ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងបរិស្ថាន បានយកឈើសរុបប្រមាណ ១.៣៤៧ ម៉ែត្រគូប ដែលរឹបអូសពីបទល្មើសធនធានធម្មជាតិ ផលិតក្ដារមឈូស សម្រាប់អ្នកស្លាប់ដោយសារកូវីដ-១៩

63

 

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអ្នកនាំពាក្យ បានឲ្យអ្នកសារព័ត៌មាន ដឹងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ថា ក្រសួងបរិស្ថាន បានយកឈើសរុបប្រមាណ ១.៣៤៧ ម៉ែត្រគូប ដែលរឹបអូសពីបទល្មើសធនធានធម្មជាតិក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ នេះ ផលិតក្តារមឈូសសម្រាប់ដាក់សពអ្នកជំងឺកូវីដ-១៩ ហើយបើតាមការប៉ាន់ស្មាន ឈើដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន អាចនឹងផលិតក្តារឈូសបានប្រមាណជាង ១.០០០ ក្តារមឈូស។

លោក នេត្រ ភក្ត្រា បានថ្លែងថា ការអនុវត្តធ្វើក្តារមឈូសនេះ គឺជាការអនុវត្តតាមអនុសាសន៍ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា ចំពោះកិត្តិយស សព តម្លៃមនុស្សក្នុងដំណើរជីវិតចុងក្រោយ និងប្រពៃណីទំនៀមទម្លាប់ខ្មែរក្នុងការគោរពចំពោះសព។

រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានឱ្យដឹងថា គិតមកដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចការផលិតក្តារមឈូស សម្រាប់អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩, ហើយថា មន្ទីរបរិស្ថានខេត្តចំនួន ១៧ ដែលមានឈើស្រាប់ បានផលិតក្តារមឈូស រួចរាល់ចំនួន ៤០៥ និងបានកំពុងបន្តការផលិតបន្ថែមទៀត។

ក្តារមឈូសដែលផលិតបាន ត្រូវបានប្រគល់ជូនអនុគណៈកម្មការគ្រប់គ្រងសពអ្នកជំងឺកូវីដ-១៩ ដើម្បីសម្របសម្រួល ចាត់ចែង និងចែកចាយទៅដល់អនុគណៈកម្មការប្រឆាំងនឹងជំងឺកូវីដ-១៩ ថ្នាក់ខេត្ត ដើម្បីប្រើប្រាស់ដាក់សពអ្នកជំងឺកូវីដ-១៩ឲ្យបានសមរម្យ ហើយក្តារមឈូសដែលផលិតបាន ត្រូវបានយកទៅប្រើប្រាស់ជាបណ្ដើរៗហើយ។

អត្ថបទដែលជាប់ទាក់ទង