ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមបច្ចេកទេស ដោះស្រាយបញ្ហាប្រឈម នីតិវិធីបង់ពន្ធប្រថាប់ត្រា និងផ្ទេរកម្មសិទ្ធិយានជំនិះ ខណៈការផ្ទរកម្មសិទ្ធិយានយន្តបានចំនួន ២៥ ០៤០គ្រឿង

152

 

ភ្នំពេញ ៖ ក្រុមការងារបច្ចេកទេសតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក និងប្រព័ន្ធទិន្នន័យអគ្គនាយកដ្ឋានពន្ធដារ បើកកិច្ចប្រជុំពិភាក្សាពីវឌ្ឍនភាពការងារ និងដោះស្រាយ ទៅលើបញ្ហាប្រឈម ធ្វើឱ្យប្រសើរឡើងនូវនីតិវិធីបង់ពន្ធប្រថាប់ត្រា និងផ្ទេរកម្មសិទ្ធិយានជំនិះ នៅក្នុងវិក្កយបត្ររួមតែមួយ ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ កាត់បន្ថយពេលវេលា ឱ្យមានតម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស ខណៈគិតចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ការផ្ទរកម្មសិទ្ធិយានយន្តបានចំនួន ២៥ ០៤០គ្រឿង ហើយ។

នៅថ្ងៃពុធ ទី៩ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារបច្ចេកទេសតភ្ជាប់ ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក និងប្រព័ន្ធទិន្នន័យអគ្គនាយកដ្ឋានពន្ធដារ បានរៀបចំប្រជុំពិភាក្សាពីវឌ្ឍនភាពការងារ និងដោះស្រាយទៅលើបញ្ហាប្រឈមធ្វើឱ្យប្រសើរឡើង នូវនីតិវិធីបង់ពន្ធប្រថាប់ត្រា និងផ្ទេរកម្មសិទ្ធិយានជំនិះ នៅក្នុងវិក្កយបត្ររួមតែមួយ តាមរយៈប្រព័ន្ធវិដេអូពីចម្ងាយ (Zoom) ដឹកនាំដោយ លោក លឹម ដឺលុច អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ និងជាសហប្រធានក្រុមការងារ អ.ព.ដ. និង លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាសហប្រធានក្រុមការងារ ស.ក.ដ. ដោយមានសមាសភាពចូលរួមពី លោក លោកស្រីសមាជិកក្រុមការងារទាំងពីរផងដែរ។

កិច្ចប្រជុំពិភាក្សានេះ មានគោលបំណងដើម្បីពិនិត្យទៅលើការបង់ពន្ធផ្លូវ ការបង់ពន្ធប្រថាប់ត្រា ផ្ទេរកម្មសិទ្ធិយានជំនិះរួមគ្នា ប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន និង ប្រព័ន្ធទិន្នន័យអគ្គនាយកដ្ឋានពន្ធដារ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងដាក់ពាក្យផ្ទេរកម្មសិទ្ធិយានជំនិះ ការបង់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ និងការបង់ពន្ធផ្លូវ ក្នុងពេលតែមួយ នៅទីតាំងផ្តល់សេវាតែមួយ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យបានលឿនរហ័ស កាត់បន្ថយពេលវេលា និងនីតិវិធីស្មុគស្មាញ ក្នុងការសម្រួលនីតិវិធីផ្តល់សេវាជូនប្រជាពលរដ្ឋ គឺ “ធ្វើឱ្យមានតម្លាភាព មានប្រសិទ្ធភាព និងឱ្យបានឆាប់រហ័ស”។

សូមបញ្ជាក់ផងដែរថា៖ នីតិវិធីផ្ទេរកម្មសិទ្ធិ និងបង់ពន្ធប្រថាប់ត្រា រួមគ្នា ត្រូវបានកំណត់ដោយប្រកាសអន្តរក្រសួង រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃ២៧ ខែសីហា ឆ្នាំ២០២០ ហើយបានដាក់ឱ្យដំណើរការជាផ្លូវការនូវនីតិវិធីផ្ទេរកម្មសិទ្ធិ និងបង់ពន្ធប្រថាប់ត្រារួមគ្នា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

គំនិតផ្តួចផ្តើមនេះ ដើម្បីជួយសម្រួលដល់យន្តការងារ ដែលធានានូវភាពងាយស្រួល ចំណេញពេលវេលា ដល់ប្រជាពលរដ្ឋ ព្រមទាំងធានានូវប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់សេវាសាធារណៈ និងការប្រមូលពន្ធ និងទទួលបានការគាំទ្រ និងសាទរជាខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋ។ គិតចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ការផ្ទរកម្មសិទ្ធិយានយន្តបានចំនួន ២៥ ០៤០គ្រឿង ហើយ៕

អត្ថបទដែលជាប់ទាក់ទង