ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះរាជអាជ្ញា​ ច្រឹង​ ខ្មៅ​ ៖ ពួក​ក្រុម​ឧក្រិដ្ឋជន​បាន​យក​គ្រឿងញៀន​ ធ្វើ​ជា​មុខរបរ​ជំនួញ​របស់​ពួក​គេ ពង្វក់ស្មារតី​អូស​ទាញ​ដល់​ជន​ស្លូតត្រង់ ឲ្យហ៊ាន​ប្រព្រឹត្ត​បទល្មើស​

38

 

​ភ្នំពេញ​ ៖​ ​ឯកឧត្តម ព្រះរាជអាជ្ញា​ ច្រឹង​ ខ្មៅ​ បានបញ្ជាក់​ថា​ បរិមាណ​គ្រឿងញៀន​ច្រើន​សន្ធឹកសន្ធាប់ដែលបានដុតបំផ្លាញនាពេល​នេះ​ គឺ​ពួក​ក្រុម​ឧក្រិដ្ឋជន​បាន​យក​គ្រឿងញៀន​ ធ្វើ​ជា​មុខរបរ​ជំនួញ​របស់​ពួក​គេ​ ហើយ​គ្រឿងញៀន​នេះ​ បាន​ពង្វក់ស្មារតី​អូស​ទាញ​ដល់​ជន​ស្លូតត្រង់​ភាគច្រើន​ជា​យុវវ័យ​បាន​ប្រើប្រាស់​ដោយ​ខុសច្បាប់​ បណ្តាល​ឱ្យ​ខូចសុខភាព​ និង​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​។​

ក្នុង​ឱកាស​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០២១​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និង​អង្គភាព​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២១​នេះ​ បាន​រៀបចំ​ពិធី​ដុត​បំផ្លាញ​គ្រឿង​ជាង​៧​តោន​ បន្ទាប់​ពី​រឹបអូស​បាន​ពី​ក្រុម​ឧក្រិដ្ឋជន​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ខេត្តស្វាយរៀង​ ព្រៃវែង​ កំពង់ឆ្នាំង​ និង​ខេត្តតាកែវ​។​ គ្រឿងញៀន​ជាង​៧​តោន​នេះ​ ត្រូវ​បំផ្លាញ​ចោល​ដោយ​វិធី​ដុត​មាន​ចំនួន​ជាង​៤​តោន​ និង​បំផ្លាញ​ចោល​ដោយ​វិធី​បន្សាប​មាន​ចំនួន​ជាង​៣​តោន​។​

​ដើម្បី​អបអរ​ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គឿ​ង​ញៀន​ ថ្ងៃ​ទី​២៦​មិថុនា​ ឆ្នាំ​២០២១​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និង​អង្គភាព​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ នៅ​ថ្ងៃ​ទី​១៩​ ខែកក្កដា​នេះ​ បាន​រៀបចំ​ពិធី​ដុត​បំផ្លាញ​គ្រឿងញៀន​ បន្ទាប់​ពី​រឹបអូស​បាន​ពី​ក្រុម​ឧក្រិដ្ឋជន​ ក្រោម​អធិបតីភាព​ ឯកឧត្តម​ ជួន​ សុវណ្ណ​ អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និង​មានការ​ចូលរួម​ពី​សំណាក់​តំណាង​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ ព្រមទាំង​មន្ត្រី​តំណាង​ស្ថានទូត​នានា​ប្រចាំ​កម្ពុជា​ ប្រធាន​ FBI​ អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​ និង​តំណាង​ការិយាល័យ​ UNODC​ ប្រចាំ​កម្ពុជា​ផង​ដែរ​។​ ពិធី​ដុត​បំផ្លាញ​ចោល​គ្រឿងញៀន​នេះ​ ធ្វើ​ឡើង​នៅ​ដី​ឡូ​ដិ៍​១​កន្លែង​ នៅ​ផ្លូវ​៦០​ម៉ែត្រ​ រាជធានី​ភ្នំពេញ​។​

