថុនានេះថា ជុំវិញវិធានការទៅផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេនេះ ចំពោះអាជ្ញាធរខណ្ឌច្បារអំពៅ តែងបានចុះផ្សព្វផ្សាយ និងប្រគល់ជូនសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ជូនទៅពួកគាត់គ្រប់គ្នា ដើម្បីឱ្យពួកគាត់ រុះរើសំណង់ទាំងអស់នោះចេញ មុន១សប្តាហ៍។ ប៉ុន្តែបើគិតមកដល់ត្រឹមថ្ងៃទី៨មិថុនានេះ បងប្អូន ម្ចាស់ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេមួយចំនួន បានរុះរើជាបណ្តើរៗហើយ ពិសេសគឺបែត្រីតែម្តង។
ដោយឡែក សម្រាប់ខណ្ឌព្រែកព្នៅវិញ ពាក់ព័ន្ធនឹងការអនុវត្តសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញនេះដែរ បើតាមមន្ត្រីរដ្ឋបាលខណ្ឌ បានបញ្ជាក់ឱ្យដឹងថា នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ មានផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេ ចំនួន២៩២កន្លែង ស្មើចំនួន៣០៨គ្រួសារ ពួកគាត់ទាំងអស់ ត្រូវបានអាជ្ញាធរខណ្ឌ ប្រគល់សេចក្តីជូនដំណឹង ដល់ដៃគ្រប់គ្នាហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី មន្ត្រីនោះ មិនបានបញ្ជាក់ពីការរុះរើផ្ទះទឹកទាំងនេះ បានប៉ុន្មាននូវឡើយទេ។
គួររំលឹកថា យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលចុះហត្ថលេខា ដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កន្លងមកមានជនឱកាសនិយមមួយចំនួន បានលបលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយ នៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះ បានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាងអាណាធិបតេយ្យ ដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាព នៃប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ ។
សេចក្តីជូនដំណឹង បានឱ្យដឹងទៀតថា ចំពោះមុខ ដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្មខាងលើ រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេល ១ (មួយ) សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទ ចេញសេចក្តីជូនដំណឹងនេះតទៅ។ ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវ រាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ ហើយក្នុងករណ៍រឹងរូស អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនឹងកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមផ្លូវច្បាប់។
ទន្ទឹមនឹងនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ស្នើបងប្អូនប្រជាពលរដ្ឋ ប្តូរទម្លាប់ពីការចិញ្ចឹមត្រី តាមបែលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញ មកចិញ្ចឹមត្រីតាមស្រះវិញ៕