ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សភាកម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៉ី-អឺរ៉ុប លើកទី១១ នៅពាក់កណ្ដាលខែវិច្ឆិកា

56

ភ្នំពេញ៖ កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូរសភាអាស៉ី-អឺរ៉ុប ASEP លើកទី១១ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំកិច្ចប្រជុំ ASEP11 ដើម្បីពិនិត្យពិភាក្សាលើការងារមួយចំនួន សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៉ី-អឺរ៉ុប លើកទី១១ ដែលសភាកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនាអំឡុងពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំនាពេលនេះធ្វើឡើងតាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ ដោយមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា នៃគណៈកម្មការរៀបចំទាំងអស់ ដោយធ្វើការពិភាក្សា និងត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់អនុគណៈកម្មការទទួលបន្ទុកតាមផ្នែកនីមួយៗ ជាពិសេសអនុគណៈកម្មការទទួលបន្ទុកផ្នែកខ្លឹមសារ និងឯកសារ និងអនុគណៈកម្មការទទួលបន្ទុកផ្នែកព័ត៌មាននិង ICT សំដៅធ្វើយ៉ាងណាឱ្យកិច្ចប្រជុំ ASEP11 ខាងមុខ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានជម្រាបជូនអង្គប្រជុំថា រហូតមកដល់ពេលនេះ សម្ដេចប្រធានរដ្ឋសភា សម្ដេចប្រធានព្រឹទ្ធសភា និងសម្ដេចនាយករដ្ឋមន្ត្រី បានឯកភាពជាគោលការណ៍រួចហើយ ឲ្យរៀបចំកិច្ចប្រជុំ (ASEP-11) តាមរយៈអនឡាញ (Online) ឬហៅថាប្រព័ន្ធនិម្មិត (Virtual Meeting) ផ្សាយចេញពីរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ គឺបានន័យថា កិច្ចប្រជុំ (ASEP-11) ធ្វើមុនកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣ (ASEM13) របស់រាជរដ្ឋាភិបាលជាងមួយសប្ដាហ៍ប៉ុណ្ណោះ។

ក្នុងឱកាសនោះដែរ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានជាតិ ASEP-11 បានអញ្ជើញធ្វើរបាយការណ៍សង្ខេបអំពីលទ្ធផលការងារត្រៀមសម្រាប់ការរៀបចំកិច្ចប្រជុំខាងលើ បន្ទាប់មកសមាជិកនៃអង្គប្រជុំពេលនេះ ក៏បានចូលរួមមតិយោបល់ ពិភាក្សាយ៉ាងក្បោះក្បាយផងដែរ។

កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ក៏បានជំរុញដល់អនុគណៈកម្មការនានា ចំណុះគណៈកម្មការរៀបចំ បន្តធ្វើការងារតាមមុខសញ្ញារៀងៗខ្លួន ជាពិសេស អនុគណៈកម្មការទី៤ (សារព័ត៌មាន និង អាយ ស៉ី ធី) សិក្សាជាមួយអង្គភាពជំនាញនានា សំដៅធ្វើយ៉ាងណា ត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាឲ្យកិច្ចប្រជុំតាមប្រព័ន្ធនិម្មិតនេះ ប្រព្រឹត្តទៅដោយរលូន និងជៀសវាងភាពរអាក់រអួល។ ម្យ៉ាងទៀត លេខាធិការដ្ឋានជាតិASEP11 ត្រូវរៀបចំការងារនិងឯកសារនានាពាក់ព័ន្ធកិច្ចប្រជុំ ASEP11 ដោយរាល់ខ្លឹមសារឯកសារទាំងអស់ពាក់ព័ន្ធកិច្ចប្រជុំនេះ ត្រូវដាក់ជូនអនុគណៈកម្មការទី១ ទទួលបន្ទុកខ្លឹមសារនិងឯកសារ ដែលមាន លោកកិត្ដិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ជាប្រធាន ធ្វើការពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច។

ចំពោះលិខិតអញ្ជើញ ដែលសម្តេចប្រធានរដ្ឋសភា និងសម្តេចប្រធានព្រឹទ្ធសភា បានចុះហត្ថលេខារួចហើយ ព្រមទាំងឯកសារពាក់ព័ន្ធនានា លោកកិត្តិនីតិកោសលបណ្ឌិត បានណែនាំឲ្យធ្វើការផ្ញើជូនប្រទេសជាសមាជិកឲ្យបានឆាប់ គឺត្រូវផ្ញើចេញឲ្យបានមុនថ្ងៃទី១៦ ខែសីហាឆ្នាំ២០២១នេះ ពោលឲ្យបានបីខែ មុនកាលបរិច្ឆេទ នៃកិច្ចប្រជុំ ដូចដែលធ្លាប់បានអនុវត្តនាពេលកន្លងមក។

លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ក៏បានស្នើឲ្យក្រុមការងារលេខាធិការដ្ឋាន (ASEP11) បន្តធ្វើទំនាក់ទំនង ជាប្រចាំជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងទំនាក់ទំនងជាមួយមន្ត្រីសម្របសម្រួលការងារ ASEP នៅទីក្រុងប៊្រុយស៊ែល ដើម្បីធ្វើយ៉ាងណាឱ្យការរៀបចំកិច្ចប្រជុំនេះ ប្រព្រឹត្តទៅបានរលូន និងទទួលបានជោគជ័យប្រកបដោយកិត្តិយស។

សូមជម្រាបជូនថា ការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៉ី-អឺរ៉ុបលើកទី១១ (ASEP11) តាមរយៈអនឡាញ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ គឺជាលើកទី១ហើយ សម្រាប់សភាកម្ពុជា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ដែលត្រូវទទួលរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិតាមរយៈអនឡាញបែបនេះ៕

អត្ថបទដែលជាប់ទាក់ទង