សមត្ថកិច្ចបង្ក្រាបករណីនាំចូលសាច់មាន់ និងសាច់ជ្រូកជាង១០តោន ខុសច្បាប់ពីថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
បន្ទាយមានជ័យ ៖ មន្ត្រីចម្រុះនៃខេត្តបន្ទយមានជ័យ បានបង្ក្រាបករណីលួចនាំចូលសាច់ជ្រូកចម្រុះ សាច់មាន់ចម្រុះជាង១០តោន ដែលឈ្មួញខិលខូចលួចនាំពីប្រទេសដោយខុសច្បាប់ ចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
ការបង្ក្រាបសាច់ជ្រូក សាច់មាន់ដោយខុសច្បាប់នេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចស្តង់ត្រី១កន្លែង ក្រោយអគារផ្កាយ៣ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឱ្យដឹងថា សាច់ជ្រូកគេកាប់ហើយចម្រុះ និងសាច់មាន់ច្រកដាក់ក្នុងធុងស្នោដឹកពីប្រទេសថៃ ដោយខុសច្បាប់ត្រូវបានមន្ត្រីចម្រុះបង្ក្រាបបានរួមមាន សាច់ជ្រូក សាច់មាន់ ឆ្អឹងមាន់ជាដើមជាង១០តោន។
លោក ហ៊ុយ ទូច បានបញ្ជាក់ថា ការនាំចូលសាច់ជ្រូក សាច់មាន់ ពុំមានច្បាប់អនុញ្ញាតពីក្រសួងកសិកម្មនោះទេ ហើយមួយវិញទៀត ទាក់ទងទៅនឹងការដឹកជញ្ជូន គឺមិនត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត នៃច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ ការដឹកខុសលក្ខណៈបច្ចេកទេសនៃការវិចខ្ចប់ ដែលធ្វើឱ្យផលិតផលទាំងនេះ ខូចគុណភាព ប៉ះពាល់សុខភាពប្រជាពលរដ្ឋយកទៅទទួលទានខ្លាំងណាស់។
លោកបញ្ជាក់ថា ការបង្ក្រាបក្រោមការដឹកនាំពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ សាច់ជ្រូកចម្រុះ និងសាច់មាន់ចម្រុះ ត្រូវប្រមូលយកទៅដុតកម្ទេចចោល ដោយមិនមានលើកលែងនោះទេ។ ប៉ុន្តែមុនដុតកម្ទេចចោល ត្រូវយកសំណាកមកវិភាគ រកសារធាតុគីមីដែលបំផ្លាញសុខភាពជាមុនសិន៕