ការដ្ឋានធ្វើស្ពាន៧កន្លែង និងបុកសុីផាយ នៅប្រឡាយទួលពង្រ១ សម្រេចបាន៨៥ភាគរយហើយ គ្រោងរួចរាល់នៅពាក់កណ្តាល ខែកក្កដាងាយស្រួលក្នុងការឆ្លងកាត់
ភ្នំពេញ៖ បើទោះបី ជម្ងឺកូវីដ-១៩ បាននិងកំពុងរាតត្បាតចូល ក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈយ៉ាងក្តី ក៏ប៉ុន្តែការដ្ឋានធ្វើស្ពានចំនួន៧កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ នៅប្រឡាយទួលពង្រ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បាននឹងកំពុងធ្វើសកម្មភាព យ៉ាងមមាញឹក ដោយគិតមកដល់ត្រឹមថ្ងៃទី១១ មិថុនានេះ ការដ្ឋានទាំងមូលសម្រេច បានប្រមាណ៨៥ភាគរយហើយ នឹងគ្រោងរួចរាល់នៅក្នុង ពាក់កណ្តាលខែកក្កដាឆ្នាំ២០២១ខាងមុខនេះ ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណការ និង ដឹក ជញ្ជូន រាជធានី ភ្នំពេញ បានមានប្រសាសន៍អោយដឹង នៅព្រឹកថ្ងៃទី១១ មិថុនានេះថា ដោយមានការណែនាំនិងចង្អុល បង្ហាញពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរ សាធារណការ និង ដឹក ជញ្ជូន រាជធានី ភ្នំពេញ សហការជាមួយមន្ទីរធនធានទឹក និងអាជ្ញាធរចណ្ឌពោធិសែនជយ័ បានដាក់គ្រឿងចក្រកាយ ស្តារប្រឡាយទួលពង្រទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទំហ៊ំ ៨ម៉ែត្រនិងជម្រៅ២ម៉ែត្រដោយ ធ្វើការសាងសង់ស្ពានចំនួន៧កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ ដោយគិតមក ដល់ត្រឹមថ្ងៃទី១១ មិថុនានេះ ការដ្ឋានទាំងមូលសម្រេចបាន ប្រមាណ៨៥ភាគរយហើយ និងគ្រោងរួចរាល់នៅក្នុងពាក់ កណ្តាលខែកក្កដាឆ្នាំ២០២១ខាងមុខនេះ ។
លោកបន្តថា ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហូរទឹក រំដោះទឹកជន់ពីផ្លូវជាតិលេខ៣ក្នុង ភូមិ សាស្ត្រ ខណ្ឌមានជយ័ទៅកាន់បឹងជេីងឯកនិង បន្ត ហូរ ទៅកាន់ស្ទឹងជ្រៅ ។ នៅពេលគំរោងការនេះ បញ្ចប់វានឹងអាចកាត់ បន្ថយទឹកជំនន់ទឹកភ្លៀង បានមួយកំរិតធំ។
លោកសាំ ពិសិដ្ឋ បានបន្តទៀតថា ៖ក្នុងពេលសាង សង់ស្ពាន៧កន្លែងនេះ យើងបានដាក់លូប្រអប់បណ្តោះ ដោយសារតែយើងបានកាត់ផ្តាច់ផ្លូវ មួយចំនួនកាលពីជំនន់ទឹកភ្លៀង នារដូវវស្សាកន្លងមក។ចំណែកនៅមុខផ្ទះ ប្រជាពលរដ្ឋដែលបានកាត់ផ្តាច់ផ្លូវ យើងបានបុកស៊ីផាយ ដើម្បីទប់ដីកុំឱ្យបាក់ប្រវែងជាង២០០ម៉ែត្រផងដែរ។
គម្រោង ស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុងនេះ មានទទឹង ៨ម៉ែត្រ បណ្ដោយ ៤៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ ដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួន៣ជួរប្រវែង៤៤៥ម៉ែត្រ ចាប់ពីបុរីជីពម៉ុង ដល់ប្រឡាយបឹងហា។ ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ ៦ម៉ែត្រគុណនឹង២ ម៉ែត្រប្រវែង១២២០ម៉ែត្រ ចាប់ពីបូរីGreen Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុច ផ្លូវឆ្លងកាត់មានចំនួន៧កន្លែងផងដែរ ។
គួរបញ្ជាក់ថា ៖ការដ្ឋានធ្វើស្ពានចំនួន៧កន្លែង និងបុកសុីផាយ តាមមាត់ប្រឡាយមេ ការពារដីបាក់ នៅប្រឡាយទួលពង្រ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យនេះ បានធ្វើពិធីក្រុងពាលី តាមបែបសាសន៍ ជាមួយក្រុមហ៊ុនទទួលម៉ៅការ កាលពីថ្ងៃទី២១ មិនាឆ្នាំ២០២១ ក្រោមវត្តមានលោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ ៕