ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផលិតផលក្លែងក្លាយ​ និងបទល្មើសកម្មសិទ្ធិបញ្ញា ជាបញ្ហាប្រឈម គួរឱ្យព្រួយបារម្ភ និងកំពុងបង្កជាហានិភ័យ ដល់សេដ្ឋកិច្ចជាតិ

219

ភ្នំពេញ ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ គ.ប.ផ.ក. បានសហការជាមួយសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា និងសាលាដំបូងរាជធានីភ្នំពេញ បានរៀបចំសិក្ខាសាលាស្តីពី “ ការអនុវត្តនីតិវិធី របស់ គ.ប.ផ.ក និងតុលាការ ចំពោះបទល្មើសកម្មសិទ្ធិបញ្ញា” តាមរយៈអនទ្បាញ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ក៏បានលើកទ្បើងថា ការរីករាលដាលនៃផលិតផលក្លែងក្លាយ ក៏ដូចជាបទល្មើសកម្មសិទ្ធិបញ្ញាគ្រប់ប្រភេទនៅក្នុងប្រទេស ក្នុងតំបន់ និងក្នុងពិភពលោក គឺជាបញ្ហាប្រឈមដ៏ធំមួយគួរឱ្យព្រួយបារម្ភបាននិងកំពុង បង្កជាហានិភ័យខ្ពស់ដល់សេដ្ឋកិច្ចជាតិ និងសន្តិសុខសាធារណៈ។

ព្រឹកថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.) បានសហការជាមួយសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា (IPAC) និងសាលាដំបូងរាជធានីភ្នំពេញបានរៀបចំសិក្ខាសាលាស្តីពី “ ការអនុវត្តនីតិវិធី របស់ គ.ប.ផ.ក និងតុលាការ ចំពោះបទល្មើសកម្មសិទ្ធិបញ្ញា ពាក់ព័ន្ធនឹងការនាំចូល ផលិត រក្សាទុក លក់ ចែកចាយផលិតផលក្លែងក្លាយ ” តាមរយៈអនទ្បាញ (Zoom) ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ចូលរួមអធិបតីបើកកម្មវិធី និងមានការចូលរួមមតិស្វាគមន៍ និងណែនាំអំពីកម្មសិទ្ធិបញ្ញាកម្ពុជា ពីលោកស្រីមេធាវី សេង វួចហ៊ុន ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ផងដែរ ។

សិក្ខាសាលាអនឡាញនេះ មានការចូលរួមពីវាគ្មិនកិត្តិយស តំណាង គ.ប.ផ.ក ទទួលបន្ទុកផ្នែកកិច្ចការច្បាប់ បានចែករំលែកអំពី “ការអនុវត្តនីតិវិធីរបស់ គ.ប.ផ.ក ក្នុងករណីបទល្មើសកម្មសិទ្ធបញ្ញា” និងវាគ្មិនតំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចូលរួមចែករំលែកអំពី “ការអនុវត្តនីតិវិធីរបស់អយ្យការ ពាក់ព័ន្ធបទល្មើសកម្មសិទ្ធិបញ្ញា” និងមានសិក្ខាកាមបានចុះឈ្មោះចូលរួមចំនួន ៤៣៨នាក់ មកពីគ្រប់ភាគីពាក់ព័ន្ធដូចជា មន្រ្តីក្រសួង-ស្ថាប័នរដ្ឋ និងឯកជន មេធាវី អាជ្ញាកណ្តាល នានា អ្នកច្បាប់ សភាពាណិជ្ជកម្មរាជធានី-ខេត្ត ធុរជន និស្សិត និងអ្នកចូលរួមផ្សេងៗ ទៀត ។

ក្នុងឱកាសថ្លែងបើកម្មវិធីនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ក៏បានលើកទ្បើងថា ការរីករាលដាលនៃផលិតផលក្លែងក្លាយ ក៏ដូចជាបទល្មើសកម្មសិទ្ធិបញ្ញាគ្រប់ប្រភេទនៅក្នុងប្រទេស ក្នុងតំបន់ និងក្នុងពិភពលោក គឺជាបញ្ហាប្រឈមដ៏ធំមួយគួរឱ្យព្រួយបារម្មណ៍បាននិងកំពុង បង្កជាហានិភ័យខ្ពស់ដល់សេដ្ឋកិច្ចជាតិ និងសន្តិសុខសាធារណៈផងដែរ ដែលទាមទាឲ្យមានការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសទាំងនេះ ហេតុនេះហើយ ទើបវគ្គបណ្តុះបណ្តាលជាច្រើនត្រូវបានរៀបចំ ឡើងដើម្បីសិក្សាស្រាវជ្រាវអំពីការវិវឌ្ឍនៃបទល្មើស ក៏ដូចជាទទួលយកបទពិសោធន៍ថ្មីៗ ដើម្បីយកទៅ អនុវត្តន៍ក្នុងការងារជាក់ស្តែងសម្រាប់បម្រើឱ្យផលប្រយោជន៍ និងសុខភាពសាធារណៈជូនប្រជាពលរដ្ឋ របស់យើង ពីព្រោះថាសុខភាព សុខុមាលភាព និងសុវត្ថិភាពប្រជាពលរដ្ឋជាវិស័យអាទិភាព និងជាទិសដៅ នយោបាយដ៏មានសារៈសំខាន់មួយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានការពារ និងលើកកម្ពស់ ហេតុនេះ សិក្ខាកាមទាំងអស់ដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះ ត្រូវខិតខំប្រឹង ក្រេបយកនូវចំណេះដឹង និងបទពិសោធន៍ទាំងអស់នេះ ដើម្បីទៅអនុវត្តការងាររបស់ខ្លួនដោយការទទួលខុសត្រូវ ខ្ពស់និងប្រកបដោយប្រសិទ្ធភាព ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានបន្តលើកទ្បើងផងដែរថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបផលិតផលក្លែងក្លាយ ក៏ដូចជាបទល្មើសកម្មសិទ្ធិបញ្ញា ពាក់ព័ន្ធនឹងការនាំចូល ការផលិត ការស្តុកទុក ការចរាចរផលិតផលក្លែងក្លាយដែលបទល្មើសទាំងនេះបាននាំឱ្យប្រជាពលរដ្ឋយើងខាត បង់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងថែមទាំងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទៀតផង លើសពីនេះទៅទៀត ថែមទាំងជះឥទ្ធិពលមិនល្អទៅដល់ធុរជន ដែលប្រកបរបរទទួលទានដោយស្របច្បាប់ទៀតផង ។ ហេតុនេះ ហើយទើបរាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយនេះឡើង ក្រោមការដឹកនាំ និងតម្រង់ទិសដោយផ្ទាល់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ៕

អត្ថបទដែលជាប់ទាក់ទង