ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានគណៈប្រចាំការ នៃគណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជម្រុញការអនុវត្តយុទ្ធសាស្ត្រ ទាំង៦ចំណុច របស់សម្ដេចតេជោ ឲ្យបានម៉ឺងម៉ាត់បំផុត

64

ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមប្រជុំ តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ ស្ដីពីការចាត់ចែងជំរុញ ការអនុវត្តយុទ្ធសាស្ត្រ ទាំង៦ចំណុច របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធទប់ស្កាត់នឹងជំងឺកូវីដ-១៩ ។

កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (គ.ប.ក) ដោយបានពិនិត្យ ពិភាក្សា និងការចាត់ចែងជំរុញ ការអនុវត្តយុទ្ធសាស្ត្រទាំង៦ចំណុច របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធ ទប់ស្កាត់នឹងជំងឺកូវីដ-១៩ និងសេចក្ដីព្រាង គោលនយោបាយ ស្ដីពីតេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ រៀបចំដោយអនុគណៈកម្មការវាយតម្លៃ ផែនការយុទ្ធសាស្រ្ត ,សេចក្ដីព្រាងគោលការណ៍ណែនាំ សម្រាប់ការប្រើប្រាស់ តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ រៀបចំដោយ អនុគណៈកម្មការសេវាមន្ទីរពិសោធន៍។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងកិច្ចប្រជុំនោះ បានជំរុញឲ្យអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ និងសមត្ថកិច្ចយកចិត្តទុកដាក់ពិសេស គឺការអនុវត្តយុទ្ធសាស្ត្រ ទាំង៦ចំណុច របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី
ដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺ-១៩ ។

លោកបន្តថា ៖ការធ្វើតេស្តរហ័ស រកអង់ទីហ្សែន កូវីដ-១៩ ជាកិច្ចការងារមួយ ក្នុងចំណោមយុទ្ធសាស្ត្រទាំង៦ ចំណុចរបស់សម្ដេចតេជោ ដែលយើងត្រូវយកចិត្តទុកដាក់ ដើម្បីអនុវត្តឱ្យទទួលបានជោគជ័យ។ ក្រោយកិច្ចប្រជុំពិភាក្សានិងអនុម័តហើយ យើងនឹងធ្វើរបាយការណ៍ ជូនសម្រេចតេជោហ៊ុនសែនផងដែរ។

ក្នុងនោះដែរ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជំរុញឲ្យមានការធ្វើចត្តាឡីស័ក ចំពោះអ្នកដែលមកពីខាងក្រៅប្រទេស ពោលគឺ ឱ្យពួកគាត់ធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ នៅក្នុងមណ្ឌលចត្តាឡីស័ក និងបន្តអោយធ្វើចត្តាឡីស័ក ចំនួន៧ថ្ងៃទៀតនៅផ្ទះ ដើម្បីអោយគ្រប់ចំនួន២១ថ្ងៃ។

បន្ថែមពីលើនេះទៀត៖ លោកឧបនាយករដ្ឋមន្ត្រី បានជំរុញឲ្យអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ ជុំវិញពីទីតាំងដែលមានហានិភ័យខ្ពស់ នៃការឆ្លងរីករាលដាលជំងឺ-១៩ ដែលមានដូចជា ការជួបជុំផឹកស៊ី ដែលមានមនុស្សច្រើន ទីតាំងក្លឹបកំសាន្ត ខារ៉ាអូខេ ដែលត្រូវតែមានវិធានការ ឲ្យបានម៉ឺងម៉ាត់បំផុត ៕

  

អត្ថបទដែលជាប់ទាក់ទង