ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ អរគុណដល់រដ្ឋាភិបាលឆែក ដែលបានជួយដល់កម្ពុជា ពីអតីតកាលលើវិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងការលុបបំណុល

77

 

ភ្នំពេញ ៖ នៅថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៃទីស្តីការនាយករដ្ឋមន្ត្រី ។

នៅក្នុងជំនួបនោះ ឯកឧត្តម Martin Vávra បានគោរពជម្រាបជូនសម្ដេចតេជោថា បេសកកម្មរបស់ ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺធ្វើយ៉ាងណាដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងប្រទេសទាំងពីរ ឲ្យកាន់តែធំធាត់ឡើងបន្ថែមទៀត។

ឯកឧត្តមបានបន្ថែមទៀតថា សាធារណរដ្ឋឆែកមានមនោសញ្ចេតនាចំពោះកម្ពុជា ឈរលើមូលដ្ឋាននេះ ឯកឧត្តមបានសន្យា ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីថា នឹងប្រឹងប្រែង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិស័យវិនិយោគ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមក៏បានគោរពជម្រាបជូន សម្ដេចតេជោថា សាធារណរដ្ឋឆែកនឹងជួយដល់កម្ពុជា ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម Martin Vávra ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

សម្ដេចតេជោបានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ដែលបានជួយដល់កម្ពុជាពីអតីតកាល លើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច លើសពីនេះទៅទៀតក៏បានលុបបំណុល មួយចំនួនធំ ហើយបំណុលដែលនៅសេសសល់ បានយកមកជួយកម្ពុជាវិញ តាមរយៈការសាងសង់សាលារៀន វិស័យសង្គមកិច្ចជាដើម។

ពាក់ព័ន្ធទៅនឹងបេសកកម្មកាទូតរបស់ឯកឧត្តម សម្ដេចតេជោបានស្នើឲ្យឯកឧត្តម Martin Vávra យកចិត្តទុកដាក់ទៅលើការជំរុញ សហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍន៍ធនធានមនុស្ស។ សម្ដេចតេជោបានបន្ថែមថា កម្ពុជាកំពុងតែជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា ហើយអាចនឹងចាក់រហូតដល់១០លាននាក់ នៅត្រឹមខែវិច្ឆិកាខាងមុខនេះ ។

សម្ដេចតេជោក៏បានជូនពរឲ្យឯកឧត្តមទទួលបានជោគជ័យ ក្នុងបេសកកម្មការទូតនៅក្នុង ប្រទេសកម្ពុជាជាបន្តបន្ទាប់ នាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង