ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទេសចរណ៍ ជូនដំណឹងពីកម្មវិធីប្រកួតប្រជែង សហគ្រិនវ័យក្មេងក្នុងវិស័យទេសចរណ៍ជនបទ របស់អង្គការទេសចរណ៍ពិភពលោក

245

 

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងលេខ ២៥៩ សជណ.អអទ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ស្តីពី កម្មវិធីប្រកួតប្រជែង សហគ្រិនវ័យក្មេងក្នុងវិស័យទេសចរណ៍ជនបទ របស់អង្គការទេសចរណ៍ពិភពលោក។

ក្រសួងទេសចរណ៍សូមជម្រាបជូនដល់សាធារណជនឲ្យបានជ្រាបថា៖ ដោយទទួលបានការគាំទ្រ និងកិច្ចសហការពី អង្គការទេសចរណ៍ពិភពលោក (UNWTO) ក្រសួងទេសចរណ៍សូមប្រកាសជូនដំណឹង និងលើកទឹកចិត្តដល់យុវជន ដែលជាសហគ្រិនវ័យក្មេងដែលប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ ចូលរួមកម្មវិធីប្រកួតប្រជែង “សហគ្រិនវ័យក្មេងក្នុងវិស័យ ទេសចរណ៍ជនបទ” (UNWTO Rural Tourism Startup Competition)របស់អង្គការទេសចរណ៍ពិភពលោក (UNWTO)។

កម្មវិធីប្រកួតប្រជែងនេះមានគោលដៅជ្រើសរើសសហគ្រិនវ័យក្មេងឆ្នើមពីប្រទេសសមាជិកអង្គការទេសចរណ៍ពិភពលោក ដើម្បីជំរុញការបង្កើតអាជីវកម្មទេសចរណ៍ ជាពិសេសនៅតាមតំបន់គោលដៅ ទេសចរណ៍ជនបទដើម្បីទ្រទ្រង់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋានឆ្ពោះ ទៅកាន់ការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ កាន់តែប្រសើរ ជាពិសេសចូលរួមដោះស្រាយផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ ក្នុងវិស័យទេសចរណ៍។

សហគ្រិនជ័យលាភីនឹងទទួលបាននូវជំនួយបច្ចេសទេស ពង្រឹងអាជីវកម្មពីអង្គការទេសចរណ៍ពិភពលោក (UNWTO) នឹងក្លាយជាសមាជិកនៃបណ្តាញសហគ្រិនវ័យក្មេងរបស់ពិភពលោក ព្រមទាំងទទួលបាននូវឱកាសបង្ហាញអំពីអាជីវកម្មរបស់ខ្លួន ចំពោះមុខថ្នាក់ដឹកនាំទេសចរណ៍ពិភពលោក នៃប្រទេសជុំវិញពិភពលោកមកពី១៥៩ប្រទេស និងអង្គការពិភពលោកធំៗ នាឱកាសមហាសន្និបាទអង្គការទេសចរណ៍ពិភពលោកលើកទី២៤ នាខែតុលា ឆ្នាំ២០២១ ក្នុងប្រទេសម៉ារ៉ុក។

បេក្ខជនត្រូវបង្ហាញអំពីលក្ខណៈពិសេសនៃអាជីវកម្មរបស់ខ្លួន ដែលរំលេចអំពីកំរិតច្នៃប្រឌិត នវានុវត្តន៍ ដោះស្រាយនូវ ផលប៉ះពាល់ នៃជីវភាពប្រជាពលរដ្ឋរងផលប៉ះពាល់កូវីដ១៩ ព្រមទាំងចូលរួមដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅមូលដ្ឋាន។ ក្រសួងទេសចរណ៍សូមលើកទឹកចិត្តដល់យុវជន យុវនារី ដែលជាសហគ្រិនវ័យក្មេង កំពុងប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ ឬមានគម្រោងបង្កើតមុខរបរ ដែលជួយដល់សហគមន៍ជនបទងើបពីវិបត្តិកូវីដ-១៩ ចូលរួមប្រកួតក្នុងកម្មវិធីខាងលើ ហើយក្រសួងទេសចរណ៍នឹងចូលរួមសហការ សម្របសម្រួលក្នុងការដាក់បេក្ខភាព។ ស្នើបេក្ខជនដែលមានចំណាប់អារម្មណ៍សូមទំនាក់ទំនង មកនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍៕

អត្ថបទដែលជាប់ទាក់ទង