ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

54

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២៥ មិថុនា ឆ្នាំ២០២១នេះ ជូនដំណឹងដល់អភិបាលរាជធានី-ខេត្ត ដើម្បីពង្រឹងការធ្វើចត្តាឡីស័កនៅតាមបណ្តាច្រកព្រំដែននានា និងការពង្រឹងវិធានការដ្ឋបាល ចាំបាច់នានា ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta ក្នុងសហគមន៍ ។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង សូមជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងជាប្រធាន គ.រ.ខ. ឲ្យបានជ្រាបថា៖ ដោយផ្អែកតាមសភាពការណ៍ នៃការរីករាលដាលជំងឺ
កូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta មានវត្តមាននៅកម្ពុជា តាមរយៈការនាំចូលពី តាមបណ្ដោច្រកព្រំដែននានា និងដើម្បីបង្ការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta នេះ ចូលក្នុងសហគមន៍ គណៈកម្មការអន្តរក្រសួង ប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមធ្វើការណែនាំដូចខាងក្រោម៖

១-អនុវត្តវិធានការធ្វើចត្តាឡីស័កនៅ មណ្ឌលធ្វើចត្តាឡីស័កមាត់ច្រកព្រំដែន ចំពោះអ្នកដំណើរទាំងអស់ ដែលធ្វើដំណើរឆ្លងចូល មកក្នុងប្រទេសកម្ពុជា ដោយមិនធ្វើការដឹកជញ្ជូនបន្ត ដើម្បីយកទៅធ្វើចត្តាឡីស័ក នៅតាមភូមិ ឃុំទៀតទេ។ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត (គ.រ.ខ.) ត្រូវសហការជាមួយអនុគណៈកម្មការ គ្រប់គ្រងច្រកទ្វារចេញ-ចូល និងការធ្វើចត្តាឡឺស័ក ដើម្បីកំណត់ទីតាំងមណ្ឌលចត្តាឡីស័កដែលនៅជិតបំផុតសម្រាប់ ការធ្វើចត្តាឡីស័កនេះ។ ទន្ទឹមនឹងនេះ អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការពង្រឹងវិធានការចត្តាឡីស័កនេះ នៅតាមមណ្ឌលឲ្យបានម៉ឺងម៉ាត់ ស្របតាមគោលការណ៍ណែនាំផ្នែកសុខាភិបាល។

២-បង្កើនការពង្រឹងការគ្រប់គ្រងច្រកព្រំដែន ជាពិសេស ច្រករបៀង ចៀសវាងការជ្រៀត ឆ្លងព្រំដែនចូល មកក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់ ដែលបង្កហានិភ័យ ក្នុងការចម្លងមេរោគបំប្លែងខ្លួនថ្មី ចូលក្នុងសហគមន៍។ គ.រ.ខ. ត្រូវចាត់វិធានការពង្រឹង ការគ្រប់គ្រងប្រជាពលរដ្ឋធ្វើចំណាកស្រុក ដែលវិលត្រឡប់មកភូមិ-ឃុំវិញ និងត្រូវអនុវត្តវិធាន ការចត្តាឡីស័កនៅ មណ្ឌលចត្តាឡីស័កឲ្យបានម៉ឺងម៉ាត់ ក្នុងករណីដែលរកឃើញថា ប្រជាពលរដ្ឋទាំងនោះ ពុំបានឆ្លងកាត់ការធ្វើចត្តាឡីស័ក នៅតាមព្រំដែន។

៣-ពង្រឹងការអនុវត្តវិធានការ ទាំងផ្នែករដ្ឋបាល ទាំងផ្នែកសុខាភិបាល សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់ នូវខ្សែរយៈចម្លងនៃមេរោគកូវីដ-១៩ ប្រភេទថ្មីនេះ នៅតាមមូលដ្ឋានដែលត្រូវបាន រកឃើញអ្នកដែលបានឆ្លងជំងឺនេះ។

អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងជាប្រធាន គ.រ.ខ. ចាត់ចែងអនុវត្តតាមការណែនាំ ខាងលើនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២១ តទៅ៕

អត្ថបទដែលជាប់ទាក់ទង