ចាប់ចោរ២នាក់ បន្លំខ្លួនធ្វើជាអ្នកជំងឺកូវីដ១៩ ចូលលួចទូរស័ព្ទ និងលុយរបស់អ្នកជំងឺ
ភ្នំពេញ ៖ សមត្ថកិច្ច និងក្រុមគ្រូពេទ្យ បានចាប់ខ្លួនចោរលួចប្រុសស្រី២នាក់ ធ្វើសកម្មភាពបន្លំខ្លួនចូលធ្វើជាអ្នកជំងឺកូវីដ ដើម្បីលួចរបស់ទ្រព្យរបស់អ្នកជំងឺ ដូចជាទូរស័ព្ទ និងលុយ។
នេះបើតាមការផ្សាយព័ត៌មានរបស់ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា-Doctor Alliance of UYFC បានឲ្យដឹងថា មានករណីចោរប្រុសស្រី២នាក់ បន្លំខ្លួនជាអ្នកជំងឺកូវីដ ដោយលួចទូរស័ព្ទអ្នកជំងឺអស់ជិត ១០ គ្រឿង និងលុយជាង ១លានរៀល ស្ថិតនៅក្នុងមណ្ឌលព្យាបាលជំងឺកូវីដ១៩ សែន សុខ ១។
ក្រុមគ្រូពេទ្យនៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក សហការជាមួយកម្លាំងមានសមត្ថកិច្ច ចាប់បានចោរទាំងពីរនាក់ ហើយបានធ្វើតេស្តចោរទាំងពីរ គឺលទ្ធផលអវិជ្ជមាន។ បន្ទាប់មក ក្រុមគ្រូពេទ្យក៏បានបញ្ជូនចោរទាំងពីរ ជូនសមត្ថកិច្ច ដើម្បីយកទៅធ្វើចត្តាឡីស័ក មុននឹងចាត់វិធានការតាមផ្លូវច្បាប់៕