ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការចម្លងជំងឺកូវីដ១៩នាបច្ចុប្បន្ននេះ កើនឡើងលើយុវវ័យ ហើយបន្ដចម្លងទៅមនុស្សចាស់នៅផ្ទះ ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិត

56

ត្បូងឃ្មុំ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ថា ការចម្លងជំងឺកូវីដ១៩ នាបច្ចុប្បន្ននេះ មានសន្ទុះកើនឡើងលើយុវវ័យ ដែលក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភ័ក្ត្រ ពិសាអាហារ ឬគ្រឿងស្រវឹង ដែលជាហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ ហើយបន្ដចម្លងជំងឺនេះទៅអ្នកផ្ទះ ដែលមានមនុស្សចាស់ បណ្ដាលឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ពួកគាត់ ខ្លះដល់បាត់បង់ជីវិត។

រដ្ឋមន្ដ្រីថ្លែងបន្ដថា ករណីស្លាប់នៃជំងឺកូវីដ១៩ ភាគច្រើនជាមនុស្សចាស់ ដែលសុខភាពទន់ខ្សោយ និងមានជំងឺរុំារ៉ៃប្រចាំកាយស្រាប់ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសយុវវ័យ កុំធ្វើពិធីធំដុំ ដែលមានការជួបជុំមនុស្សច្រើន ពិសេសការផឹកស៊ីជុំគ្នា ព្រោះពេលត្រលប់ទៅផ្ទះវិញ អាចនាំយកជំងឺកូវីដនេះ ចម្លងទៅអ្នកផ្ទះ ជាពិសេសមនុស្សចាស់ ដែលងាយរងគ្រោះបំផុត។

ការថ្លែងបែបនេះ របស់រដ្ឋមន្រី្ដក្រសួងសុខាភិបាល ក្នុងឱកាសចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែក ព្រះនរោត្ដមសីហនុ ត្បួងឃ្មុំ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងប្រាប់ថា «យើងឃើញហើយថា ករណីឆ្លងនៃជំងឺកូវីដ១៩ នៅតែបន្ដកើនឡើង ជារៀងរាល់ថ្ងៃ ហើយករណីស្លាប់ក៏មានកាន់តែច្រើន ដោយភាគច្រើនជាមនុស្សចាស់ និងអ្នកមានជំងឺរុំារ៉ៃស្រាប់។ ដូចនេះ សូមលើកទឹកចិត្ដដល់យុវវ័យ កុំធ្វើពិធីធំដុំ ដែលមានមនុស្សច្រើន មានការផឹកស៊ី និងពិសាអាហាររួមគ្នាជាដើម ចៀសវាងយកជំងឺកូវីដនេះ ទៅចម្លងអ្នកផ្ទះ ដែលមាន ម្ដាយ ឪពុក តា យាយ ចាស់ជរានៅផ្ទះ»

លើសពីនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង គូសបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ យើងក៏បានរកឃើញនូវវីរុសបំប្លែងថ្មីប្រភេទ Delta ជាច្រើនករណី ដែលរកឃើញទៅលើអ្នកដំណើរវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនកម្ពុជា-ថៃ ដែលទាមទារឱ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ នៅទូទាំងប្រទេស បន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួន ឲ្យស្របតាមពាក្យស្លោក ដែលថា «រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩» សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមាននៅកម្ពុជាយើង ជាយថាហេតុណាមួយ»

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានអំពាវនាវ ដល់យុវវ័យគ្រប់រូប សូមចូលរួមអនុវត្តនូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់ និងត្រឹមត្រូវលើការពារ ៣កុំ និងកុំទៅកាន់ទីតាំងដែលមានមនុស្សច្រើន ដើម្បីការពារបុគ្គលខ្លួនឯង កុំនាំវីរុសកូវីដ-១៩ មកចូលផ្ទះ និងដើម្បីការពារសមាជិកគ្រួសាររបស់ខ្លួន ជាពិសេស ឪពុកម្តាយជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារ ដែលជាបុគ្គលងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅដល់ការស្លាប់បើមានការឆ្លងនូវ វីរុសកូវីដ-១៩។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥៣,២៩៨នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៦,១២៣នាក់ និងស្លាប់សរុបចំនួន ៦៩៦នាក់៕

អត្ថបទដែលជាប់ទាក់ទង