ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្វែងយល់ ពីសំណល់យុទ្ធភ័ណ្ឌ ពីសង្គ្រាម នៅសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីនកម្ពុជា

41

 

សៀមរាប ៖ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី១៥ ខែមិថុនានេះ បានសរសេរលើហ្វេសប៊ុកថា សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីនកម្ពុជា (សុីម៉ាក់ខេត្តសៀមរាប) ចង់ស្វែងយល់ពីសំណល់យុទ្ធភ័ណ្ឌពីសង្គ្រាម នៅកម្ពុជា និងការដោះស្រាយវិបត្តិសំណល់យុទ្ធភ័ណ្ឌ ពីសង្គ្រាម ដេីម្បីសុខសុវត្ថិភាពប្រជាជន និងការអភិវឌ្ឍសង្គមជាតិ នោះ ។

សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន ស្ថិតនៅក្នុងបរិវេណ នៃទីបញ្ជាការស៊ីម៉ាក់ភូមិភាគ ២ ដែលមានផ្ទៃដីទំហំ ១២ ហិកតា។ ទីបញ្ជាការនេះ រួមមានអង្គភាពចំនួន ៣ សំខាន់ៗរបស់ស៊ីម៉ាក់គឺ : កងឯកភាពកំចាត់មីនទី ៤ មជ្ឈមណ្ឌល
សុនខជាតិនិងសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន។

ដោយឡែកសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន មានចំណុចជាច្រើន ដែលត្រូវទស្សនាដូចជា :

I. រឿងរ៉ាវនៃប្រវត្តិនិងនិយមន័យនៃអនុសញ្ញាអូតាវ៉ា (Ottawa Convention) ដែលប្រទេសកម្ពុជាគឺជារដ្ឋសមាជិក
II. ការបង្ហាញពីរបៀបបោសសម្អាតមីននៅក្នុងចម្ការមីនសិប្បនិមិត្តតូចមួយ

III. សាលពិព័រណ៌ធំ (Main Exhibition Hall) ដែលនៅក្នុងសាលនេះ មានវិចិត្រសាលជាច្រើនបន្ទប់ដូចជា :

១. បន្ទប់ប្រវត្តិសាស្រ្តសង្គ្រាមនៅប្រទេសកម្ពុជា
២. បន្ទប់តាំងបង្ហាញគ្រាប់មីនប្រឆាំងមនុស្សគ្រប់ប្រភេទនិងគ្រាប់មីនតោន
៣. បន្ទប់បង្ហាញពីគ្រាប់បែកចង្កោមគ្រប់ប្រភេទ
៤. បន្ទប់តាំងបង្ហាញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ
៥. បន្ទប់បង្ហាញពីសាវតារបស់ស៊ីម៉ាក់
៦. បន្ទប់បង្ហាញពីគ្រាប់បែកទម្លាក់ពីយន្តហោះគ្រប់ប្រភេទ
៧. បន្ទប់បង្ហាញពីម៉ាស៊ីនរាវមីនគ្រប់ប្រភេទ
៨. បន្ទប់បង្ហាញពីការអប់រំផ្សព្វផ្សាយពីគ្រោះថ្នាក់ ដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះគ្រប់ប្រភេទ
៩. បន្ទប់បង្ហាញពីការកសាងសន្តិភាព និងការអភិវឌ្ឍន៍តាមរយៈការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ ផ្ទុះគ្រប់ប្រភេទ

