ទូក និងទំនិញត្រូវឆេះខូចអស់ស្ទើរទាំងស្រុង កណ្តាលសមុទ្រកោះរ៉ុង
ព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២១ខែកក្កដាឆ្នាំ២០២១ មានទូកដឹកទំនិញមួយគ្រឿងបានផ្ទុះឆេះបន្ទាប់ ពីបានចេញដំណើរពីក្រុងកោះរ៉ុងឆ្ពោះទៅក្រុងព្រះសីហនុ។ ទូក និងទំនិញត្រូវឆេះខូចអស់ស្ទើរទាំងស្រុង ដោយមិនមានឧបករណ៍ពន្លត់អគ្គីភ័យ ដើម្បីបាញ់ពន្លត់។ ក្រោយពីទទួលបានដំណឹងនេះ លោកនួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានដឹកនាំកំលាំងផ្ទាល់ ចេញទៅសង្គ្រោះមនុស្សភ្លាមៗ។
លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានឲ្យដឹងថា ទូកប្រជាពលរដ្ឋនៅភូមិដើមថ្កូវសង្កត់កោះរ៉ុង រកស៊ីដឹកឥវ៉ាន់ និងមានអ្នកដំណើរខ្លះផង ដែលតែងតែដឹកទំនិញទៅ/មក ពីក្រុងព្រះសីហនុឆ្ពោះទៅកោះរ៉ុង។ នៅព្រឹកកើតហេតុទូកនេះបានធ្វើ ដំណើរចាកចេញពីក្រុងកោះរ៉ុងឆ្ពោះទៅក្រុងព្រះសីហនុ បន្តិចក្រោយមកស្រាប់តែផ្ទុះឆេះ ហើយមនុស្សនៅលើទូកចំនួន ១១នាក់ (ក្មេងតូច ២នាក់) បានលោតចេញពីទូក ក្រោយមកត្រូវបានកម្លាំងបញ្ចេញអូរបរល្បឿនលឿន ទៅជួយសង្គ្រោះភ្លាមៗ ប៉ុន្តែជាអកុសលមានស្ត្រីម្នាក់ឈ្មោះ ហុីង ស្រស់ អាយុ ៥០ឆ្នាំត្រូវបានស្លាប់។
ទោះយ៉ាងណាគេនៅមិនទាន់ បានដឹងអំពីមូលហេតុជាក់លាក់ ដែលបណ្ដាលឲ្យមានករណីផ្ទុះឆេះទូកនេះនៅឡើយទេ។