ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទោះបីជាមានការរាតត្បាត ពីជំងឺកូវីដ-១៩ នៅកម្ពុជា គម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ នៅតែបន្តដំណើរការ ឥតឈប់ឈរ

388

 

ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសភាពាណិជ្ជកម្ម សហរដ្ឋអាមេរិក (American Chamber of Commerce In Cambodia) នៅកម្ពុជា ដឹកនាំដោយលោក Anthony Galliano ប្រធានAmChamនិងជា នាយកប្រតិបត្តិនៃក្រុមហ៊ុនCambodia Investment Management។

ថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជម្រាបជូនគណៈប្រតិភូអំពីការតភ្ជាប់បណ្តាញផ្លូវថ្នល់នៅទូទាំងប្រទេស ជាពិសេសការកសាង ហេដ្ឋារចនាសម្ព័ន្ធពីផ្លូវកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅផ្លូវបេតុងកៅស៊ូ(AC) និងការតភ្ជាប់នៅគ្រប់ច្រកល្ហកទាំងអស់ ដើម្បីពង្រីកទំនាក់ទំនង និងពង្រីកវិសាលភាពសេដ្ឋកិច្ចរបស់កម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាព នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែល សម្រេចបាន គម្រោងកំពុងអនុវត្តបន្ត និងគម្រោងសាងសង់ នាពេលអនាគតដែលក្នុង នោះរួមមាន៖ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ១ លេខ២ លេខ២២ លេខ៣ លេខ៤ លេខ៥ ផ្លូវជាតិលេខ៦ លេខ៧ លេខ៨ លេខ៤៨ លេខ១០ លេខ១១ លេខ៥៦ លេខ៥៨ និងផ្លូវជាតិលេខ៧៦ ដែលត្រូវបានបញ្ចប់ ការសាងសង់រួចរាល់ និងគម្រោងលើកកម្ពស់ផ្លូវជាតិលេខ ៣១ ៣៣ ៤១ ពីផ្លូវកៅស៊ូ ពីរស្រទាប់ស្តើង(DBST)ទៅជាផ្លូវបេតុងកៅស៊ូ(AC) គម្រោងសាងសង់ផ្លូវជាតិលេខ៧១c កំពង់ចាម-ត្បូងឃ្មុំ និង គម្រោងសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានលើកឡើងផងដែរអំពី គម្រោងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅក្រុង ព្រះសីហនុគិតរហូតមកទល់ពេលនេះ សម្រេចបានជាង៥០%ហើយ គម្រោងសាងសង់ផ្លូវល្បឿនលឿនពី ភ្នំពេញទៅបាវិត ផ្លូវក្រវ៉ាត់ក្រុងទី២បញ្ចប់រួចរាល់ គម្រោងសាងសង់ ផ្លូវក្រវ៉ាត់ក្រុងទី៣ កំពុងដំណើរការ សាងសង់ និងគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ ដើម្បីកាត់បន្ថយការ កកស្ទះចរាចរណ៍ក្នុងទីក្រុង ភ្នំពេញ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ ទោះបីជាមានការរាតត្បាតពីជំងឺកូវីដ-១៩ នៅកម្ពុជា ក៏ដូចជា នៅទូទាំងពិភពលោកក៏ដោយ ក៏គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជានៅតែបន្តដំណើរការ របស់ខ្លួនឥតឈប់ឈរ មិនទាន់ឃើញមានគម្រោង ណាមួយត្រូវបានរងផលប៉ះពាល់ ដោយការរាតត្បាត ពីជំងឺដ៏កាចសាហាវនេះនៅឡើយទេ។

ទាក់ទងនឹងការដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរថា៖ ក្រសួងបានប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាសម័យ ទំនើបដើម្បីគាំទ្រ ដល់ផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ចំណេញពេល វេលា កាត់ចំណាយក្រៅផ្លូវការ ដែលក្នុងនោះរួមមាន៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ ប្រព័ន្ធ ស្វ័យប្រវត្តិកម្មលក់លេខពិសេសផ្ទាល់ខ្លួន ការបើកដំណើរការមណ្ឌលប្ដូរ និងពន្យារបណ្ណបើកបរនៅផ្សារ ទំនើបអ៊ីអនម៉ល១ អ៊ីអនម៉ល២ និងផ្សារ ទំនើបជីបម៉ុង និងការបង្កើតទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេក ទេសយានយន្ត និងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)ដើម្បីឱ្យប្រជាពលរដ្ឋ ចូលរួមរាយការណ៍អំពីផ្លូវខូច សំដៅថែទាំផ្លូវឱ្យបានយូរអង្វែង។

ជាងនេះទៅទៀត គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(NRSC) កំពុងអភិវឌ្ឍគម្រោងដ៏ថ្មី ស្រឡាងមួយទៀត គឺកម្មវិធីកាត់ពិន្ទុបណ្ណបើកបរ ដែលអនុញ្ញាតឱ្យ សមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការ ដកពិន្ទុបណ្ណបើកបរដោយស្វ័យប្រវត្តិ និងជូនដំណឹងទៅ កាន់ស្ថាប័នចេញបណ្ណបើកបរ និងម្ចាស់បណ្ណ ដែលប្រព្រឹត្តខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោក និងកម្មវិធីព័ត៌មានវិទ្យាជាច្រើនទៀត ដើម្បីផ្ដល់សេវា សាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានធ្វើកត់សម្គាល់ផងដែរថា៖ កម្ពុជាកំពុងគិតគូរអំពី គោលនយោបាយ និងយុទ្ធសាស្ត្រសម្រាប់ ការដឹកជញ្ជូនបៃតង ដើម្បីសម្របខ្លួនទៅតាមការរីកចម្រើននៃ សាកលភាវូបនីយកម្ម ជាពិសេសការប្រើប្រាស់ យានយន្តដែលដើរដោយថាមពលអគ្គិសនីជំនួសវិញ ដើម្បីអាចកាត់បន្ថយថ្លៃដើមប្រតិបត្តិការ និងជៀសវាងការបំភាយ ឧស្ម័នផ្ទះកញ្ចក់នៅពេលដែល យានយន្តអគ្គិសនីសាកភ្លើង ដោយថាមពលកកើតឡើងវិញ។

ទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្ស ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូអំពីការបង្កើត វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីអភិវឌ្ឍធនធានមនុស្សសម្រាប់ក្មេងជំនាន់ ក្រោយ ជាពិសេស បណ្តុះបណ្តាលវិស្វករកម្ពុជាឱ្យចេះធ្វើផ្លូវ អាចសាងសង់ស្ពានឆ្លងទន្លេមេគង្គបាន និង ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ប្រកបដោយគុណភាពរឹងមាំ ឱ្យដូនតាជំនាន់មុនដែល បានកសាង អង្គរវត្តទុកឱ្យ។

ជាទីបញ្ចប់ គណៈប្រតិភូ បានសម្តែងនូវការកោតសរសើរ យ៉ាងជ្រាលជ្រៅចំពោះ កិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងការប្ដេជ្ញាចិត្តខ្ពស់ប្រកប ដោយការទទួលខុសត្រូវដើម្បីបន្តជំរុញ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យមាន ការរីកចម្រើន យ៉ាងរហ័ស៕

អត្ថបទដែលជាប់ទាក់ទង