ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងអប់រំ ៖ ការវិនិច្ឆ័យលទ្ធផលនៃការប្រកួតកីឡាប្រដាល់គុនខ្មែរ ផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់គោជល់ មានភាពមិនប្រក្រតី

915

 

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា ព្រមានផ្អាកការគាំទ្រថវិកាទាំងស្រុង និងលុបប្រកាស ស្ដីពីការអនុញ្ញាតឲ្យ គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប្រដាល់គុនខ្មែរបំពេញភារកិច្ចចេញពីបញ្ជីសហព័ន្ធកីឡាជាតិ ករណីបើមាន បញ្ហាមិនប្រក្រតី ដោយមិនបានអនុវត្តតាមបទបញ្ជា នៃការប្រកួតក្បួនច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈកីឡាបន្ដទៀត។

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការវិនិច្ឆ័យលទ្ធផល នៃការប្រកួតកីឡាប្រដាល់គុនខ្មែរ ផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់គោជល់ មានភាពមិនប្រក្រតី។

ក្រសួងអប់រំ យុវជន និងកីឡាបានពិនិត្យតាមដាន និងយល់ឃើញថា ការវិនិច្ឆ័យការប្រកួតផ្តាច់ព្រ័ត្រ ដណ្ដើមខ្សែក្រវាត់គោជល់ ប្រភេទម្ងន់៦០គីឡូក្រាម រវាងកីឡាករ ឃឹម បូរ៉ា និងកីឡាករ ម៉ឹន មេឃា នា យប់ថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២០:០០នាទី នៅស្ថានីយ៍ទូរទស្សន៍ CNC មានភាពមិន ប្រក្រតីដោយមិនបានអនុវត្តតាមបទបញ្ជានៃការប្រកួត ក្បួនច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈកីឡា ។

ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើការណែនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដូចតទៅ ៖

១. ត្រូវបែងចែកតួនាទី និងភារកិច្ចឱ្យបានច្បាស់លាស់រវាងសហព័ន្ធ និងស្ថានីយ៍ទូរទស្សន៍ដៃគូឧបត្ថម្ភដើម្បីអនុវត្តការងារឱ្យមានការទទួលខុសត្រូវច្បាស់លាស់។

២.ពង្រឹងវិន័យ និងការអនុវត្តបទបញ្ជានៃការប្រកួតឱ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ តាមក្បួនច្បាប់ មានតម្លាភាព និងយុត្តិធម៌។

៣. អភិវឌ្ឍសមត្ថមភាពមន្ត្រី អាជ្ញាកណ្ដាល ចៅក្រម និងស្នងការប្រកួតឱ្យមានសមត្ថភាពជំនាញ មនសិការ ក្រមសីលធម៌វិជ្ជាជីវៈ និងគុណតម្លៃកីឡា។

៤. ដាក់ពិន័យដល់មន្ត្រីដែលប្រព្រឹត្តខុសឆ្គងតាមទោសកំហុស ដែលបានប្រព្រឹត្ត និងលើកទឹកចិត្ត ដល់មន្ត្រីដែលអនុវត្តការងារបានល្អ និងមានស្នាដៃជាគំរូ។

៥. ករណីបញ្ហានេះកើតឡើងបន្តទៀត ក្រសួងអប់រំ យុវជន និងកីឡានឹងផ្អាកការគាំទ្រថវិកាទាំងស្រុង និងលុបប្រកាសស្តីពី ការអនុញ្ញាតឱ្យគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប្រដាល់គុនខ្មែរបំពេញ ភារកិច្ចចេញពីបញ្ជីសហព័ន្ធកីឡាជាតិ។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយធ្វើការព្រមានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលមិនអាចកែសម្រួល ឬកែទម្រង់បាននូវបញ្ហាអយុត្តិធម៌មួយចំនួន របស់អាជ្ញាកណ្ដាល-ចៅក្រម ដោយសារការវិនិច្ឆ័យការប្រកួតមិនគោរពតាមគោលការណ៍លេងដោយយុត្តិធម៌ (Fair-Play) មិនគោរពតាមបទបញ្ជាការប្រកួតគ្មានក្រមសីលធម៌ និងស្មារតីជាមន្ដ្រីយុត្តិធម៌កីឡា ធ្វើឲ្យមហាជនបាត់បង់ជំនឿចិត្ត លើប្រព័ន្ធគ្រប់គ្រងកីឡា និងប៉ះពាល់ដល់គុណតម្លៃនៃ កីឡាអត្តសញ្ញាណជាតិ រហូតធ្វើឲ្យមហាជន និងថ្នាក់ដឹកនាំមានប្រតិកម្ម ជាញឹកញាប់ជាច្រើនលើកច្រើនសារ ៕

អត្ថបទដែលជាប់ទាក់ទង