​បើ​តាម​ស​ន្ទ​រក​ថា​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ មាស​ វិ​រិ​ទ្ធ​ អគ្គលេខាធិការ​ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿ​ញៀន​ និង​ជា​ប្រធាន​គណៈកម្មការ​ដុត​បំផ្លាញ​គ្រឿងញៀន​ បានឱ្យ​ដឹង​ថា​ គ្រឿងញៀន​ដែល​ត្រូវ​ដុត​បំផ្លាញ​ចោល​ ដែល​ក្នុង​នោះ​រួម​មាន​ ៖​ វត្ថុ​តាង​ទទួល​បាន​ពី​សាលាដំបូង​ និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ខេត្តស្វាយរៀង​ ខេត្តព្រៃវែង​ ខេត្តកំពង់ឆ្នាំង​ និង​ខេត្តតាកែវ​ ដែល​គណៈកម្មការ​យើង​បាន​រៀបចំ​រួច​ជា​ស្រេច​តាម​អំណាច​សាលក្រម​ និង​សាលដីកា​ឱ្យធ្វើ​ការ​ដុត​បំផ្លាញ​តាម​លក្ខណៈ​បច្ចេកទេស​ និង​មាន​សុវត្ថិភាព​។​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ បញ្ជាក់​ថា​ សម្រាប់​សារធាតុ​ញៀន​ ដែល​ត្រូវ​ដុត​បំផ្លាញ​ចោល​នៅ​ថ្ងៃនេះ​ គឺ​មាន​ជាង​៤​តោន​ និង​សារធាតុ​គីមី​ផ្សេងៗ​មួយ​ចំនួន​ទៀត​ មាន​ជាង​៣​តោន​ ដែល​នឹង​ត្រូវ​បំផ្លាញ​ដោយ​វិធី​បន្សាប​។​

​ជាមួយ​គ្នា​នេះ​ ឯកឧត្តម​ ច្រឹង​ ខ្មៅ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​ដែរ​ថា​ ក្នុង​ពេល​បច្ចុប្បន្ន​សំណុំរឿង​គ្រឿងញៀន​បាន​ដំណើរការ​ជា​ធម្មតា​ ដោយ​ដោះស្រាយ​សំណុំរឿង​គ្រឿងញៀន​តាម​លំដាប់លំដោយ​ ។​
​ឯកឧត្តម​ ច្រឹង​ ខ្មៅ​ បញ្ជាក់​ថា​ បរិមាណ​គ្រឿងញៀន​ច្រើន​សន្ធឹកសន្ធាប់​នេះ​ គឺ​ពួក​ក្រុម​ឧក្រិដ្ឋជន​បាន​យក​គ្រឿងញៀន​ ធ្វើ​ជា​មុខរបរ​ជំនួញ​របស់​ពួក​គេ​ ហើយ​គ្រឿងញៀន​នេះ​ បាន​ពង្វក់ស្មារតី​អូស​ទាញ​ដល់​ជន​ស្លូតត្រង់​ភាគច្រើន​ជា​យុវវ័យ​បាន​ប្រើប្រាស់​ដោយ​ខុសច្បាប់​ បណ្តាល​ឱ្យ​ខូចសុខភាព​ និង​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ដូច​ជា​៖​ អំពើ​ឃាតកម្ម​ ចាប់ជំរិត​ រំលោភ​សេពសន្ថវៈ​ លួច​ ឆក់​ ប្លន់​ទ្រព្យសម្បត្តិ​ បង្កើត​ជា​ក្រុម​បង​តូច​បងធំ​ ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ បង្ក​ភាព​អសន្តិសុខ​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ និង​របៀបរៀបរយ​សាធារណ​ ក្នុង​សង្គម​ជាតិ​។​

​ឯកឧត្តម​ព្រះរាជអាជ្ញា​រូប​នេះ​ បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ «​ចំណែក​សមត្ថកិច្ច​របស់​យើង​ទាំង​មន្ត្រី​នគរបាល​ មន្ត្រី​កងរាជអាវុធហត្ថ​ អាជ្ញាធរ​មូលដ្ឋាន​ ព្រមទាំង​អយ្យការ​ តុលាការ​ បាន​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​ច្បាប់​ ដោយ​មិន​យោគយល់​ ឬ​អត់ឱន​ឱ្យ​ជន​ទាំងឡាយ​ណា​ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ទាំងអស់​នេះ​ តុលាការ​នឹង​ផ្តន្ទាទោស​ជនល្មើស​យ៉ាង​ម៉ឺងម៉ាត់​ តាម​បញ្ញត្តិ​ច្បាប់​ជា​ធរមាន​»​។​

