ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខួប១៣ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សម្ដេចតេជោ ដាស់តឿន​ថា​ កិច្ច​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ ជាភារកិច្ច​របស់កូនខ្មែរគ្រប់ៗគ្នា

68

​ភ្នំពេញ ៖ នៅថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២១ នេះ ជា​ខួប​១៣ឆ្នាំ​ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ ព្រឹត្តិការណ៍​ដែល​កើតឡើង​កាលពី​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០០៨ ត្រូវបាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ប្រវត្តិ សាស្ត្រ​ថ្មី​មួយ​ បើ​គិត​ចាប់តាំងពី​កម្ពុជា​ទទួលបាន​ប្រាសាទ​ដ៏​ពិសិដ្ឋ​មួយ​នេះ ក្រោយ​ឈ្នះក្តី​លើ​ប្រទេស​ថៃ​ នៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​១៩៦២​។

ព្រះវិហារ ប្រាសាទ​ដ៏​ពិសិដ្ឋ​របស់​កម្ពុជា​ដែល​ស្ថិតនៅលើ​ភ្នំ​ដងរែក ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ នាកិច្ចប្រជុំទី ៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី​០៧ ខែ កក្កដា ឆ្នាំ​២០០៨ នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កាណាដា​។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​ បានរម្លឹកដាស់តឿន​ពលរដ្ឋ​ទាំង​អស់គ្នាថា កិច្ចការពារសម្បត្តិបេតិកភណ្ឌជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗគ្នា។

តាមរយៈហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅរសៀលទី៦ កក្កដា នេះ​ ​សម្តេច​បាន​សរសេរ​ថា​ នៅ​ថ្ងៃ​ស្អែក​ទី៧​កក្កដានេះ ​គឺ​ជាខួប១៣ឆ្នាំហើយ នៃ​ការដាក់​បញ្ចូលប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌពិភព​លោក នាកិច្ចប្រជុំទី៣២​របស់​គណៈកម្មាធិការបេតិកភណ្ឌ​ពិភពលោក​​​របស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា ក្រោយឈ្នះក្តីលើប្រទេសថៃ នៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ខែមិថុនា ឆ្នាំ១៩៦២។

សម្តេច ក៏បានរម្លឹកថា សូមចូលរួម​​ថែរក្សា​ការពារប្រាសាទ​បូរាណ​ទាំងអស់​នៅទូទាំង​ប្រទេស​ឲ្យ​បានគង់វង្ស ​ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់៕

អត្ថបទដែលជាប់ទាក់ទង