ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តដឹកលើស ទម្ងន់ចំនួន ១៤៣គ្រឿង ត្រូវបានឃាត់រក្សាទុក១ឆ្នាំ

104

ភ្នំពេញ៖ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ បានផាកពិន័យ និងឃាត់រក្សាទុករថយន្ត ក្នុងរយៈពេលមួយឆ្នាំ ចំនួន ១៤៣គ្រឿង ដែលជារថយន្តដឹកជញ្ជូនលើសទម្ងន់ លើសពី២០% នៃទម្ងន់អនុញ្ញាត។

គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ បានអនុវត្តច្បាប់ស្តីពីផ្លូវថ្នល់ ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរ លើបណ្តាញផ្លូវ ថ្នល់ ចាប់ពីទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២១។
រថយន្តដឹកលើសទម្ងន់ទាំងនោះ ត្រូវបានឃាត់ទុកដោយក្រុមការងារក្រសួងចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តលើសទម្ងន់ដែលចុះតាមបណ្តាខេត្តនានា និងគោលដៅដើមទីនៅខេត្តបាត់ដំបង និងស្ថានីយជញ្ជីងអចល័តទូទាំងប្រទេស។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ក្នុងពេលចុះពិនិត្យវឌ្ឍនភាពផ្លូវជាតិលេខ៣ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២១កន្លងទៅថា ក្រសួងនឹងចាត់វិធាន ការណ៍តាមនីតិវិធីដោយគ្មានយោគយល់ខ្សែនរណាឡើយ ហើយសកម្មភាពនៃការចុះប្រតិបត្តិការនេះនឹងធ្វើជាបន្តបន្ទាប់ទូទាំងប្រទេសដូចភ្លៀងរលឹម ដើម្បីរឹតបន្តឹងការដឹកជញ្ជូន ឲ្យស្របតាមច្បាប់ ការពារមិនឲ្យមានជនខិលខូចដឹកលើសទម្ងន់ឡើយ។ ក្រសួងនៅតែបន្តអនុវត្តវិធានការនេះបន្តទៀត ដោយមិនយោគយល់ចំពោះឡានអ្នកក្រ ឡានអ្នកមាន អ្នកមានខ្នង ឬឡានអ្នកអត់ខ្នងអ្វីឡើយ ព្រោះរថយន្តដឹកលើសទាំងនោះធ្វើឱ្យខូចផ្លូវដូចគ្នា។
ក្រសួង បានរំលឹកជូនដល់ម្ចាស់រោងចក្រស៊ីម៉ងដូចជា រោងចក្រស៊ីម៉ង់ CONCH ការដ្ឋានផលិត ថ្ម ដេប៉ូខ្សាច់ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ថា៖ ក្រសួង នឹងបន្តអនុវត្តតាមច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុត ដោយគ្មានការលើកលែងឡើយ ៕

អត្ថបទដែលជាប់ទាក់ទង