ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ផ្ដល់អំណោយដល់អ្នកាសែតកម្ពុជាចំនួន៣៣នាក់ ក្នុងអំឡុងពេលប្រឈមនឹងការរាតត្បាតជំងឺកូវីដ-១៩

82

ភ្នំពេញ៖ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) កាលពីថ្ងៃទី១៩ ខែក្កដា ឆ្នាំ២០២១កន្លងមកនេះ បានរៀបចំពិធីចែកអំណោយជូនដល់អ្នកសារព័ត៌មានកម្ពុជា ដែលជួបប្រទះកង្វះខាតជីវភាពចំនួន ៣៣ នាក់ ក្នុងអំឡុងពេលប្រឈមនឹងការរាតត្បាតជំងឺកូវីដ-១៩ក្នុងប្រទេសកម្ពុជា នៅទីស្នាក់ ការកណ្ដាល ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។(នេះបើយោងតាមសេចក្ដីជូនព័ត៌មានរបស់សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន)។
លោក សយ សុភាព សហប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានថ្លែងនូវការសាកសួរសុខទុក្ខ ដល់បងប្អូនអ្នកសារព័ត៌មាន ដែលមានវត្តមានក្នុងពិធីនេះ និងបានបញ្ជាក់ថា ទោះបីជាអំណោយចែកជូននៅគ្រានេះ មិនមានចំនួនច្រើនក្ដី ប៉ុន្តែវាបានរួមចំណែកជួយការលំបាកខ្លះៗ ដល់បងប្អូនអ្នកសារព័ត៌មានយើងក្នុងពេលនេះ ហើយក៏ជាការបង្ហាញពីការនៅកៀកគ្នា ទោះក្នុងកាលៈទេសៈណាក៏ដោយ។លោក លីវ ស៊ាវគួង សហប្រធានភាគីចិន ថ្លែងថា ការផ្ដល់អំណោយនាពេលនេះ គឺទៅតាមធនធានដែលសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ស្នើសុំជំនួយពីសប្បុរសជននានា ដែលបានឧបត្ថម្ភដល់ដំណើរការនាពេលនេះ។ លោកក៏បានប្ដេជ្ញាខិតខំប្រឹងប្រែងបន្ថែមទៀត នៅក្នុងការស្វែងរកមូលនិធិ ដើម្បីចែកជូនបងប្អូនអ្នកសារព័ត៌មានខ្មែរ ឱ្យបានកាន់តែច្រើនថែមទៀតនាពេលអនាគត។
លោក លីវ ស៊ាវគួង ក៏បានរំម្លឹកដល់បងប្អូនអ្នកសារព័ត៌មាន ឱ្យថែរក្សាសុខភាព និងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាមួយក្រសួងសុខាភិបាលផងដែរ។
គួរបញ្ជាក់ដែរថា សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន នឹងរៀបចំពីធីចែកអំណោយជូនអ្នកកាសែត ចំនួន ៣៥នាក់ផ្សេងទៀត នៅថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២១ ដែលកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ក៏មានការចែកជូនអ្នកកាសែតចំនួន ៣២នាក់ ដែលទាំង៣ លើកតាមកាលបរិច្ឆេទនេះមានចំនួនសរុប ១០០នាក់ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង