ប្រជាពលរដ្ឋ៣ភូមិនៅ សង្កាត់បឹងសាឡាងទទួលបានអំណោយពីសម្តេចទាំងទ្វេ ខណៈបិទខ្ទប់យកសំណាក
ភ្នំពេញ៖ ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី នៅរសៀលថ្ងៃព្រហស្បត៌ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៥ខែសីហា ឆ្នាំ២០២១ នេះត្រូវបានលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក និងលោកហែម កន ចៅសង្កាត់បឹងសាឡាង នាំយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់បិទខ្ទប់ នៅភូមិ៤ ភូមិ៦ និងភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ចំនួន ២២៤គ្រួសារ ។
លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ក្នុងឱកាសនោះ បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ទាំងអស់ កុំភ័យព្រួយឱ្យសោះសម្ដេចទាំងទ្វេមិនទុកឱ្យបងប្អូនអត់ស្បៀងដាច់ខាត ដោយសម្តេចមានតំណាងនៅគ្រប់កន្លែងជួយបងប្អូនភ្លាមៗតែម្តង ហើយអំណោយដែលត្រូវប្រគល់ជូននេះ ក្នុង០១គ្រួសារទទួលបាន អង្ករ ទឹកស៊ីអ៊ីវត្រីខ និងមី។
លោក ឯក ឃុនដឿន បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០២ សីហា បានសម្រេចបិទខ្ទប់ច្រកផ្លូវលេខ ៣៧២, ៣៧២z និងផ្លូវលេខ ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ហើយនៅពេលនេះ អាជ្ញាធរសហការជាមួយក្រុមគ្រូពេទ្យបន្តពិនិត្យយកសំណាកនៅភូមិ៤ ភូមិ៦ និងភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បន្តទៀត ។ ខណៈពេលពួកគាត់កំពុងរងចាំលទ្ធផលនៃការពិនិត្យយកសំណាក់ពីម៉ាស៊ីនធំនិងដោយមានការគិតគូរពីសម្តេចទាំងទ្វេ ទើបអោយអាជ្ញាធរខណ្ឌទួលគោកចុះយកអំណោយមកប្រគល់ជូនពួកគាត់ទាំងជាង២០០គ្រួសារនេះតែម្តង។
លោកឯក ឃុនដឿន បានសូមអោយបងប្អូនបហរជាពលរដ្ឋបន្តរចូលរួមអនុវត្ត វិធានសុខាភិបាល និង ៣ការពារ ៣កុំ ជាប្រចាំ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅនៅក្នុងសហគមន៍៕