ឯកឧត្តម ប្រាក់ សុខុន ជួបសន្ទនា តាមប្រព័ន្ធវីដេអូ ជាមួយ ឯកឧត្តម ថងសាវ៉ាន់ ភុំវិហាន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី
ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តម ថងសាវ៉ាន់ ភុំវិហាន ប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងទិសដៅកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត រវាងគណបក្ស និងស្ថាប័នទាំងពីរ។
ឯកឧត្តម ប្រាក់ សុខុន បានអបអរសាទរចំពោះឯកឧត្តម ថងសាវ៉ាន់ ភុំវិហាន ដែលត្រូវបានគណបក្សប្រជាជនបដិវត្តន៍ឡាវ តែងតាំងជាប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ។
ឯកឧត្តម ប្រាក់ សុខុន បានកោតសរសើរភាពប៉ិនប្រសប់ នៃការដឹកនាំរបស់គណបក្សប្រជាជនបដិវត្តន៍ឡាវ និងបានជម្រាបជូនភាគីមិត្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រមុខគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា កម្ពុជាបានដាក់ចេញនូវគោលដៅអភិវឌ្ឍន៍ ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ព្រមទាំងបានជម្រាបអំពីកិច្ចការនៅចំពោះមុខដែលកម្ពុជាកំពុងយកចិត្តទុកដាក់ដោះស្រាយ និងរៀបចំ ផងដែរ។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ស្អិតរមួត និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជា ប្រពៃណីរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ និងបានឯកភាពគ្នាថា ការចែករំលែក ព័ត៌មានទៅវិញទៅមកជាប្រចាំ និងទាន់ពេលវេលា គឺមានសារសំខាន់ និងជាមូលដ្ឋានចាំបាច់សម្រាប់ជំរុញកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យរវាងគណបក្ស និងប្រទេសទាំងពីរឱ្យប្រព្រឹត្តទៅដោយរលូន និងគ្រប់ជ្រុងជ្រោយ។
ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តចំពោះយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលប្រទេស ទាំងពីរមាន ដូចជា កិច្ចប្រជុំគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឡាវ កិច្ចប្រជុំគណៈ កម្មាធិការចម្រុះព្រំដែនកម្ពុជា-ឡាវ កិច្ចប្រជុំប្រចាំឆ្នាំរវាងក្រសួងមហាផ្ទៃកម្ពុជានិងក្រសួងសន្តិសុខឡាវ និងកិច្ច ប្រជុំរវាងអាជ្ញាធរតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ និងបានឯកភាពថា យន្តការទាំងនេះបានផ្ដល់ឱកាស ឱ្យប្រទេសទាំងពីរធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ប្រកបដោយផ្លែផ្កា និងផលប្រយោជន៍ទៅវិញទៅមក។ ភាគី ទាំងពីរក៏បានឯកភាពខិតខំទ្វេដងបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរ៉ូលីវិស័យ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការអប់រំ និងសុខុមាលភាពប្រជាជន ដោយអនុវត្តរាល់កិច្ចព្រមព្រៀង ឬ អនុស្សរណៈយោគយល់ និងសេចក្តីសម្រេចចិត្តនានារបស់ថ្នាក់ដឹកនាំកំពូលគណបក្ស និងរដ្ឋាភិបាលប្រទេសទាំងពីរ ព្រមទាំងបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីនានា ដើម្បីលើកកម្ពស់តួនាទីរបស់បរទស ទាំងពីរនៅលើកិច្ចការអន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក សំដៅធានាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ភាគីទាំងពីរបានឯកភាពរៀបចំកិច្ចប្រជុំកំពូល រវាងប្រធាន/អគ្គលេខាធិការ នៃគណបក្សកាន់អំណាចន ប្រទេសទាំងបី កម្ពុជា-ឡាវ -វៀតណាម តាមការឯកភាពគ្នារួចមកហើយ ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីនៃប្រទេស ទាំងបី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។
ទន្ទឹមនេះ ភាគីទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមក ដោយសង្ខេបអំពីបច្ចុប្បន្នភាពនៃសភាពការណ៍ ថ្មីៗនៅក្នុងប្រទេសរៀងៗខ្លួន។ ឯកឧត្តម ប្រាក់ សុខុន បានកោតសរសើរភាពប៉ិនប្រសប់នៃការដឹកនាំរបស់ គណបក្សប្រជាជនបដិវត្តន៍ឡាវ ដែលនាំឱ្យប្រទេសមានការរីកចម្រើនជាលំដាប់។ ឯកឧត្តម បានជម្រាបជូន ភាគីមិត្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជា ប្រមុខគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា កម្ពុជាបានដាក់ចេញនូវគោលដៅអភិវឌ្ឍន៍ ដើម្បី ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និងបានជម្រាបអំពីកិច្ចការនៅចំពោះមុខដែលកម្ពុជាកំពុងយកចិត្តទុកដាក់ដោះស្រាយ និងរៀបចំ។ ឯកឧត្តម ថងសាវ៉ាន់ កុំវិហាន បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមមគ្គុទេសក៍ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ដែលបាននាំឲ្យកម្ពុជាទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ និងគ្រប់គ្រងជំងឺកូវីដ-១៩ នៅក្នុងប្រទេសបានយ៉ាងមានប្រសិទ្ធភាព។
នៅចុងបញ្ចប់នៃជំនួប ភាគីទាំងពីរបានសម្តែងនូវការពេញចិត្ត ជំនួបនេះពិតជាទទួលបាននូវលទ្ធផល ផ្លែផ្កាជាទីគាប់ចិត្ត និងបានរួមចំណែកយ៉ាងសំខាន់ដល់ការពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព ដ៏រឹងមាំ ភាពជាអ្នកជិតខាងល្អ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងគណបក្ស រដ្ឋាភិបាល និង ប្រជាជននៃប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