គិតត្រឹមថ្ងៃទី៩ ខែមិថុនា មានករណីសង្ស័យជំងឺគ្រុនឈីក ៥១៤នាក់ អ្នកជំងឺ ១០០% បានជាសះស្បើយ
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពីការកើនឡើងជំងឺគ្រុនឈីក ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល សូមគោរពសូមជម្រាបសាធារណជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ពីស្ថានភាពជំងឺគ្រុនឈីកនៅកម្ពុជា គិតត្រឹមថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ មានដូចខាងក្រោម៖
១) ស្ថានភាពជំងឺគ្រុនឈីក ៖ យោងតាមប្រព័ន្ធអង្កេត តាមដានជំងឺគ្រុនឈាមថ្នាក់ជាតិ បានបញ្ជាក់ថា ជំងឺគ្រុនឈីក គិតត្រឹមថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ មានករណីសង្ស័យជំងឺគ្រុនឈីក ៥១៤នាក់ ត្រូវបានរាយការណ៍ តាមរយៈប្រព័ន្ធឃ្លាំមើល ជំងឺគ្រុនឈាមពីចំនួន១៣ ដែលក្នុងនោះ ៨៦% នៃករណីទាំងនេះ មកពីខេត្តរតនគិរី មណ្ឌលគិរី បាត់ដំបង និងខេត្តក្រចេះ។ ការចម្លងជំងឺគ្រុនឈីក មានសមាមាត្រខុសគ្នា តាមក្រមអាយុ និងយោងតាមរបាយការណ៍ បានបញ្ជាក់ថា ៦៤,៥២% (៣៣១នាក់) ជាមនុស្សពេញវ័យ ២៦,៧១% (១៣៧នាក់) ជាកុមារ និង ៨,៧៧% (៤៥នាក់) ជាកុមារអាយុក្រោម៥ឆ្នាំ។ គួរកត់សម្គាល់ផងដែរថា ក្នុងចំណោមមនុស្សធំ អ្នកជំងឺភេទស្រីមាន ៤៩,៤២% (២៦០នាក់) និងភេទប្រុសដែលមាន ៥០,៥៨% (២៥៤នាក់)។ អ្នកជំងឺ ១០០% ក្នុងចំណោមអ្នកជំងឺសរុបទាំងអស់បានជាសះស្បើយ និងមិនមានករណីស្លាប់ទេ។
លទ្ធផលធ្វើការសិក្សាបាណកសាស្រ្ត បានបង្ហាញថា នៅក្នុងនិងជុំវិញផ្ទះ ត្រូវបានគេពិនិត្យមើលវត្តមានរបស់ដង្កូវទឹក បង្កើតជាមូស ដែលជាភ្នាក់ងារចម្លង ជំងឺគ្រុនឈីក និងគ្រុនឈាមមាន៣២ % ក្នុងពាងមូល និងក្នុងកំប៉ុង ត្រឡោកដូង ចានបាយសម្លជ័រ កែវជ័រ សំបកង់ឡាន និងកង់ម៉ូតូដែលទុកចោលដក់ទឹក ។
២) វិធានការការពារជំងឺគ្រុនឈីក ៖ ដើម្បីការពារសុខភាពជៀសផុតពីការឆ្លងជំងឺគ្រុនឈឺក ដោយសារសត្វមូសខ្លាញី ឲ្យកាន់តែមានប្រសិទ្ធភាពនោះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ក្រើនរំលឹក ជំរុញនិងផ្តល់អនុសាសន៍ ដល់ប្រជាពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការចូលរួមចលនាកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វមូស តាមរយៈការអនុវត្តន៍នូវវិធានការដូចខាងក្រោម៖
វិធានការទី១) អាណាព្យាបាល មាតាបិតា កុមារាកុមារី គ្រប់រូបរួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្មចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ដែលទុកចោលមិនប្រើប្រាស់ ដូចជាសំបកកង់ឡាន ម៉ូតូសំបកដប កំប៉ុង ត្រឡោកដូង ចានបាយសម្លជ័រ កំប៉ុងកាហ្វេជ្រ ត្រូវកប់ ឬ ដុត ឬ កំទេចចោល ឬ ទុកដាក់ឱ្យមានរបៀប ដើម្បីកុំឱ្យមានទឹកដក់។
វិធានការទី២) ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ សំលៀកបំពាក់ ក្នុងក្រៅផ្ទះឱ្យមានសណ្តាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកសត្វមូសមកតោងជ្រកទុំជិតខ្លួនយើង ហើយដែលអាចងាយនឹងខាំយើង។ អំឡុងពេលថ្ងៃ គឺចាំបាច់ត្រូវស្លៀកសំលៀកបំពាក់ មានដៃវែងជើងវែង ដេកក្នុងមុងជាប្រចាំ ទាំងថ្ងៃទាំងយប់ និងមិនត្រូវអង្គុយលេង នៅជិតទីកន្លែងងងឹតៗនោះទេ។
វិធានការទី៣) ករណីមានរោគសញ្ញាក្តៅខ្លួនលើសពី ៣៨ អង្សាសេ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលរបស់រដ្ឋ (សេវាសាធារណៈ) ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតបំផុតហើយ សូមកុំសាកល្បងព្យាបាល អ្នកជំងឺគ្រុនក្តៅខ្លាំងភ្លាមៗនេះដោយខ្លួនឯង ឬពន្យារពេលតាមដាន ព្យាបាលជំងឺ ក្នុងសេវាឯកជនដែលគ្មាន សមត្ថភាពផ្នែកជំងឺគ្រុនឈីកនេះឲ្យសោះ។
វិធានការទី៤) គ្រប់មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ត្រូវចាត់ចែងការផ្តល់សេវា និងកន្លែងសម្រាកព្យាបាលជំងឺគ្រុនឈីក នៅក្នុងមន្ទីរពេទ្យឲ្យបានល្អ និងត្រូវបញ្ជូនអ្នកជំងឺ ទៅមន្ទីរពេទ្យផ្សេងទៀត ក្នុងករណី ដែលមានអ្នកជំងឺគ្រុនឈីក ច្រើនហួសសមត្ថភាពនៅក្នុងមន្ទីរពេទ្យណាមួយ ដោយមិនទុកឲ្យមានការយឺតយ៉ាវ ក្នុងការទទួលបាននូវសេវាពិនិត្យ និងព្យាបាលឡើយ៕