ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យម្នាក់ ផឹកស៊ីស្រវឹង យកកាំបិតហាន់សាច់ខ្លែម ចាក់អ្នកផឹកស៊ីជាមួយគ្នា ត្រូវនគរបាលវ៉ៃខ្នោះ

81

 

ខេត្តសៀមរាប ៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយមានការណែនាំពីលោក ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត លោកឧត្តម សេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែន ព្រហ្មទណ្ឌ និងលោកវរ:សេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរង ទទួលជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំងដោយផ្ទាល់ សហការណ៍ជាមួយលោក វរសេនីយ៍ទោ តាំង លីហេង អធិការ នគរបាលស្រុកជីក្រែង ធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ជិន វណ្ណា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ពាក់ព័ន្ធករណី ឃាតកម្ម កាល ពីវេលាម៉ោង ២២:០៥នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២២និង ០៥នាទី មានករណី ឃាតកម្ម ត្រង់ចំណុចភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប បង្ករឡើងដោយជន សង្ស័យ ឈ្មោះ ជិន វណ្ណា ភេទប្រុស អាយុ ១៨ឆ្នាំ បានផឹកស៊ី ជាមួយជនរងគ្រោះ ០២នាក់ ០១.ឈ្មោះ រិន លាប ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរ ធ្វើស្រែ ០២. ឈ្មោះ រុន ដូង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ធ្វើស្រែ អ្នកទាំង ០២ រស់នៅភូមិកើតហេតុខាងលើ ដោយពេលកំពុងផឹកស៊ីនោះ ក៏មានទំនាស់ពាក្យសម្តីនិងគ្នា ជនសង្ស័យ ឈ្មោះ ជិន វណ្ណា បានយកកាំបិតចុងស្រួចពណ៍សដែលហាន់សាច់ខ្លែម ចាក់មកលើ ជនរងគ្រោះ ឈ្មោះ រិន លាប ១កាំបិត ត្រូវចង្កេះ និងចាក់ជនរងគ្រោះ ឈ្មោះ រុន ដូង ត្រូវចុងដង្ហើម ១កាំបិត ក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យបានរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះទាំង២នាក់ខាងលើ ត្រូវបានបងប្អូនដឹកយកទៅមន្ទីពេទ្យទាំងយប់ បានពាក់កណ្តាលផ្លូវ ជនរងគ្រោះ ឈ្មោះ រុន ដូង បានស្លាប់ នៅសល់ជនរងគ្រោះឈ្មោះ រិន លាប រងរបួសធ្ងន់ កំពុងព្យាបាល នៅមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុ លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង បានដឹកនាំកម្លាំងសហការជាមួយ កម្លាំងអធិការនគរបាលស្រុកជីក្រែង ធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត រហូតដល់ម៉ោង ១៦ និង ០០នាទី ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២១ ទើបឃាត់ ខ្លួនជនសង្ស័យ ឈ្មោះ ជិន វណ្ណា ដែលកំពុងលាក់ខ្លួនក្នុងព្រៃបានតែម្តង ក្រោយធ្វើការ ឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ជិន វណ្ណា បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន ។

បច្ចុប្បន្បនេះ ជនសង្ស័យ កំពុងត្រូវបានកម្លាំង ជំនាញរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង