ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ស៊ី ជិនពីង ផ្ញើលិខិតមួយជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមអបអរសាទរខួប ៧០ ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា

42

 

ភ្នំពេញ ៖ លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធបិតីចិន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានផ្ញើលិខិតមួយជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមអបអរសាទរខួប ៧០ ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដោយលោក Xi Jinping បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិន និងប្រទេសកម្ពុជាជាមិត្តដែកថែប និងជាសហគមន៍រួមវាសនាតែមួយ ទំនាក់ទំនងទ្វេភាគីបានអភិវឌ្ឍប្រកបដោយកម្រិតខ្ពស់អស់កាលជាយូរមក។

ក្នុងសារលិខិត លោក Xi Jinping បានសរសេរថា «ក្នុងឱកាសខួបទី ៧០ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមតាងនាមបក្សកុម្មុយនិស្តចិន ប្រជាជនចិននិងខ្លួនខ្ញុំផ្ទាល់ សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះសម្តេច ហ៊ុន សែន ជាប្រធានបក្ស គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា»។

លោក Xi Jinping បានបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជាបានបង្រួបបង្រួម និងដឹកនាំប្រជាជនកម្ពុជាចូលរួមក្នុងបុព្វហេតុកសាង និងការអភិវឌ្ឍប្រទេសជាតិ ដោយបានបានរួមចំណែកជាវិជ្ជមានដល់ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ បច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងមានស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ការបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងការលើកកម្ពស់តួនាទីរបស់ខ្លួននៅលើឆាកអន្តរជាតិ។ យើងមានសេចក្តីរីករាយ យ៉ាងស្មោះស្ម័គ្រចំពោះសមិទ្ធផលទាំងនេះ។ ភាគីចិន នឹងបន្តគាំទ្រកម្ពុជា ដើម្បីដើរតាមមាគ៌ាអភិវឌ្ឍន៍មួយ ដែលសមស្របជាមួយនឹងស្ថានភាពប្រទេសជាតិរបស់ខ្លួន។ យើងជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ គណបក្សប្រជាជនកម្ពុជា នឹងបន្តរួមចំណែកកាន់តែច្រើន និងថ្មីៗថែមទៀតដល់វិបុលភាពជាតិ និងសុភមង្គលរបស់ប្រជាជនកម្ពុជា ក៏ដូចជារួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍន៍ក្នុងតំបន់របស់យើងផងដែរ។

ប្រទេសចិន និងប្រទេសកម្ពុជាជាមិត្តដែកថែប និងជាសហគមន៍រួមវាសនាតែមួយ ទំនាក់ទំនងទ្វេភាគីបានអភិវឌ្ឍប្រកបដោយកម្រិតខ្ពស់អស់កាលជាយូរមក។ បក្សកុម្មុយនិស្តចិន យកចិត្តទុកដាក់ខ្ពស់លើការធ្វើកិច្ចសហប្រតិបត្តិការមេត្រីភាព ជាមួយគណបក្សប្រជាជនកម្ពុជា ខ្ញុំមានឆន្ទៈរួមជាមួយសម្តេច ហ៊ុន សែន សំដៅបង្កើនការណែនាំផ្នែកនយោបាយចំពោះទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការផ្លាស់ប្តូររវាងបក្សនិងក្នុងវិស័យផ្សេងៗឱ្យកាន់តែស៊ីជម្រៅ ជំរុញការកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជា ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសនិងប្រជាជននៃប្រទេសទាំងពីរ៕

 

អត្ថបទដែលជាប់ទាក់ទង