IV. ផ្នែកខាងក្រៅនៃសាលធំ (Exterior of the Main Exhibition Hall) មានផ្នែកជាច្រើនដែលត្រូវទស្សនាដូចជា:

១. ប្រវត្តិជនរងគ្រោះនិងជនពិការដោយសារគ្រាប់មីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
២. ផែនទីបង្ហាញពីទីតាំងរងផលប៉ះពាល់ ដោយសារគ្រាប់មីន គ្រាប់បែកចង្កោម គ្រាប់ទម្លាក់ពីយន្តហោះ និងទីតាំងប្រតិ បត្តិការរបស់ស៊ីម៉ាក់នៅក្នុងប្រទេសកម្ពុជា
៣. ដំរីសន្តិភាព (ធ្វើពីគ្រាប់មីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ)
៤. សព្វាវុធចាស់ៗបន្សល់ពីសង្គ្រាមរ៉ាំរ៉ៃជាច្រើនទសវត្សរ៏នៅប្រទេសកម្ពុជា
៥. ទីតាំងបង្ហាញពីរបៀបកប់មីនក្នុងសម័យសង្គ្រាម
៦. ទីតាំងបង្ហាញពីគ្រឿងយន្តកសិកម្ម និងបណ្តាគ្រឿងយន្តដ៏ទៃទៀត ដែលរងការខូចខាត ដោយសារផ្ទុះគ្រាប់មីនតោន
៧. ឧបករណ៏វាយកំទេចគ្រាប់មីន
៨. ទីតាំងធ្វើសកម្មភាពបង្ហាញពីរបៀបបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ (ធ្វើសកម្មភាពបង្ហាញ ដោយកណ្តុរហិតមីន មនុស្ស និងសុនខហិតមីន)

V. ចម្ការមីនសិប្បនិមិត្ត (Mocking Minefield) ដែលមានវិសាលភាពលើផ្ទៃដីទំហំ ១ ហិកតា។ ទីតាំងនេះមានចំនុចជា
ច្រើនដែលត្រូវទស្សនាដូចជា :

១. ភូមិឋានចាស់ៗបោះបង់ចោលដោយសាររងផលប៉ះពាល់ ពីគ្រាប់មីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
២. ទីតាំងបង្ហាញពីគ្រាប់បែកចង្កោម និងគ្រាប់បែកទម្លាក់ពីយន្តហោះមកលើផ្ទៃដី
៣. ទីតាំងបង្ហាញពីយុទ្ធសាស្រ្តសង្រ្គាម និងយុទ្ធសាស្រ្តទ័ពព្រៃរបស់ខ្មែរក្រហម ក្នុងការសម្លាប់សត្រូវ (របៀបដាក់មីន បង្កៃ របៀបដាក់គ្រាប់បង្កៃលាយជាមួយគ្រាប់មីន។ល។ )
៤. ទីតាំងបង្ហាញពីក្រុមបោសសម្អាត គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទនៅក្នុងទឹក
៥. ទីតាំងបង្ហាញពីបន្ទាយទាហ៊ានចាស់ និងយុទ្ធសាស្រ្តការពារខ្លួន និងវាយលុក
៦. ទីតាំងបង្ហាញពីភូមិឋានមានការអភិវឌ្ឍន៏ ក្រោយពេលបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរួចរាល់
៧. ទីតាំងបង្ហាញពីផ្នូរកប់សពសុនខហិតមីន

ដោយសារសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន មានចំណុច និងទីតាំងជាច្រើន ត្រូវទស្សនា ព្រមទាំងមានវិសាលភាព ធំទូលាយ ដូច្នេះភ្ញៀវដែលមកទស្សនា ត្រូវចំណាយពេលយ៉ាងតិច ១ ម៉ោង ដើម្បីដឹងពីរឿងរ៉ាវទាំងអស់ នៅក្នុងសារមន្ទីរ
នេះ។ ដោយឡែកមគ្គុទ្ទេសក៍របស់សារមន្ទីរ (Museum Guide) មានអតីតភាពជាកងទ័ព និងបានបម្រើការងារនៅស្ថាប័ន ស៊ីម៉ាក់អស់រយៈពេលច្រើនជាង ២០ ឆ្នាំ ដោយមានជំនាញផ្សេងៗគ្នា ដូចជា គ្រូបង្រៀនក្នុងវិស័យបោសសម្អាតគ្រាប់មីន អ្នកជំនាញគ្រឿងផ្ទុះ អ្នកបោសសម្អាតមីន ជាដើម។

សូមបញ្ជាក់ សារមន្ទីរសន្តិភាព បើកឲ្យចូលមើលទស្សនាដោយសេរីមិនគិតថ្លៃ៕

អត្ថបទដែលជាប់ទាក់ទង