ក្រសួងសុខាភិបាល ចេញសេចក្តី សម្រេចដាក់ឲ្យ អនុវត្តគោលការណ៍ណែនាំប្រតិបត្តិ ស្តីពីការប្រើប្រាស់តេស្តរហ័សរកវីរុសកូវីដ-១៩
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចដាក់ឲ្យអនុវត្តគោលការណ៍ណែនាំប្រតិបត្តិ ស្តីពីការប្រើប្រាស់តេស្តរហ័សរកវីរុសកូវីដ-១៩
សម្រាប់គ្រឹះស្ថានសុខាភិបាលឯកជន, ស្ថាប័ន និងអង្គភាពរដ្ឋមិនមែនសុខាភិបាល, បណ្តាច្រកទ្វារចេញ-ចូលប្រទេស, ក្រុមហ៊ុនឯកជន រោងចក្រ-សហគ្រាស និងទីកន្លែងអាជីវកម្មផ្សេងទៀត និងសម្រាប់បុគ្គលឯកជន។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៧ ខែកក្កដានេះ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា គោលការណ៍ណែនាំប្រតិបត្តិ ស្តីពីការប្រើប្រាស់តេស្ករហ័សរកវីរុសកូវីដ១៩នេះ ត្រូវបានរៀបចំឡើងដោយផ្អែកតាមស្ថានភាព នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងវត្តមាននៃករណីនាំចូលមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងប្រទេសកម្ពុជា។
ដើម្បីរួមចំណែកនៅក្នុងការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត គោលការណ៍ណែនាំប្រតិបត្តិនេះ ក៏ត្រូវមានវិសាលភាពអនុវត្តផងដែរ ចំពោះការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ នៅតាមផ្ទះ ឬជាលក្ខណៈឯកជន។ គោលការណ៍ណែនាំប្រតិបត្តិនេះ នឹងត្រូវយកទៅប្រើប្រាស់ជំនួស «ឱ្យគោលការណ៍ណែនាំសម្រាប់ការប្រើប្រាស់តេស្តរហ័ស រកអង់ទីហ្សែនកូវីដ-១៩ ក្នុងសេវាសុខាភិបាលឯកជនស្របច្បាប់»។
ដោយឡែក គោលការណ៍ណែនាំប្រតិបត្តិនេះ មិនមានវិសាលភាពអនុវត្ត ចំពោះគ្រឹះស្ថានសុខាភិបាលសាធារណៈ, សេវាថែទាំ និងព្យាបាលជំងឺកូវីដ-១៩ និងសេវាដទៃទៀតដែលពាក់ព័ន្ធនឹងការប្រយុទ្ធជំងឺកូវីដ-១៩ ដែលការប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ត្រូវ
បន្តអនុលោមទៅតាមគោលការណ៍ណែនាំ ដែលកំពុងនៅជាធរមាន៕