អភិបាលខណ្ឌកំបូល បញ្ជាឲ្យកងកម្លាំង អនុវត្តបំរាមគោចរ ឲ្យបានម៉ឺងម៉ាត់ ដោយមិនមានការ លើកលែងចំពោះបុគ្គលដែលល្មើស នឹងបម្រាមគោចរ
ភ្នំពេញ៖ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានដាក់បទ បញ្ជាឲ្យកងកម្លាំងអនុវត្តបំរាមគោចរ ឲ្យបានម៉ឺងម៉ាត់ ដោយមិនមានការ លើកលែងចំពោះបុគ្គលដែលល្មើស នឹងបម្រាមគោលចរ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-19 នៅក្នុងសហគមន៍ប្រមុខ រាជរដ្ឋាភិបាលបានដាក់ចេញនូវ បំរាមគោចរជាថ្មី ដល់រដ្ឋបាលរាជធានីភ្នំពេញធ្វើការបិទជាបណ្ដោះអាសន្នចំពោះការធ្វើដំណើរពេលយប់ ចាប់ពីម៉ោង9:00 យប់រហូតដល់ម៉ោង3 ទាបភ្លឺ ពីថ្ងៃទី 30 ដល់ថ្ងៃទី 12ខែ សីហា ដែលមានរយៈពេល14ថ្ងៃ។ នៅយប់ថ្ងៃទី 30 ខែកក្កដានេះ ដែរសម្រាប់ខណ្ឌកំបូល ដែលជាខណ្ឌជាយក្រុងក៏មិនខុស ពីខណ្ឌដទៃទៀតដែរ គឺបានអនុវត្តយ៉ាងតឹងរ៉ឹងបំផុត ចំពោះអ្នកដំណើរទាំងឡាយណា ដែលល្មើសពីបំរាមបានកំណត់ ដើម្បីមកធ្វើការសាកសួរ។
លោកឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការ ឯកភាពខណ្ឌកំបូលលោក ឃឹម ស៊ុនសូដា បានបញ្ជាទៅអាជ្ញាធរមាន សមត្ថកិច្ចដូចជា កម្លាំងនគរបាលកងរាជអាវុធហត្ថ និងអ្នកពាក់ព័ន្ធទាំងអស់ ចំណុះរដ្ឋបាលខណ្ឌកំបូល ដែលចុះអនុវត្តនូវបំរាមគោចរ របស់រាជរដ្ឋាភិបាលនេះ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ និងមិនមានការលើកលែង ចំពោះបុគ្គលបំពានបំរាមគោចរនេះឡើយ ។ បើមានបុគ្គលណាធ្វើសកម្ម ភាពតបតឬមានអាការៈ ស្រវឹងច្រងេង ច្រងាង ជាមួយសមត្ថកិច្ចមិនចូលរួម ដោយប្រការណានោះ ត្រូវឃាត់ខ្លួនឬនាំខ្លួនទៅ កាន់អធិការនគរបាលខណ្ឌដើម្បីធ្វើការអប់រំណែនាំឬពិន័យទៅតាមនីតិវិធី។
ជាមួយគ្នានោះអាជ្ញាធរខណ្ឌ ក៏បានបញ្ជាក់ផងដែរ ត្រូវសួរនាំឲ្យបានច្បាស់លាស់ថា តើគាត់មកពីណា ហើយទៅណាមាន ជាតិស្រវឹងដែរឬទេ បើមានបង ប្អូនកម្មករកម្មការិនី ដែលទើបតែត្រឡប់មក ពីបំពេញការងារនោះ ត្រូវពិនិត្យ មើលស្ថានភាពជាក់ស្ដែង ហើយណែនាំបន្ថែម ដើម្បីឲ្យគាត់បានដឹងនិង អនុវត្តនូវបំរាមគោចរនេះ និងអនុញ្ញាតឲ្យគាត់ធ្វើដំណើរ ទៅលំនៅឋានរបស់គាត់ចុះ។
ជាមួយគ្នានោះលោកអភិបាល ក៏បានបញ្ជាឲ្យកងកម្លាំង មានសមត្ថកិច្ចទាំងអស់ បន្តការងារត្រួតពិនិត្យនេះ ដោយបែងចែកវេនគ្នាជាប់ជា ប្រចាំរហូតដល់ម៉ោង 3ទៀបភ្លឺ ធ្វើយ៉ាងនេះទើបយើងអាច ចូលរួមទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ19 ជាពិសេសជំងឺកូវីដ19 បំលែងថ្មីដែលកំពុងតែយាយី នៅក្នុងសហគមន៍របស់យើង។
សូមបញ្ជាក់ថា៖ នៅគោលដៅត្រួតពិនិត្យបំរាមគោចរ ស្ថិតក្នុងសង្កាត់កន្ទោកខណ្ឌកំបូលនេះ បានហៅអ្នកល្មើសប្រុសស្រី ជាច្រើននាក់មកធ្វើការណែនាំ និងពិន័យទៅតាមនីតិវិធី និងការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ។ ការអនុវត្តនូវបម្រាម គោចរនេះ បានធ្វើឡើងបន្ទាប់ពី ក្រសួងសុខាភិបាលបាន បង្ហាញពីការរកឃើញជំងឺកូវីដ19 បំឡែងថ្មី បានចូលមកដល់ក្នុងសហគមន៍ តាមរយៈបងប្អូនពលករចំណាកស្រុក ដែលវិលចូលមកស្រុកវិញ ពីប្រទេសជិតខាងជាច្រើននាក់ ជាពិសេសខេត្តជាប់ព្រំប្រទល់ដែនកម្ពុជាថៃ ៕ សំរិត