សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិត ក្នុងឱកាសទិវាប្រជាជនពិភពលោកលើកទី៣២
ភ្នំពេញ៖ សារលិខិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសទិវាប្រជាជនពិភពលោកលើកទី៣២ (១១ កក្កដា) ក្រោមប្រធានបទ “សិទ្ធិ និងជម្រើស គឺជាចម្លើយ: មិនចំពោះថាក្នុងដំណាក់កាលបន្ទុះ ឬសម្រុតទារកនោះទេ ដំណោះស្រាយ គឺស្ថិតនៅលើការផ្តល់អាទិភាពដល់សិទ្ធិ និងសុខភាពបន្តពូជសម្រាប់មនុស្សគ្រប់រូប”។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាអង្គការសហប្រជាជាតិ តែងតែលើកទឹកចិត្តដល់បណ្តារដ្ឋភាគីទាំងអស់ ឱ្យប្រារព្ធទិវាប្រជាជនពិភពលោកជារៀងរាល់ឆ្នាំនៅថ្ងៃទី១១ ខែកក្កដា ដោយផ្តោតលើប្រធានបទផ្សេងៗគ្នា។ ប្រធានបទឆ្នាំ២០២១នេះ គឺ ”សិទ្ធិនិងជមើស គឺជា ចម្លើយ: មិនចំពោះថាក្នុងដំណាក់កាលបន្ទុះ ឬសមុតទារកនោះទ ដំណោះស្រាយ គឺស្ថិត នៅលើការផ្តល់អាទិភាពដល់សិទ្ធិនិងសុខភាពបន្តពូជសម្រាប់មនុស្សគ្រប់រូប (Right and Choice are the Anwser: Whether baby boom or bust, the solution lines in prioritizing the reproductive health and rights of all people)”។ ប្រធានបទនេះ ពិតជាមានអត្ថន័យធំធេង ក្នុងស្ថានភាព ដែលពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (កូវីដ-១៩) ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតមនុស្ស សហគមន៍ សេដ្ឋកិច្ចសង្គម និងសុខភាពសាធារណៈ នៅគ្រប់ទិសទីទូទាំងពិភពលោក។ ស្រ្តីនិងក្មេងស្រី គឺជាក្រុមជនដែលងាយរងគ្រោះជាងគេដោយសារជំងឺ រាតត្បាតកូវីដ-១៩ ជាពិសេស លើបញ្ហាសុខភាពបន្តពូជនិងសុខភាពផ្លូវភេទ។
តាមការវាយតម្លៃរបស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ជំងឺរាតត្បាតកូវីដ-១៩ ដែលកំពុងបន្តអូសបន្លាយ បានធ្វើឱ្យប្រព័ន្ធថែទាំសុខភាពទូទាំងពិភពលោកចុះខ្សោយយ៉ាងខ្លាំង ហើយបង្ក ឱ្យមានចន្លោះប្រហោង និងបញ្ហាប្រឈមនានា ក្នុងការផ្ដល់ព័ត៌មាន និងសេវាសុខភាពបន្តពូជនិងសុខភាពផ្លូវភេទក្នុងទំហំមួយយ៉ាងធំធេង។ លើសពីនេះទៀត ការបង្វែរធនធានចេញពីសេវាទាំងអស់នេះ កំពុងតែប៉ះ ពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពស្រ្តីនិងក្មេងស្រី។ ស្រ្តីនិងក្មេងស្រី ដែលជាទូទៅមានចំណូលតិចតួចពីការងារ ដែលមិនសូវស្ថិតស្ថេរ កំពុងជួបនឹងផលវិបាកផ្នែកសេដ្ឋកិច្ចដែលបង្កដោយជំងឺកូវីដ-១៩ ហើយកំពុងប្រឈម នឹងហានិភ័យខ្ពស់ក្នុងបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ ដែលពួកគេងាយនឹងធ្លាក់ចូលទៅក្នុងភាពក្រីក្រ។ លើសពី នេះទៀត ស្ត្រីមានការប្រឈមនឹងការកើនឡើងនូវបន្ទុកការងារដែលគ្មានប្រាក់ឈ្នួល ដែលរុញច្រានស្ត្រីជា ច្រើននាក់ឱ្យចាកចេញពីកម្លាំងពលកម្មដែលមានប្រាក់ឈ្នួល។
ជាមួយគ្នានេះដែរ យោងតាមការវិភាគដំបូងរបស់ UNFPA លើទិន្នន័យដែលមានស្រាប់ ដែលភាគ ច្រើនបានមកពីបណ្តាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ បានបង្ហាញថា ជំងឺកូវីដ-១៩ អាចពន្លឿនការធ្លាក់ ចុះលទ្ធភាពមានកូននៅក្នុងប្រទេសមួយចំនួន រួមទាំងនៅក្នុងបណ្តាប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិក នៅ ពលគូស្វាមីភរិយាឆ្លើយតបទៅនឹងវិបត្តិដោយពន្យារពេលការមានផ្ទៃពោះ ឬផ្លាស់ប្ដូរផែនការយកកូន។ ផ្ទុយ ទៅវិញ ទិន្នន័យនិងការធ្វើចំណោលក៏បានបង្ហាញថា នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម មួយចំនួន, ជំងឺរាតត្បាតកូវីដ-១៩ បានរំខានដល់ការទទួលបានសេវាផែនការគ្រួសារ រួមទាំងការកើនឡើង ការមានផ្ទៃពោះដោយចៃដន្យក្នុងចំណោមក្រុមងាយរងគ្រោះ។ ជាក់ស្ដែង ការកើនឡើងនៃការមានផ្ទៃពោះ ដោយចៃដន្យ ត្រូវបានគេរកឃើញមានក្នុងចំណោមក្មេងជំទង់នៅប្រទេសកេនយ៉ា និងប្រទេសម៉ាឡាវី។
ការវាយតម្លៃដដែលបានធ្វើការសន្និដ្ឋានថា ក្នុងស្ថានភាពនេះ ប្រជាជនជាច្រើនសម្ដែងការព្រួយបារម្ភ កាន់តែខ្លាំងឡើងចំពោះបម្រែបម្រួលអត្រាលទ្ធភាពមានកូន ដែលនៅកន្លែងខ្លះហាក់ដូចជាកំពុងតែកើនឡើង ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩។ ជាប្រវត្តិសាស្ត្រ ទស្សនៈដែលខ្វល់ខ្វាយពីការមានកូនតិច បាន បង្វិលការទទួលខុសត្រូវទៅលើស្រ្តីទាំងស្រុង ដោយមិនគិតពីបញ្ហាប្រឈមផ្នែកសង្គមនិងសេដ្ឋកិច្ចទូលំទូលាយ ដែលបង្កការលំបាកដល់ប្រជាជនក្នុងការកំណត់ចំនួនកូនតាមការចង់បាន។ ក្នុងករណីខ្លះ ទស្សនៈនេះបាន ឈានទៅដល់ការប្រើប្រាស់វិធីសាស្ត្រហួសសម័យ ដូចជា ការកាត់បន្ថយការទទួលបានសេវារំលូតកូនស្រប ច្បាប់ និង/ឬ ការរឹតត្បិតលើការពន្យារកំណើត។ នៅទីកន្លែងដែលមានប្រជាជនកើនឡើង ដើម្បីកាត់បន្ថយអត លទ្ធភាពមានកូន ការដាក់ចេញនូវការធ្វើផែនការគ្រួសារបង្ខំនិងការក្រៀវរួមបញ្ចូលគ្នា គឺជាការឆ្លើយតបផ្នែក គោលនយោបាយមួយប្រកបដោយគ្រោះថ្នាក់។
ការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ទទួលបានជោគជ័យ ពេញមួយឆ្នាំ២០២០ ដែលមានអ្នកឆ្លងក្នុងរង្វង់ត្រឹមតែ ៣៥០ ករណីប៉ុណ្ណោះ និងមិនមានអ្នកស្លាប់សូម្បីត ម្នាក់។ ប៉ុន្តែ ជាអកុសលឆ្នាំ២០២១នេះ ករណីឆ្លងជំងឺកូវីដ-១៩ មានការកើនឡើងយ៉ាងគំហុក ដែលបានធ្វើ ឱ្យរាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជាទាំងមូលមានការព្រួយបារម្ភយ៉ាងខ្លាំង។ ជាក់ស្ដែង គិតត្រឹមថ្ងៃទី ២៦ ខែមិថុនានេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៨ ៥៣២ករណី, ស្លាប់ ៥៥៦នាក់ និងអ្នកជាសះស្បើយ ៤២ ៧៦៤នាក់។ ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាល អាចគ្រប់គ្រងស្ថានការណ៍នេះបានល្អ និងកំពុងបន្ត យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំទូទាំងប្រទេស។ គិតត្រឹមថ្ងៃទី២៣ ខែមិថុនានេះ ការចាក់វ៉ាក់សាំងដូស
ទី១នៅទូទាំងប្រទេស សរុបបានចំនួនជាង៣,៦លាននាក់ ស្មើនឹងប្រមាណ៣៦% នៃប្រជាជនគោលដៅ ចំនួន ១០លាននាក់ ក្នុងនោះអ្នកដែលបានចាក់វ៉ាក់សាំងដូសទី២ សរុបជាង ២,៧លាននាក់។
នៅក្នុងវិស័យសុខភាពសាធារណៈ ជាពិសេសសុខភាពបន្តពូជនិងសុខភាពផ្លូវភេទ រាជរដ្ឋាភិបាល មានការយកចិត្តទុកដាក់និងផ្តល់អាទិភាពខ្ពស់តាំងពីមុនការ ផ្ទុះឡើងនៃជំងឺកូវីដ-១៩មកម៉្លេះ។ ជាក់ស្ដែង ការដាក់ចេញនូវយុទ្ធសាស្ត្រជាតិស្តីពីសុខភាពបន្តពូជនិងសុខភាពផ្លូវភេទ២០១៧-២០២០ គឺសំដៅផ្តល់ អាទិភាពដល់វិស័យសុខភាពបន្តពូជនិងសុខភាពផ្លូវភេទ ដោយធានាថា ប្រជាជនទាំងអស់នៅក្នុងប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីយុទ្ធសាស្ត្រនេះ ជាពិសេស សិទ្ធិអំពីសុខភាពបន្តពូជនិងសុខភាពផ្លូវ ភេទរបស់ស្ត្រីនិងក្មេងស្រី។ យុទ្ធសាស្ត្រជាតិស្តីពីសុខភាពបន្តពូជនិងសុខភាពផ្លូវភេទ បន្តផ្តោតការយកចិត្ត ទុកដាក់លើការបង្កើនការគ្របដណ្តប់ គុណភាព និងការប្រើប្រាស់កិច្ចអន្តរាគមន៍ ដែលបង្ហាញពីប្រសិទ្ធភាព ក្នុងការលើកកម្ពស់សុខភាពនិងសិទ្ធិបន្តពូជនិងផ្លូវភេទ ក្នុងការកាត់បន្ថយការស្លាប់របស់ម្តាយ។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងខិតខំប្រឹងប្រែង ពង្រឹងនិងពង្រីកកិច្ចអន្តរាគមន៍លើផ្នែកសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ ដោយផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើការលើកកម្ពស់ការទទួលបាន និងការប្រើប្រាស់សេវានៅក្នុងតំបន់ដែលកំពុងជួបប្រទះកង្វះខាត ដូចជា តំបន់ភាគខាងជើងនិងឦសាននៃប្រទេស ក៏ដូចជានៅក្នុងចំណោមក្រុមងាយរងគ្រោះនានា ដូចជា យុវវ័យ ក្រុមជនជាតិដើមភាគតិច កម្មករចំណាកស្រុក (រួមទាំងកម្មករកាត់ដេរ កម្មករសំណង់ អ្នកធ្វើការក្នុងសវា កំសាន្ត និងកម្មករកសិកម្ម) និងជនពិការ។
ឆ្លើយតបទៅនឹងស្ថានភាពនៃការរីរាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល បានបន្តជំរុញអនុវត្តគោល នយោបាយគាំពារសង្គម និងបានដាក់ចេញវិធានការអន្តរាគមន៍ជំនួយសង្គមបន្ថែមទៀត សំដៅជួយសម្រាល ការលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលមានជីវភាពក្រីក្រ ជាពិសេសស្តីនិងក្មេងស្រី។ រាជរដ្ឋាភិបាល នៅតែបន្តអនុវត្តកម្មវិធីឧបត្ថម្ភចំពោះកម្មការិនីដែលជាស្ត្រីមានផ្ទៃពោះនិងគ្រួសារដែលមាន ជីវភាពក្រីក្រ ការបង្កើនមូលធនថវិកា “សាច់ប្រាក់ពលកម្ម” ដើម្បីជួយដល់កម្មករនិយោជិតដែលបានព្យួរការងារ អំឡុងពេលដែលរោងចក្រសហគ្រាស គ្រឹះស្ថាន ក្នុងវិស័យកាត់ដេរ និងទេសចរណ៍មួយចំនួនបានផ្អាក ដំណើរការ និងកម្មវិធីជំនួយសង្គមថ្មីមួយទៀត ដែលជាកម្មវិធីជំនួយសង្គមពិសេស គឺ “កម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩- ដែលត្រូវបានប្រកាសឱ្យដំណើរការជា ផ្លូវការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ សំដៅជួយដល់ប្រជាជនដែលមានជីវភាពក្រីក និងងាយរងគ្រោះដែលមានប័ណ្ណសមធម៌ (ក្រ-១ និង ក្រ-២)។
ថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីសម្រេចស្តីពីយន្តការនិងនីតិវិធីនៃការអនុវត្ត កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋនិងគ្រួសារប្រជាពលរដ្ឋមានការ លំបាកផ្នែកជីវភាព រួមមាន ប្រជាពលរដ្ឋនិងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការ លំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ។ រាជរដ្ឋាភិបាល នឹងពិនិត្យលទ្ធភាពគ្របដណ្តប់ ១០០% ចំពោះអ្នកមានប័ណ្ណក្រីក្រ តាមរយៈមូលនិធិ សមធម៌សុខភាព និងគ្របដណ្តប់លើកម្មករផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធ/មន្ត្រីរាជការស៊ីវិល តាមរយៈគម្រោង រ៉ាប់រងធានាសុខភាពមន្ត្រីរាជការស៊ីវិលនៃ ប.សស. ដែលមានកញ្ចប់ភោគផល/ប្រព័ន្ធបង់ប្រាក់ ដែលគ្របដណ្តប់លើកញ្ចប់សេវាសុខភាពបន្តពូជ និងសុខភាពផ្លូវភេទពេញលេញលើគ្រប់កម្រិតថ្នាក់ នៃការថែទាំដែល មានការផ្តល់សេវា។
ទោះក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាល នៅតែផ្ដល់អាទិភាពខ្ពស់លើវិស័យសុខភាពសាធារណៈ តាមរយៈការបង្កើនកិច្ចអន្តរាគមន៍ និងការបង្កើនថវិកាជាតិរៀងរាល់ឆ្នាំ ជាពិសេសលើវិស័យសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ សំដៅពង្រឹងការលើកកម្ពស់សុខភាពបន្តពូជ និងសុខភាពផ្លូវភេទ ដែលជាមធ្យោបាយមួយ នៃការឈានទៅសម្រេចបានគោលដៅការកាត់បន្ថយអត្រាមរណភាពមាតានិងទារក ដែលបានកំណត់ក្នុង ផែនការយុទ្ធសាស្ត្រសុខាភិបាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។
សូមឆ្លៀតយកឱកាសដ៏មានតម្លៃនេះ សូមថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ ជាពិសេសមន្ត្រីសុខាភិបាលជួរមុខ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ដែលបានចូលរួម គាំទ្រនិងរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងសូមជនរួមជាតិ ទាំងអស់បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង ៣ការពារ ដើម្បីរួមចំណែកក្នុងការបញ្ឈប់ការរីករាល ដាលជំងឺកូវីដ-១៩ ទាំងស្រុងនៅក្នុងប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចតេជោ ក៏សូមថ្លែងអំណរគុណដ៏ ជ្រាលជ្រៅបំផុតចំពោះអង្គការសហប្រជាជាតិ ជាពិសេសអង្គការសុខភាពពិភពលោក និងបណ្តាប្រទេសជា មិត្តទាំងអស់ដែលបានគាំទ្រដល់កម្ពុជា ទាំងស្មារតី ទាំងសម្ភារៈសុខាភិបាលនិងវិធីសាស្ត្រព្យាបាលនិងទប់ ស្កាត់ការឆ្លងកូវីដ-១៩នៅក្នុងស្ថានភាពដ៏លំបាកនេះ ជាពិសេស សាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក៕