អគ្គរាជទូតកម្ពុជានៅកូរ៉េ និងភរិយាបញ្ចេញស្នាដៃធ្វើម្ហូមពេញនិយម៣មុខ បង្ហាញផ្ទាល់ក្នុងកម្មវិធីដ៏ល្បីរបស់កូរ៉េ បង្កភាពភ្ញាក់ផ្អើល
កូរ៉េខាងត្បូង៖ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដែលមាន លោកឡុង ឌីម៉ង់ ជាអគ្គរាជទូត និងភរិយាសហការជាមួយ ASEAN Culture House កាលពី ទីក្រុងប៊ូសាន កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១នេះ បានរៀបចំកម្មវិធី Cooking class show ដោយប្តីប្រពន្ធទូតខ្មែរពីររូបនេះ បានផ្តល់កិត្តិយសផ្ទាល់ចូលរួមបង្ហាញពីវិធីសាស្រ្តធ្វើម្ហូបខ្មែរចំនួន ៣ មុខ បង្ហាញ និងផ្សព្វផ្សាយទូលំទូលាយវប្បធម៌ ម្ហូបខ្មែរយើងទៅកាន់សាធារណជនកូរ៉េ។
តាមការចែករំលែកក្នុងទំព័រហ្វេសប៊ុករបស់លោកទូត ឡុង ឌីម៉ង ក្នុងទឹកមុខញញឹមរីករាយ លោកទូត និងភរិយា បានលើកយកមុខម្ហូបសាមញ្ញ និងពេញនិយមខ្មែរយើង ៣មុខ ដើម្បីមកបង្ហាញ និងធ្វើផ្ទាល់ជូនដល់សាធារណជនកូរ៉េបានឃើញ រួមមាន ឆាសាច់គោឡុកឡាក់, ឆាត្រកួនសាច់ជ្រូកចិញ្ច្រាំជាមួយសៀង និងបាយឆាសាច់គោ ដែលម្ហូបទាំងបីនេះគឺស្រដៀងនឹងម្ហូបរបស់កូរ៉េ ហើយដែលជាទីពេញនិយមរបស់សាធារណៈជនកូរ៉េ។
ក្នុងឱកាសនោះដែរ ឃើញថា អ្នកចូលរួមកូរ៉េគ្រប់ៗគ្នាសុទ្ធតែបានចាប់អារម្មណ៍ និងបានមកពិនិត្យមកលោកស្រីភរិយាទូតខ្មែរយើង ធ្វើម្ហូបទាំងនោះដោយយកចិត្តទុកដាក់ និងប្រកបដោយស្នាមញញឹមស្រស់ស្រាយទាំងអស់គ្នា។ក្រោយពីធ្វើម្ហូបបង្ហាញរួចមក អ្នកចូលរួមទាំងអស់ក៏បានសាកល្បងធ្វើម្ហូបទាំងនោះតាម ហើយលោកទូត និងភរិយាក៏បានដើរមើលអ្នកចូលរួមទាំងអស់សាកល្បងធ្វើម្ហូបខ្មែរ និងបានជួយណែនាំពួកគាត់ ដោយទឹកមុខសប្បាយរីករាយនិងរំភើបក្នុងការពាំនាំនូវម្ហូបខ្មែរ អ្វីដែលជារបស់ខ្មែរមកបង្ហាញដល់ប្រជាជនកូរ៉េទៀតផង។
តាមរយៈកម្មវិធី Cooking class នេះ មានការចូលរួមពីគ្រប់មជ្ឈដ្ឋានកូរ៉េប្រមាណជាង ៣០ នាក់ ហើយនឹងត្រូវយកទៅចាក់បង្ហាញតាមស្ថានីយទូរទស្សន៍កូរ៉េជាសាធារណៈទៀតផង។ ច្បាស់ហើយ ប្រាកដជាសាធារណជនកូរ៉េឃើញហើយ អាចនឹងស្រក់ទឹកមាត់ ចង់ភ្លក្សរសជាតិម្ហូបខ្មែរទាំង៣មុខនេះ ក៏ដូចជាមុខម្ហូបខ្មែរដទៃទៀតជាច្រើនមុខ នៅថ្ងៃអនាគតខាងមុខមិនខាន៕