អាជ្ញាធររាជធានី បើកការដ្ឋានស្ថាបនាផ្លូវ១ខ្សែប្រវែងជាង១គីឡូម៉ែត្រ ពីផ្លូវ២១៧ដល់ផ្លូវ២៧១
ភ្នំពេញ៖ កំណាត់ផ្លូវមួយខ្សែដែលមានប្រវែងជាង១គីឡូម៉ែត្រ ចាប់ពីផ្លូវ២១៧ដល់ផ្លូវ២៧១ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បើកការដ្ឋានស្ថាបនាហើយ ក្រោយពីដោះស្រាយផលប៉ះពាល់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ បានរួចរាល់ កាលពី២សប្តាហ៍មុននេះ។
ការដ្ឋាននេះបានបើកឱ្យដំណើរនាព្រឹកថ្ងៃទី២៦ខែកក្កដាឆ្នាំ ២០២១ ក្រោមវត្តមាន លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរដែនដីនិងមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញផងដែរ។នេះជាការបើកការដ្ឋានស្ថាបនាផ្លូវជាលើកទី១ហើយនិងមានវត្តមានអភិបាលរាជធានីភ្នំពេញចូលរួមតាំងក្រោយរីករាលដាលដោយកូវីដ១៩មក។
មន្ត្រីរដ្ឋបាលខណ្ឌមានជ័យបានឲ្យដឹងថា កំណាត់ផ្លូវនេះ ជាផ្លូវឲ្យមានលក្ខណៈតូចចង្អៀត ។ដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទើបអាជ្ញាធររាជធានីភ្នំពេញ មានគម្រោងបើកផ្លួវនេះឲ្យបានធំ ដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនិងម្យ៉ាងទៀត ដើម្បីឲ្យរាជធានីភ្នំពេញ មានសណ្ដាប់ធ្នាប់ល្អប្រសើរផងដែរ។ក្នុងនោះយើងសូមកោតសរសើរផងដែរដែលបងប្អូនរស់នៅអមសងខាងផ្លូវនេះសុខចិត្តកាត់ផ្ទះឬរបងថ្មរបងផ្ទះនិងតួផ្ទះរបស់ខ្លួនចេញក៏មានដើម្បីឱ្យអាជ្ញាធរពង្រីកផ្លូវឱ្យបានធំទូលាយ។
កំណាត់ផ្លូវនេះមានប្រវែងជាង១៣៧០ម៉ែត្រ មានទទឹង ១២ម៉ែត្រ , ៩ម៉ែត្រ និងកន្លែងខ្លះ៨ម៉ែត្រ ដោយភ្ជាប់ពីផ្លូវ២១៧ មុខផ្សារស្ទឹងមានជ័យចាស់ រហូតទៅដល់ ផ្លូវលេខ២៧១ មុខមន្ទីរពេទ្យរុស្ស៊ី ឆ្លងកាត់សង្កាត់ចំនួន២ គឺសង្កាត់ស្ទឹងមានជ័យទី២និងសង្កាត់បឹងទំពុនទី១ ក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ ។កំណាត់ផ្លូវនេះត្រូវស្ថាបនាឡើងដោយការចាក់បេតុង ឆ្អឹងដែកកំរាស់២តឹក ជាមួយនឹងការដាក់លូទំហំ៦តឹក ក្នុងសាច់ផ្លូវនេះផងដែរ ។
មន្ត្រីដដែលបានបញ្ជាក់ផងដែរថា ៖ប្រជាពលរដ្ឋដែលប៉ះពាល់ក្នុងគម្រោងពង្រឹកផ្លូវនេះមានចំនួន២០៦ក្បាលដីស្មើនឹងជាង២៥០គ្រួសារ ដោយពួកគាត់សុខចិត្ត សហការជាមួយអាជ្ញាធរ ក្នុងការរុះរើចេញ កាលពីថ្ងៃទី១២កក្កដា ឆ្នាំ២០២១កន្លងមកនេះ។
ក្នុងឱកាសនោះ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យក្រុមហ៊ុនដែលទទួលម៉ៅការស្ថាបនាកំណាត់ផ្លូវនេះ ត្រូវអនុវត្តការងារឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ធ្វើយ៉ាងណាឱ្យកំណាត់ផ្លូវថ្មី១ខ្សែនេះ មានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង ពិសេសលើតំណភ្ជាប់នីមួយៗត្រូវធ្វើឲ្យមានលក្ខណៈហ្មត់ចត់ ។
គួរបញ្ជាក់ផងដែរថា ៖ក្នុងសកម្មភាពចុះបើកការដ្ឋានជាផ្លូវការនេះ លោកឃួង ស្រែង បានធ្វើដំណើរដោយថ្មើជើង ដើម្បីត្រួតពិនិត្យលើការដោះស្រាយផលប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋ ដើរពីផើមផ្លូវរហូតដល់ចុងផ្លូវដោយចាប់ពីផ្លូវ២១៧ រហូតដល់ផ្លូវ២៧១ ៕