ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូតចិនប្រចាំកម្ពុជា ចុះសួរសុខទុក្ខ លោកយាយជន្មាយុ១០១ឆ្នាំ ដែលបានចាក់វ៉ាក់សាំងចិន ប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ

60

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែកក្កដា តាមសំណើររបស់ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, លោក Chang Jian អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជាបានអញ្ជើញទៅមណ្ឌលចាក់វ៉ាក់សាំងមួយកន្លែងក្នុងរាជធានីភ្នំពេញ ដើម្បីចុះសួរសុខទុក្ខលោកយាយ ហូ ខាំ ដែលជាប់សែស្រឡាយចិនមានជន្មាយុ១០១ឆ្នាំ ដែលបានអញ្ជើញទៅចាក់វ៉ាក់សាំងចិនដូសទី២នៅមណ្ឌលខាងលើ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩, ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍និងជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក, ឯកឧត្តមវេជ្ជបណ្ឌិត ស្រូយ អាដុល្លា អនុរដ្ឋលេខាធិការនៃក្រសួងសុខាភិបាលកម្ពុជា និងឯកឧត្តម លី ចាន់សុភក្តី អនុរដ្ឋលេខាធិការក្រសួងផែនការកម្ពុជាអញ្ជើញមានវត្តមានក្នុងពិធីខាងលើ។ លោក Chang Jian បានជូនពរលោកយាយក៏ដូចជាក្រុមគ្រួសារលោកយាយសិរីសួស្តីបវរល្អប្រសើរ។

លោកមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងស្ថិតក្រោមការគាំទ្រនិងចូលរួមពីរាជរដ្ឋាភិបាលកម្ពុជានិងសង្គមគ្រប់ស្ថាប័ន និងព្រមទាំងស្ថិតក្រោមកិច្ចសហប្រតិបត្តិការរួមគ្នារវាងចិននិងកម្ពុជា ប្រទេសកម្ពុជាប្រាកដជាអាចយកឈ្នះជាមួយជំងឺវីរុសមួយនេះជាមិនខាន។ ក្នុងកម្មវិធីសួរសុខទុក្ខខាងលើនេះ ស្ថានទូតចិនក៏បានប្រគល់បាច់ផ្កា ម៉ាស និងវត្ថុអនុស្សាវរីយ៍ដែលមានលក្ខណៈនៃចិនជូនដល់លោកយាយ និងព្រមទាំងបានផ្តល់អំណោយជាសម្ភារៈទប់ស្កាត់ជំងឺវីរុសជូនដល់មណ្ឌលចាក់វ៉ាក់សាំងខាងលើ។

ក្រោយពីបញ្ចប់កម្មវិធីខាងលើ លោក Chang Jian បានអញ្ជើញចុះត្រួតពិនិត្យមណ្ឌលចាក់វ៉ាក់សាំងខាងលើជាមួយលោកជំទាវ ឱ វណ្ណឌីន។

រហូតមកដល់ពេលនេះ ចិនបានផ្តល់វ៉ាក់សាំងកូវីដដល់កម្ពុជាចំនួន ១០.៧ លានដូស (ក្នុងនោះ ២.២លានដូសគឺជាជំនួយឥតសំណង និង៨.៥លានដូសជាការបញ្ជាទិញរបស់ភាគីកម្ពុជា) ហើយប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងចំនួន៤.៣លានដូស៕

អត្ថបទដែលជាប់ទាក់ទង