ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឲ្យអភិបាល រាជធានី ខេត្ត ត្រៀមរៀបចំ ដើម្បីឆ្លើយតប គ្រោះមហន្តរាយទឹកជំនន់ ឆ្នាំ២០២១

59

 

ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២៥មិថុនានឹះ បានចេញសេចក្ដីណែនាំ ស្ដីពីការត្រៀមរៀបចំ ដើម្បីឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ ឆ្នាំ២០២១។

នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាល រាជធានី ខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី-ខេត្ត ឱ្យបានជ្រាបថាៈ យោង តាមសេចក្តីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុរបស់ ក្រសួងធនធានទឹកនិងឧតុនិយម និងការផ្តល់ ព័ត៌មានពីគណៈកម្មការទន្លេមេគង្គ អំពីបរិមាណទឹកភ្លៀងនឹងធ្លាក់ច្រើន នៅតាមតំបន់ផ្ទៃរងទឹកភ្លៀង របស់ទន្លេមេគង្គ និងទន្លេសាប ដែលអាចបង្កឱ្យទឹកទន្លេហក់ឡើង។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ដោយយោងលើកត្តាអាកាសធាតុ នៅដើមរដូវវស្សាឆ្នាំ២០២១នេះ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ សូមធ្វើការណែនាំដល់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បំផុត ត្រៀមរៀបចំទុកជាមុន ដោយប្រកាន់ យកវិធានការ ដូចខាងក្រោម៖

១. ត្រូវពង្រឹងតួនាទីភារកិច្ចរបស់យន្តការគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានចែងក្នុងអនុក្រឹត្យ លេខ ១៨៨ អ.ន.ក្រ. ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាល និងប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ធនធានសរុប ត្រៀមរៀបចំឱ្យបានសមស្រប ក្នុងបរិបទប្រយុទ្ធប្រឆាំងកូវីដ-១៩ សម្រាប់ ការងារជម្លៀស ការជួយសង្គ្រោះ ការរៀបចំទីទួលសុវត្ថិភាព (ទីទួលសុវត្ថិភាពធម្មជាតិ ទីទួលសុវត្ថិភាព សំណង់ វត្តអារាម អគារសាធារណៈ។ល។) តាមវិធានការសុខាភិបាល និងអនុវត្តតាមការណែនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីវិធីការពារខ្លួន ៣ការពារ ៣កុំ។

២. ត្រូវជូនដំណឹងឱ្យបានញឹកញាប់តាមរយៈប្រព័ន្ធផ្សព្វផ្សាយនៅមូលដ្ឋាន Telegram និងប្រកាស ជូនដំណឹង ព័ត៌មានតាមទូរស័ព្ទ ១២៩៤ ការព្យាករអាកាសធាតុ ស្ថានភាពទឹកទន្លេព្រែក ស្ទឹង ជាដើម។ល។ ឲ្យបានជ្រួតជ្រាបដល់ប្រជាជននៅ តំបន់ដែលប្រឈមនឹងការគំរាមគំហែង ពីមុខសញ្ញាគ្រោះថ្នាក់ធម្មជាតិ។ ជាមួយនេះក៏ ត្រូវអប់រំណែនាំប្រជាជននៅតំបន់ដែលងាយរងគ្រោះ ឱ្យមានការទទួលខុសត្រូវក្នុងគ្រួសារ រៀងៗខ្លួន ត្រៀមរៀបចំទុកដាក់សម្ភារសំខាន់ៗ សត្វពាហានៈ មធ្យោបាយ ស្បៀងអាហារ ដើម្បីបញ្ចៀស ការបាត់បង់ និងគ្រោះថ្នាក់ផ្សេងៗ។

៣. ក្នុងករណីដែលមានមុខសញ្ញាគ្រោះថ្នាក់គ្រោះមហន្តរាយកើតឡើង អាជ្ញាធរមានសមត្ថកិច្ច ដែលមានទីតាំងនៅតំបន់ កើតហេតុត្រូវធ្វើប្រតិបត្តិការសង្គ្រោះបន្ទាន់ឆ្លើយតបគ្រោះមហន្តរាយ មុនក្រុម ប្រតិបត្តិការរបស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី ខេត្ត ចុះជួយមកដល់។

លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី ខេត្ត ត្រូវសម្របសម្រួលការឆ្លើយតប ក្នុងព្រឹត្តការណ៍គ្រោះមហន្តរាយ ប្រមូលវិភាគព័ត៌មានតាមប្រព័ន្ធព្រឹស៊ឹម និងផ្តល់ចំណាត់ការ ជូនប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី ខេត្ត ព្រមទាំងរាយការណ៍ជាប្រចាំមក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានក្តីសង្ឃឹមយ៉ាងមុតមាំ នូវស្មារតីទទួលខុសត្រូវខ្ពស់ និងកិច្ចសហការយ៉ាងរឹងមាំពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយគ្រប់ថ្នាក់ ដើម្បីធានាសុវត្ថិភាព សុខុមាលភាពក្នុងការរស់នៅរបស់ប្រជាជន៕

 

អត្ថបទដែលជាប់ទាក់ទង