ចិនឈរលេខ១ ដែលវិនិយោគ នៅកម្ពុជា ច្រើនជាងគេ មានទឹកប្រាក់ ២ពាន់លានដុល្លារ គិតត្រឹម ឆមាសទី១ឆ្នាំ២០២១
ភ្នំពេញ៖ បើតាមរបាយការណ៍ ស្តីពីសកម្មភាពវិនិយោគនៅកម្ពុជា គិតត្រឹម ឆមាសទី១ ឆ្នាំ២០២១នេះ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា ប្រទេសចិន គឺជាប្រទេសដែលឈរនៅ លំដាប់លេខរៀងទី១ ដែលបានមកវិនិយោគ មកកាន់ប្រទេសកម្ពុជា ច្រើនជាងគេ គិតជាទឹកប្រាក់ប្រមាណ ២ពាន់លានដុល្លារ។
របាយការណ៍ CDCបានបញ្ជាក់បន្ថែមទៀតថា៖ ក្នុងឆមាសទី១ ឆ្នាំ២០២១ តួលេខវិនិយោគ មកពីប្រទេសចិន បានឈរនៅលំដាប់លេខរៀងទី១ ដោយចូលរួមចំណែកប្រមាណ៦៩% នៃការវិនិយោគសរុប ខណៈដែល ការវិនិយោគក្នុងស្រុក បានឈរនៅ លំដាប់លេខរៀងទី២ ដោយចូលរួមចំណែកប្រមាណ ២១% នៃការវិនិយោគសរុប ។
សូមបញ្ជាក់ថា៖ សម្រាប់ប្រទេសឈរលេខ៣ គឺប្រទេស Cayman Islands ចំនួន ៣.៣៦% (ប្រមាណ៩៩លានដុល្លារ) នៃការវិនិយោគសរុប, លេខ៤ ប្រទេស Ritisgh Virgin Islands ចំនួន២.៣៧% (ប្រមាណ ៧០លានដុល្លារ) នៃការវិនិយោគសរុប, ប្រទេសថៃ ឈរលេខរៀងទី៥ ចំនួន១.៧៧% (ប្រមាណ៥២លានដុល្លារ) នៃការវិនិយោគសរុប, ប្រទេសសិង្ហបុរី ឈរលេខរៀងទី៦ ចំនួន០.៦៨% (ប្រមាណ២០លានដុល្លារ) នៃការវិនិយោគសរុប, ប្រទេសកូរ៉េខាងត្បូង ឈរលេខរៀងទី៧ ចំនួន០.៦៧%(ប្រមាណ ១៩លានដុល្លារ) នៃការវិនិយោគសរុប។ ប្រទេសម៉ាឡេស៊ី ឈរលេខរៀងទី៨ ដែលវិនិយោគមកកាន់កម្ពុជា ចំនួន០.៥៦% (ប្រមាណ១៦លានដុល្លារ) នៃការវិនិយោគសរុប, សហរដ្ឋអាមេរិក ឈរលេខរៀងទី៩ ចំនួន០.៣២% (ប្រមាណ៩លានដុល្លារ) នៃការវិនិយោគសរុប និងប្រទេសសាម័រ ឈរលេខរៀងទី១០ ចំនួន០.១៣% (ប្រមាណ ៣លានដុល្លារ) នៃការវិនិយោគសរុប។
កម្ពុជា គិតត្រឹមឆមាសទី១ ឆ្នាំ២០២១នេះ បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្ម ចំនួន៨៧គម្រោង ដែលមានទុនវិនិយោគ សរុបចំនួន ២ ៩៦៩ ៦២៩ ៣៣៨ ដុល្លារអាមេរិក ដែលអាចបង្កើតការងារ បានចំនួន ៥០ ០២៩កន្លែង។ ជាក់ស្ដែងបើធៀប នឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ចំនួនគម្រោងវិនិយោគ មានការថយចុះចំនួន៦៣ គម្រោង ខណៈទុនវិនិយោគ មានការកើនឡើង ចំនួនប្រមាណ ៣១៥លានដុល្លារអាមេរិក ៕ សំរិត