ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីកសិកម្ម ផ្តាំផ្ញើឲ្យមន្ត្រីជំនាញ និងមន្ទីរកសិកម្មខេត្ត បន្តផ្តល់ការគាំទ្រ និងបណ្ដុះបណ្ដាល ដល់សហគមន៍ ក្នុងការធ្វើកសិកម្មទំនើប

74

 

កំពង់ឆ្នាំង ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងសហការី កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានឈានចូលពិនិត្យការងារដាំដុះបន្លែសុវត្ថិភាព របស់សហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

យោងតាមរបាយការណ៍របស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា សហគមន៍នេះបាន ចុះបញ្ជីស្របច្បាប់នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ២០១៦ ដែលមានសមាជិកចាប់ផ្តើមដំបូងតែ ៣៦នាក់ ស្រី្ត ២៩នាក់ ដោយមាន ការសម្របសម្រួលបង្កើត និងគាំទ្រដោយអង្គការហេហ្វឺអន្តរជាតិកម្ពុជា ក្នុងគម្រោងលើកកម្ពស់ទីផ្សារសម្រាប់កសិករខ្នាតតូច និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងចាប់ផ្តើមប្រតិបត្តិការអាជីវកម្មសហគមន៍ ដោយចំនួន ៦៦ហ៊ុន ដែលមានទឹកប្រាក់សរុបចំនួន ៣,៣លានរៀលតែប៉ុណ្ណោះ។ គួរជាទីមោទនៈបច្ចុប្បន្ននេះ សហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម បានពង្រីកសមាជិករបស់ខ្លួន ដល់ចំនួន ១៤០គ្រួសារ និងមានទុនជាទឹកប្រាក់សរុបចំនួន ៧៦,៣លានរៀលសម្រាប់ ប្រតិបត្តិការអាជីវកម្មសហគមន៍ លើផ្ទៃដីសរុប ៨៦ហិកតា។

អាជីវកម្មសំខាន់ៗ របស់សហគមន៍មានដូចជា ការផ្តល់ឥណទានកសិកម្ម ដោយគ្របដណ្តប់វិសាលភាពទូទាំងឃុំទឹកហូត ផ្គត់ផ្គង់ធាតុចូលកសិកម្ម និងពូជបន្លែដល់សមាជិក ការចិញ្ចឹមមាន់ និងដាំបន្លែសុវត្ថិភាព ដូចជាខ្ទឹមស្លឹក ស្ពៃខៀវ ស្ពែតឿ សាឡាដ និងភ្លៅកង្កែប។ តាមរយៈការដាំដុះក្នុងផ្ទះសំណាញ់ដែល ជាបច្ចេកទេសកសិកម្មថ្មីគាំទ្រដោយ កម្មវិធីផ្សព្វផ្សាយបច្ចេកទេស កសិកម្មថ្មីដែលធន់ទៅនឹង ការប្រែប្រួលអាកាសធាតុ ដែលហៅកាត់ថា ASPIRE សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងការអនុវត្តផលិតកម្មកសិកម្មតាម កិច្ចសន្យារវាងសហគន៍ និងអ្នកប្រមូលទិញ បច្ចុប្បន្នសហគមន៍មាន លទ្ធភាពផលិត និងលក់ខ្ទឹមស្លឹកដែលជា ដំណាំង អាទិភាពរបស់សហគមន៍ពី ៣-៤តោនក្នុង ១ថ្ងៃជាប្រចាំទៅកាន់ ទីផ្សារភ្នំពេញនិងទីផ្សារនានា។

មានចំណាប់អារម្មណ៍នាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីសារទរ និងកោតសរសើរចំពោះល្បឿន នៃការវិឌ្ឍរីកចម្រើន ដ៏ល្អពីមួយឆ្នាំទៅមួយឆ្នាំ របស់សហគមន៍។ ការវិវឌ្ឍរីកចម្រើននេះហើយ បានចូលរួមយ៉ាងសំខាន់ ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងជាពិសេសចូលរួម ជាមួយក្រសួងក្នុងការពង្រឹង និងពង្រីកផលិតភាព ផលិតកម្មកសិកម្មក្នុងស្រុក ដើម្បីឈានទៅបន្តការ កាត់បន្ថយការនាំចូលពីបណ្តាប្រទេស។

ឯកឧត្តមក៏ត្រេកអរ ចំពោះសមិទ្ធផលជាហេដ្ឋារចនាសម្ព័ន្ធដែល សមាគមន៍ទើបទទួល បានកាលពីចុងឆ្នាំ២០២០ នេះបន្ទាប់ពីលោក បានណែនាំដល់អគ្គនាយកដ្ឋានកសិកម្ម និងនាយកដ្ឋានវិស្វកម្មកសិកម្មឲ្យ នាំយកអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី មកជួយឧបត្ថម្ភគាំទ្រ ដល់ការតភ្ជាប់អគ្គិសនី សាងសងអណ្តូងទឹកចំនួន ៨ អាងស្តុកទឹកចំណុះ ៥០ម³ ចំនួន ២អាង ម៉ាស៊ីនបូមទឹកចំនួន ១២ និងប្រព័ន្ធស្រោចស្រពប្រវែង ៤ ៨២៣ម ឃើញថា បាននិងកំពុងជួយ ដល់សហគមន៍ យ៉ាងច្រើនក្នុងការធ្វើការដាំដុះវិលជុំពេញមួយឆ្នាំ ដើម្បីធានានូវនិរន្តរភាពនៃការផ្គត់ផ្គង់។

បន្ថែមពីនេះ ឯកឧត្តមក៏បានផ្តាំផ្ញើឲ្យមន្ត្រីជំនាញ និងមន្ទីរកសិកម្មខេត្ត បន្តផ្តល់ការគាំទ្រ និងបណ្ដុះបណ្ដាលដល់សហគមន៍ ក្នុងការធ្វើកសិកម្មទំនើប ទាំងផ្នែកបច្ចេកទេសដាំដុះ គ្រប់គ្រង និងទីផ្សារធ្វើយ៉ាងណា ពង្រីកការចងក្រងសមាជិកបណ្តុំ សមាគមន៍ឲ្យកាន់តែធំ និងកាន់តែរឹងមាំ៕

អត្ថបទដែលជាប់ទាក់ទង