ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវ និន សាផុន និងឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះពិនិត្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ

392

 

ព្រះសីហនុ ៖ នៅថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១ លោក ជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា និងឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញដឹកនាំគណៈប្រតិភូចម្រុះ ចុះពិនិត្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណង ដើម្បីស្វែងយល់ពីសកម្មភាពការងារជាក់ស្តែង ក្នុងការដឹកជញ្ជូន ការលើកដាក់ទំនិញនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងសកម្មភាពអភិវឌ្ឍន៍នានា ផងដែរ។

គួរកត់សម្គាល់ផងដែរថា៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចូលទីផ្សារមូលបត្រកម្ពុជា បោះផ្សាយ លក់ភាគហ៊ុន បានបញ្ចុះតម្លៃ១០%នៃតម្លៃសេវាលើកដាក់កុងតឺន័រ និងបានអភិវឌ្ឍចំណតកំពង់ផែពហុបំណង ដោយឡែកទាក់ទងការងារអាជីវកម្មនិងហិរញ្ញវត្ថុឆ្នាំ២០២០ ធៀបនឹងឆ្នាំ២០១៩វិញ កំពង់ផែ ស្វយ័តក្រុងព្រះសីហនុមានទំនិញឆ្លងកាត់ចំនួន ៦ ៦០១ ៨០៤តោន កើនឡើង 0,៨៣% បរិមាណនាវាឆ្លងកាត់មានចំនួន១៥៨២គ្រឿង ថយចុះ៤,៨១% បរិមាណកុងតឺន័រឆ្លងកាត់មានចំនួន៦៤១ ៨៤២ TEUs កើនឡើង០,៤១% និងចំណូលសរុបមានចំនួន ៣១១ ៨១៣ ៧៦៩ ០០០ រៀល ថយចុះចំនួន៧%។

ជាមួយគ្នានេះផងដែរ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដាក់ចេញផែនការអភិវឌ្ឍរយៈពេលវែង ក្រោយឆ្នាំ២០៣០ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពនៃការផ្តល់សេវាជូនអតិថិជន ក្នុងនោះរួមមាន៖ គម្រោងកសាងចំណតកុងតឺន័រទី៤ ប្រវែង១៣០០ម៉ែត្រ គុណ ៥៥០ម៉ែត្រ ចំណតកុងតឺន័រទី៣ប្រវែង ១០៥០ម៉ែត្រ គុណ ៥៥០ម៉ែត្រ ចំណតកុងតឺន័រថភ្លើងប្រវែង២៥០ម៉ែត្រ គុណ ១៧០០ម៉ែត្រ អភិវឌ្ឍតំបន់រដ្ឋបាល និងសេដ្ឋកិច្ច ៥៤ ហិកតា និងតំបន់គយត្រួតពិនិត្យទំនិញប្រវែង៦៥០ម៉ែត្រ គុណ ២០០ម៉ែត្រ។

ដោយឡែក ផែនការអភិវឌ្ឍរយៈពេលខ្លីឆ្នាំ២០១៧-២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានផែនការអភិវឌ្ឍកំពង់ផែទឹកជ្រៅចំណតកុងតឺន័រជម្រៅ១៤,៥ម៉ែត្រ ក្នុងនោះ៖ គម្រោងកសាងកំពង់ផែ ទឹកជ្រៅចំណតកុងតឺន័រជំហានទីមួយ ប្រវែង៣៥០ម៉ែត្រ ជំហានទីពីរប្រវែង ៣០០ ម៉ែត្រ និងជំហានទីបី ប្រវែង៣០០ម៉ែត្រផងដែរ៕

អត្ថបទដែលជាប់ទាក់ទង