ក្នុងឱកាសនោះ​ដែរ​ ឯកឧត្តម ច្រឹង ខ្មៅ បានបញ្ជាក់ថា ការដុតបំផ្លាញគ្រឿងញៀននាពេលនេះ គឺជាសារឆ្លើយតប និងជាសកម្មភាពដែលបង្ហាញឲ្យសារធារណជនទូទៅបានឃើញថា វត្ថុតាងគ្រឿងញៀន ដែលបង្កហានិភ័យ និងនាំឲ្យមានភាពអន្តរាយ ត្រូវបានដុតបំផ្លាញចោលនាឱកាសប្រារព្វទិវាគ្រឿងញៀនអន្តរជាតិលើកទី២២ ដែលត្រូវបានពន្យាពីថ្ងៃទី២៦ មិថុនា មកប្រារព្ធនៅថ្ងៃទី១៩ ខែកក្កដា នេះដោយសារបញ្ហាជំងឺកូវីដ១៩ ។

ជាមួយគ្នានេះ​ ឯកឧត្តម ច្រឹង​ ខ្មៅ​ បានបន្ថែមថា ដោយសារសារធាតុគីមីផ្សំ និងសារធាតុគីមីប្រភេទខ្លះ មានលក្ខណៈគីមី ឆាបឆេះខ្លាំង និងបង្កើតកម្រិតពុលខ្ពស់ មិនអាចធ្វើការបំផ្លាញដោយវិធីដុតបាននោះទេ ព្រោះពាក់ព័ន្ធបញ្ហាសុវត្ថិភាព និងបរិស្ថាន។ ជាមួយគ្នានោះ ក្រុមការងារបច្ចេកទេសក៏បានធ្វើការបែងចែករបៀបបំផ្លាញជាពីរវគ្គដាច់ដោយឡែកពីគ្នា គឺការបំផ្លាញដោយវិធីដុត និងការបំផ្លាញដោយវិធីបន្សាបតាមបច្ចេកទេសគីមីមានសុវត្ថិភាព ។ ចំពោះសារធាតុដែលត្រូវការបន្សាប គណៈកម្មការដុតបំផ្លាញគ្រឿងញៀនសម្រេចប្រគល់ជូនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបន្សាប និងបំផ្លាញចោលតាមលក្ខណៈបចេ្ចកទេសនៅពេលក្រោយ ។

ក្នុងឱកាសនោះ​ ឯកឧត្ដម​ ច្រឹង​ ខ្មៅ​ ព្រះរាជ​អាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ​ បានជម្រាបជូនអង្គពិធីទាំងមូលថា​ គ្រឿងញៀនប្រមាណជាង៧តោនដែលមន្ត្រីជំនាញបានដុតបំផ្លាញនាពេលនេះ គឺបង្រ្កាបបានពីបទល្មើស កាលពីឆ្នាំ២០២០នៅក្នុងខេត្ត រាជធានីចំនួន៥ រួមមានរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង និងខេត្តតាកែវ។

​បើ​យោង​តាម​របាយការណ៍​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ បាន​បញ្ជាក់​ថា​ គ្រឿងញៀន​ដែល​ត្រូវ​ដុត​បំផ្លាញ​ចោល​ក្នុង​ទិវា​អន្តរជាតិ​ប្រ​យុ​ទ្ឋ​ប្រឆាំង​គ្រឿង​នោះ​រួម​មាន​៖​ ហេ​រ៉ូ​អ៊ី​ន​ ២៩១​គីឡូក្រាម​,​ អឹ​ម​ដេ​អឹ​ម​អា​ (​ថ្នាំ​គ្រវី​)​ ៥​គីឡូក្រាម​,​ កញ្ឆា​ ៨​គីឡូក្រាម​,​ កា​ទី​ណូ​ន​ ១០​គីឡូក្រាម​,​ មេ​តំ​ហ្វេ​តា​មីន​ ៦២៦​គីឡូក្រាម​,​ កេ​តា​មីន​ ៤១​គីឡូក្រាម​,​ នី​មេតា​ហ្សេ​ប៉ា​ម​ ១៣​គីឡូក្រាម​,​ សារធាតុ​គីមី​ផ្សំ​ ២.៥​គីឡូក្រាម​,​ សារធាតុ​គីមី​ ៨១២​គីឡូក្រាម​ សរុប​គ្រឿងញៀន​ដែល​សម្រេច​ឲ្យ​បំផ្លាញ​ចំនួន​៧​តោន​៥៥១​គីឡូក្រាម​ ឃាត់ខ្លួនជនសង្ស័យជាង៧ពាន់នាក់៕

អត្ថបទដែលជាប់ទាក់ទង