ឯកឧត្តម ងួន រតនៈ ចុះជួបសំណេះសំណាល និងរងចាំទទួលពលករមកពីប្រទេសថៃជិត៤០០នាក់ វិលត្រឡប់ចូលស្រុកកំណើតវិញ
បាត់ដំបង៖ នៅព្រឹកថ្ងៃសុក្រ ៥កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំគណៈប្រតិភូរួមមាន លោក អភិបាលរង នៃគណៈអភិបាលខេត្ត ព្រមទាំងលោកប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត បាន អញ្ជើញជួបសំណេះសំណាល និងចាំទទួលពលករត្រឡប់មកពីប្រទេសថៃជិត៤០០នាក់ នៅច្រកទ្វារតំបន់ព្រំដែនកម្ពុជា ថៃ សួន ស៊ុំ (អូរអន្លក់) នៃស្រុកកំរៀង និងច្រករបៀង តាមបណ្ដោយព្រំដែនកម្ពុជា ថៃ នៃស្រុកសំពៅលូន ដែលជាប់គាំងនៅក្នុងប្រទេសថៃ ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាមានវិធានការបិទខ្ទប់ខេត្តជាប់ព្រំដែន ជាពិសេសខេត្តបាត់ដំបង រយៈពេល ១៤ ថ្ងៃ ក្នុងន័យដើម្បីធ្វើការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលក្នុងសហគមន៍នៃវីរុសកូវីដ-១៩ បំលែងថ្មីប្រភេទដែលតា(Delta) ដែលបានបញ្ចប់នៅម៉ោង ២៣:៥៩នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។
សូមបញ្ជាក់ផងដែរថា សម្រាប់ពលករដែលជាប់គាំងនោះ ដែលបានវិលត្រឡប់មកវិញមានចំនួន ៣៩៩នាក់ ដោយមកពី ពីរច្រកផ្សេងគ្នា ក្នុងនោះមកពីច្រកទ្វារតំបន់ព្រំដែន សួន ស៊ុំ (អូរអន្លក់) នៃស្រុកកំរៀង ចំនួន២៨៧នាក់ និងមួយច្រកទៀតមកពីតំបន់ច្រករបៀង ដែលនៅតាមបណ្ដោយព្រំដែនកម្ពុជា ថៃ ស្ថិតក្នុងស្រុកសំពៅលូន ចំនួន១១២នាក់ ហើយ សម្រាប់ពលករទាំងអស់ ដែលអនុញ្ញាតចូលមកស្រុកកំណើតវិញ ត្រូវបានរៀបចំចុះឈ្មោះ និងយកសំណាក តេស្ដរហ័ស ក្នុងករណីមានលទ្ធផលវិជ្ជមាន ក្រុមការងារ នឹងរៀបចំដាក់គាត់ព្យាបាលនៅតាមណ្ឌលព្យាបាលព្រំដែន ដែលអជ្ញាធរបានរៀបចំ ចំណែកអ្នកលទ្ធផលអវិជ្ជមាន នឹងដឹកជញ្ជូនពួកគាត់ធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ដែលនៅតាមបណ្ដោយព្រំដែន ចំនួន១៤ថ្ងៃទៀត មុននឹងធ្វើការដឹកជញ្ជូនពួកគាត់ទៅបណ្ដាស្រុក ឬខេត្តកំណើតរៀងៗខ្លួន ។
នៅក្នុងការបេីកឱ្យដំណេីរការព្រំដែនឡេីងវិញនេះ កងកម្លាំងយោធពលខេមរភូមិន្ទ បានយករថយន្តដែលជាអំណោយរបស់សម្តេចនាយករដ្ឋមន្ត្រី ដឹកពលករដែលកំពុងជាប់គាំងនៅព្រំដែនក្នុងទឹកដីថៃ ប្រមាណជិត៤០០នាក់ ចូលមកក្នុងប្រទេកម្ពុជាវិញ ដេីម្បីបញ្ជូនពួកគាតទៅ
ព្យាបាលជំងឺ និងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក តាមខ្សែបន្ទាត់ព្រំដែននៃខេត្តបាត់ដំបងផងដែរ ៕