ឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទឆបោក លួចរូបថតទៅបង្កើតគណនី facebook ក្លែងក្លាយ ដើម្បីឆបោកយកប្រាក់ របស់អ្នកដទៃ
បាត់ដំបង ÷ នៅវេលាម៉ោង ១០និ១០នាទីព្រឹកថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២១ កងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានចុះទៅភូមិរំចេក៣ សង្កាត់រតនៈ ក្រុងនិងខេត្តបាត់ដំបង បានចាប់ខ្លួនជនសង្ស័យ០២នាក់តាមដីកាឲ្យចូលខ្លួន របស់តុលាការ ពីបទឆបោកតាមបណ្តាញសង្គមហ្វេសប៊ុក។
ជនសង្ស័យ០២នាក់ ៖ ១/ឈ្មោះលីសាន់ឆាយ ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។ ២/ឈ្មោះពុធ ជាវឌ្ឍនា ហៅសៅចាន់ណា ភេទស្រី អាយុ ២១ ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិកំពង់ឆ្នាំង ២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង តាមដីកាបញ្ជាឱ្យចូលខ្លួនលេខ ២៧៩៣លេខ២៧៩៤ ចុះថ្ងៃទី ៣ ខែសីហាឆ្នាំ ២០២១ របស់លោក ស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ពីបទលួចរូបថត ទៅបង្កើតគណនី facebook ក្លែងក្លាយ ដើម្បីឆបោកយកប្រាក់ របស់អ្នកដទៃ ក្នុងបណ្ដាញសង្គម facebook ប្រព្រឹត្តកាលពីអំឡុងខែមីនា ដល់ខែឧសភា ឆ្នាំ ២០២១។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានការិយាល័យជំនាញអាវុធហត្ថខេត្តបាត់ដំបង បានប្រគល់ឱ្យជំនាញអាវុធហត្ថខេត្តកំពង់ធំ ចាត់ការតាមនីតិវិធី៕