ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងកាត់បន្ថយកម្មករនិយោជិតចំនួន១.៣២៩ នាក់ នៅក្រុមហ៊ុនណាហ្គាវើលដ៍

36

 

ភ្នំពេញ ៖ សង្គមស៊ីវិលចំនួន៧៣ បានសេចក្តីថ្លែងការណ៍រួមស្ដីពី ការប៉ុនប៉ងរំលាយសហជីព និងគម្រោង កាត់បន្ថយ កម្មករ និយោជិត ចំនួន១.៣២៩ នាក់ នៅក្រុមហ៊ុនណាហ្គាវើលដ៍។ ថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីពទាំងអស់ ត្រូវបានក្រុមហ៊ុនណាហ្គាវើលដ៍ ជូនដំណឹងកាត់ចេញពីក្រុមហ៊ុន ។

សេចក្តីថ្លែងការណ៍រួមដែលធ្វើឡើងនៅថៃ្ងព្រហស្បតិ៍ ទី ១០ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា តំណាងសហភាពសហជីព សហព័ន្ធសហជីព សមាគម សហគមន៍ និងអង្គការសង្គមស៊ីវិលដែលធ្វើការ លើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានការសោកស្ដាយជាខ្លាំងអំពីចេតនា និងការប៉ុនប៉ង រំលាយរចនាសម្ព័ន្ធថ្នាក់ដឹកនាំសហជីព និងគម្រោងកាត់បន្ថយបុគ្គលិក ជាលក្ខណៈប្រព័ន្ធដោយមិនមានហេតុផល សមស្របនិងមិនអាចទទួលយកបាននៅក្នុងពេលមានវិបត្តិ ជំងឺកូវីដ-១៩។

កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ តំណាង ក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីធីត បានប្រកាសគម្រោងកាត់បន្ថយ បុគ្គលិកចំនួន១.៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបប្រមាណជាង៨០០០នាក់ ដោយហេតុផលវិបត្តិកូវីដ-១៩។ នៅចុងខែមេសា តំណាងក្រុមហ៊ុនបានធ្វើការបញ្ជាក់ថា ចំនួនបុគ្គលិកដែលត្រូវបានកាត់នោះ ក្រុមហ៊ុននឹងធ្វើការបញ្ជូនសារ ទៅបុគ្គលិកម្នាក់ៗដោយផ្ទាល់ ព្រមទាំងកោះហៅឲ្យចូលរួមប្រជុំផ្ទាល់ នៅអគាររបស់ក្រុមហ៊ុន។

នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍បានរៀបចំ ប្រជុំអនឡាញជាទ្រង់ទ្រាយធំ ដោយមានកម្មករនិយោជិតរាប់ពាន់នាក់ បានចូលរួម កម្មករនិយោជិតភាគច្រើនលើសលប់ បានធ្វើការបដិសេធមិនអាចទទួល យកគម្រោងដែលបានលើកឡើង ដោយតំណាងក្រុមហ៊ុនទេ។

នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ តំណាងក្រុមហ៊ុនបានប្រជុំជាមួយក្រុម ការងារសហជីព និងក្រុមប្រតិភូបុគ្គលិក។ តំណាងក្រុមហ៊ុនលើកឡើងពីចំនួនបុគ្គលិក ដែលត្រូវកាត់នៅតាមផ្នែក ក្នុងពេលជាមួយគា្នថ្នាក់ដឹកនាំសហជីពបាន ព្យាយាមលើកឡើងពីសំណូមពររបស់បុគ្គលិក និងហេតុផលផ្សេងៗទៀត តែតំណាង ក្រុមហ៊ុនមិនបានទទួលយកសំណូមពរ ទាំងនេះឡើយ។

ផែនការកោះហៅបុគ្គលិកត្រូវធ្វើឡើងនៅចុងខែមេសា តែដោយមានការបិទខ្ទប់រាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺ កូវីដ-១៩ តំណាងក្រុមហ៊ុនណាហ្គាវើលដ៍ បានចាប់ផ្ដើមកោះហៅបុគ្គលិកនៅថ្ងៃទី ១៧ ខែឧសភា ឲ្យទៅជួបខ្លួន នៅក្នុងបរិវេណអគាររបស់ក្រុមហ៊ុន ដើម្បីពន្យល់ណែនាំស្តីពីការ បញ្ចប់កិច្ចសន្យាការងារ។ កម្មករនិយោជិត ភាគច្រើនមិនព្រម ទៅតាមការកោះហៅទេ ហើយបុគ្គលិកមួយចំនួនតូច ដែលបានចូលប្រជុំជាមួយក្រុមហ៊ុន ត្រូវបង្ខំចិត្តទទួលយកការបញ្ឈប់នេះ ដោយតំណាងក្រុមហ៊ុនបានណែនាំ ឲ្យកម្មករនិយោជិតទាំងនោះ សរសេរលិខិតសុំលាលែង ពីការងារដោយខ្លួនឯង មុននឹងទទួលបានប្រាក់សំណងពីក្រុមហ៊ុន។

តាមរយៈការជូនដំណឹងស្តីពីគម្រោង បញ្ចប់ការងារជាមួយក្រុមហ៊ុននេះ យើងឃើញថាបុគ្គលិក ដែលកំពុងសម្រាកលំហែមាតុភាព បុគ្គលិកកំពុងស្នើសុំសម្រាក លំហែមាតុភាព និងបុគ្គលិកកំពុងមានផ្ទៃពោះ ក៏ត្រូវក្រុមហ៊ុនជូនដំណឹងបញ្ចប់កិច្ច សន្យាការងារផងដែរ។ លើសពីនេះទៀត អ្នកតំណាងក្បាលម៉ាស៊ីនសហជីពទាំងអស់ មានប្រធាន អនុប្រធាន និង លេខាធិការ របស់សហជីព ព្រមទាំងសកម្មជនសហជីពភាគច្រើនបំផុត នៅគ្រប់ផ្នែកនៃក្រុមហ៊ុន ក៏ត្រូវបានជូនដំណឹង បញ្ឈប់ពីការងារដូចគ្នាដែរ។

ទាំងនេះបញ្ជាក់ឲ្យឃើញថា នៅពីក្រោយហេតុផលគម្រោង កាត់បន្ថយបុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍ គឺជាចេតនាគាស់រំលើង សហជីពមិនឲ្យមានវត្តមាននៅក្នុងក្រុមហ៊ុន ដែលក្រុមហ៊ុននេះធ្លាប់បានធ្វើលើក្រុមអតីតថ្នាក់ដឹកនាំសហជីពកាលពីឆ្នាំ២០០៩។ ទង្វើទាំងនេះបង្ហាញ ពីចេតនានៃការរើសអើងសហជីព និងរំលោភបំពានទៅ លើការអនុវត្តសិទ្ធិ ជាមូលដ្ឋានផ្នែកសមាគម ដែលធានាដោយរដ្ឋធម្មនុញ អនុសញ្ញាស្នូលរបស់ អង្គការពលកម្មអន្តរជាតិផ្នែកការងារ (អាយឡូ) និងច្បាប់ស្តីពីការងារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះដែរ សេដ្ឋកិច្ចរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ មិនបានប៉ះពាល់ធ្ងន់ធ្ងរដោយវិបត្តិកូវីដ-១៩ នោះទេ ហើយក៏អាចនៅមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីរក្សាទុកកម្មករនិយោជិតទាំងអស់ឱ្យនៅបន្តការងារដដែល។ ក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ក្រុមហ៊ុន ណាហ្គាវើលដ៍ បានទទួលប្រាក់ចំណេញសុទ្ធ ជាង០១ពាន់លានដុល្លារ ដោយក្នុងឆ្នាំ ២០១៩ ប្រាក់ចំណេញសុទ្ធក្នុង ១ឆ្នាំរបស់ក្រុមហ៊ុនបានកើនឡើងជាង ៥២១ លានដុល្លារ។ បើទោះបីជាមានការប៉ះពាល់ពីវិបត្តិកូវីដ-១៩ ក៏ដោយ ក៏ក្រុមហ៊ុនណាហ្គាវើលដ៍ នៅតែបានទទួលប្រាក់ចំណេញសុទ្ធជាង ១០២ លានដុល្លារក្នុងឆ្នាំ២០២០។ លើសពីនេះទៀត គម្រោងអភិវឌ្ឍន៍អគារថ្មី នៃណាហ្គា៣ កំពុងមានដំណើរការជាធម្មតារៀងរាល់ថ្ងៃ​ ដែលអគារថ្មីនេះ នឹងត្រូវការកម្លាំងការងារបន្ថែមយ៉ាងតិច ៤០០០នាក់។

កាលពីខែមករា ឆ្នាំ២០២០ កម្មករនិយោជិតនៃសហជីព រាប់ពាន់នាក់បានធ្វើកូដកម្មទាមទារឱ្យកញ្ញា ឈឹម ស៊ីថរ បានចូលធ្វើការវិញ បន្ទាប់ពីត្រូវបានក្រុមហ៊ុនណាហ្គាវើលដ៍ផ្អាកការងារ។ ក្រោយមក កញ្ញា ត្រូវបានអនុញ្ញាតឱ្យចូលធ្វើការ វិញដោយជោគជ័យ។ ប៉ុន្មានខែក្រោយមក កម្មករនិយោជិតនៃ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុន ណាហ្គាវើលដ៍ រាប់រយនាក់បានធ្វើការតវ៉ា បន្ទាប់ពីក្រុមហ៊ុនដែលមានម្ចាស់ជាជនជាតិម៉ាឡេស៊ីនេះ បានបញ្ឈប់ការផ្ដល់ ប្រាក់ឈ្នួលក្នុងពេលព្យួរការងារ អំឡុងពេលដែលរាជរដ្ឋាភិបាល បានសម្រេចបិទកាស៊ីណូជាបណ្តោះអាសន្ន។ ដូច្នេះ គម្រោងបញ្ឈប់កញ្ញា ឈឹម ស៊ីថរ ថ្នាក់ដឹកនាំសហជីព និងកម្មករនិយោជិតសរុបចំនួន១,៣២៩លើកនេះ គឺជាការដាក់គោលដៅវាយប្រហារ មកលើសហជីព ដែលគ្រាន់តែតស៊ូមតិដោយសន្តិវិធី ដើម្បីសិទ្ធិការងារនៃសមាជិករបស់ខ្លួន។

ហេតុផលដូចបានរៀបរាប់ខាងលើ បញ្ជាក់ឲ្យឃើញថា គម្រោងកាត់បន្ថយចំនួន បុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍ ដោយបញ្ហាវិបត្តិកូវីដ១៩ មិនមែនជាមូលហេតុពិតប្រាកដ របស់ថ្នាក់គ្រប់គ្រងក្រុមហ៊ុនទេ។ ក្រុមហ៊ុននេះមានចេតនាមិនចង់ ឲ្យមានវត្តមានសហជីពនៅក្នុងក្រុមហ៊ុន ដើម្បីជាឱកាសរបស់ខ្លួនបន្ត កេងប្រវ័ញ្ចអត្ថប្រយោជន៍របស់បុគ្គលិក ហើយនិង បង្កើតលក្ខខណ្ឌការងារ មិនល្អនៅកន្លែងការងារ ដែលផ្ទុយនឹងច្បាប់ជាតិ និងអន្តរជាតិ។

តំណាងសហភាពសហជីព សហព័ន្ធសហជីពសមាគម និងអង្គការសង្គមស៊ីវិល ដែលធ្វើការលើកកម្ពស់ សិទ្ធិមនុស្ស និងសិទ្ធិការងារនៅក្នុង ព្រះរាជាណាចក្រកម្ពុជា នឹងបន្តតាមដានលើករណីនេះ ដោយយកចិត្តទុកដាក់។ យើង ស្នើសុំឱ្យរាជរដ្ឋាភិបាលពិនិត្យ និងតាមដានករណីនេះ ដោយយកចិត្តទុកដាក់។ យើងក៏ស្នើសុំឲ្យថ្នាក់គ្រប់គ្រងក្រុមហ៊ុន ធ្វើការចរចាជាមួយតំណាងសហជី ដើម្បីស្វែងរកដំណោះស្រាយ សមស្របណាមួយ ដែលអាច ទទួលយកបានដោយភាគី ទាំងសងខាងប្រកបដោយសេចក្តីស្មោះត្រង់ និងបង្កើតទំនាក់ទំនងវិជ្ជាជីវៈ ល្អជាមួយសហជីពនៅកន្លែងការងារ៕

អត្ថបទដែលជាប់ទាក់ទង