ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្ដកំពត-បើទោះជាក្នុងដែនសមុទ្រ ពុំមាន កោះច្រើនដូចនៅខេត្តកែប ប៉ុន្តែដែន កោះនិមួយៗពោរពេញទៅដោយវិសាលភាព ទេសភាពស្អាតបំផុត

97

កំពត ៖ ទោះជាក្នុងដែនសមុទ្រខេត្តកំពតពុំសូវមានកោះច្រើនដូចក្នុងលម្ហសមុទ្រខេត្តកែបក៏ពិតមែន ប៉ុន្តែកោះនៅក្នុងលម្ហនៃដែនសមុទ្រខេត្តកំពត ពិតជាមានវិសាលភាព ថែមទាំងមានសក្តានុពលមិនខុសគ្នានឹងបណ្តាកោះនៅខេត្តកែបឡើយ ហើយបរិយាកាសនៅទីនោះ ក៏មានភាពទាក់ទាញ និងមានខ្យល់ជំនោរដ៏ត្រជាក់គួរជាទីមនោរម្យផងដែរ។
យ៉ាងណាមិញ បើតាមប្រសាសន៍ លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានឱ្យដឹង នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ថា ថ្វីត្បិតដែនសមត្ថកិច្ចខេត្តកំពតមានវិសាលភាពធំធេង ប៉ុន្តែដែនកោះនៅក្នុងលម្ហសមុទ្រខេត្តកំពត ពុំសូវមានច្រើនប៉ុន្មានទេ។ទោះជាបែបណា លោកប្រធានបានសង្កត់ធ្ងន់ថា បច្ចុប្បន្ននៅតាមដែនកោះដូចជាកោះសេះដែលជាកោះលាតសន្ធឹងធំជាងគេក្នុងចំណោមកោះទាំងអស់ ត្រូវបានអង្គការជាដៃគូ កំពុងធ្វើការអភិវឌ្ឍន៍ជាបណ្តើរៗហើយ។
លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានប្រាប់ឱ្យដឹងដែរថា ក្នុងដែនសមុទ្រខេត្តកំពតមានកោះចំនួន៣ រួមមាន៖១/-កោះសេះ ដែលជាកោះធំ ជាងគេ,២ /-កោះគី,និងទី៣/-កោះត្រងោល ឬហៅថ្មប៉ប្រាសទឹក ព្រោះកោះត្រងោលនេះពុំមានស្មៅដុះ ឬដុះដើមឈើ នោះឡើយ គឺគ្របដណ្តប់ដោយថ្មនៅលើផ្ទៃកោះទាំងមូលតែម្តង។លោកបានបញ្ជាក់បន្ថែមថា ក្រៅពីកោះចំនួន៣នៅក្នុងលម្ហសុទ្រមុទ្រ យើងក៏មានរាប់បញ្ចូលកោះ២ផ្សេងទៀតដែលនៅជាប់មាត់ពាមនៃឆ្នេរសមុទ្រខេត្តកំពត ដូចជាកោះស្មៅ និងកោះធំ ហើយកោះស្មៅដែលស្ថិតមាត់ឆ្នេរ ក៏ត្រូវបានធ្វើការអភិរក្សដោយបណ្តុះនិងដាំដើមកោងកាងជាច្រើនឆ្នាំមកហើយដែរ។
សូមបញ្ជាក់ថា ៖ បើទោះជាក្នុងដែនសមុទ្រខេត្តកំពត មានកោះតិចជាងដែនសមុទ្រខេត្តកែប ប៉ុន្តែបើយើងក្រលេកមើលទិដ្ឋភាពទូទៅនៃកោះនិមួយៗ យើងពិតជាមានអារម្មណ៍ស្រស់ស្រាយ ដោយសារយើងបានគយគន់ទេសភាពពីចម្ងាយនៃប្រជុំកោះដែលផុសនៅលើផ្ទៃទឹកសមុទ្រដ៏ល្វឹងល្វើយដាច់កន្ទុយភ្នែក។ ជាងនេះទៅទៀត ជារៀងរាល់ថ្ងៃគេតែងតែឃើញក្រុមអ្នកទេសចរជិះទូកលម្ហែ កម្សាន្តដើម្បីគយគន់ទេសភាព និងស្រូបយក ខ្យល់ អាកាសដ៏បរិសុទ្ធនៅតាមដែនកោះនៃសមុទ្រខេត្តកំពតផងដែរ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង