ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សំណុំរឿងថ្មី ៖ អ្នកស្រី ទេព វន្នី និងសកម្មជនបឹងកក់៥រូប ត្រូវតុលាការផ្ទន្ទាទោសជាប់ពន្ធនាគារម្នាក់ៗ៦ខែ តែត្រូវព្យួរទោស

99


ភ្នំពេញ៖ សកម្មជនដីធ្លីដ៏ឆ្នើមអ្នកស្រី ទេព វន្នី ដែលទើបចេញពីពន្ធនាគារព្រៃសរយៈពេលពីរថ្ងៃនោះ រួមនឹងបក្ខពួក ៤នាក់ទៀត ត្រូវបានចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ កោះហៅទៅបំភ្លឺនៅតុលាការ ពាក់ព័ន្ធនឹងសំណុំរឿងមួយផ្សេងទៀត គឺបណ្តឹងរបស់ លោកស្រី លី មុំ ដែលជាអតីតសកម្មជន​ដីធ្លី​បឹងកក់ដូចគ្នា នាពេលកន្លងមក។ បន្ទាប់ពីសាកសួរ អស់ពេលមួយព្រឹកថ្ងៃទី២៤សីហានេះ លោក ប៊ុន ធី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស អ្នកស្រីទេព វន្នី រួមទាំងសកម្មជនបឹងកក់ ៥រូប ផ្សេងទៀត ឱ្យជាប់ពន្ធនាគាររយៈពេល៦ខែ ពាក់ព័ន្ធនឹងករណី “គំរាមថានឹងសម្លាប់” ដែលប្តឹងដោយ អតីត​ស្ត្រី​បឹងកក់ លោកស្រី លី មុំ ប៉ុន្តែទៅទាំងអស់នេះ តុលាការមិនឱ្យអនុវត្តនោះទេ គឺត្រូវព្យួរទាំងអស់។

អ្នកស្រី ទេព វន្នី សកម្មជនដីធ្លីតំបន់បឹងកក់ ដែលទើបត្រូវបានដោះលែង ចេញពីពន្ធនាគារ រួមទាំងសកម្មជនបឹងកក់៣រូបទៀត ក្នុងចំណោមជនជាប់ចោទ៦នាក់ បានចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញជាថ្មី នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ដើម្បីតទល់ក្នុងសវនាការនៃសំណុំរឿងមួយផ្សេងទៀត ដែលចោទប្រកាន់ពួកគេពីបទ ពាក់ព័ន្ធនឹងករណី “ប្រមាថ និងគំរាមថានឹងសម្លាប់” ដែលប្តឹងដោយ អតីត​ស្ត្រី​បឹងកក់ លោកស្រី លី មុំ។

ក្រុម​ស្ត្រី​បឹងកក់​៦​នាក់ ដែល​ជា​ជន​ជាប់​ចោទនៅក្នុងសំណុំរឿងនេះ រួម​មាន​​អ្នកស្រី ទេព វន្នី លោកស្រី ហេង មុំ លោកស្រី ង៉ែត ឃុន លោកស្រី ឆេង លាភ លោកស្រី គង់ ចាន់ថា និងលោកស្រី តុល ស្រីពៅ ដែលត្រូវ​បាន​លោកស្រី លី មុំ ដាក់​ពាក្យ​ប្ដឹង​ពី​បទ​ជេរ​ប្រមាថ​ជា​សាធារណៈ និង​គំរាម​ថានឹង​សម្លាប់​ កាល​ពី​ឆ្នាំ​២០១២ កន្លង​ទៅ។

នៅក្នុងពេលបើកសវនាការជំនុំជម្រះនេះ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលុបចោលការចោទប្រកាន់ពីបទជេរ​ប្រមាថ​ជា​សាធារណៈ ប៉ុន្តែកាត់ទោសជនជាប់ចោទទាំង៦នាក់ ដាក់ពន្ធនាការម្នាក់ចំនួន៦ខែ ពីបទ គំរាម​ថានឹង​សម្លាប់ ប៉ុន្តែទោសនេះ ត្រូវព្យួរ មិនអនុវត្តនៅក្នុងពន្ធនាគារឡើយ។

អ្នកស្រី ទេព វន្នី ជាជនជាប់ចោទម្នាក់ ក្នុងចំណោម៦នាក់ ពុំសុខចិត្តទៅនឹងសេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញនោះទេ។ អ្នកស្រី បានប្រាប់អ្នកសារព័ត៌មាន ក្រោយពេលចេញពីសវនាការថា អ្នកស្រីនឹងប្តឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍ នៅពេលខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង